សង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌

សង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌

Share This

សង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌

ឦទិសេ ច វរោកាសេ នវកព្វស្សសម្មតេ
ជីវិតំ ឧត្តមំ ហោតិ ធម្មប្បទំ បវត្តិតំ.


ការមានសេចក្ដីសុខពិតប្រាកដ មិនស្ថិតនៅលើការប្រាថ្នាអ្វីមួយ ហើយបានសម្រេចដូចការប្រាថ្នានោះទេ ប៉ុន្តែវាស្ថិតនៅលើវិធីការថាធ្វើយ៉ាងណា ទើបសមគួរដល់សេចក្តីប្រាថ្នានោះ និងមានជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ សេចក្តីសុខមិនស្ថិតនៅលើវត្ថុឬរបស់អ្វីៗដែលប្រែប្រួលគ្រប់ពេលវេលានោះទេ ប៉ុន្តែសេចក្តីសុខកើតពីការធ្វើចិត្តឲ្យសម្រាកពីការប្រកាន់ខ្ជាប់អ្វីៗដែលជារបស់មិនទៀងទាត់នោះ នេះឯងគឺជាប្រភពនៃសេចក្ដីសុខពិតប្រាកដរបស់មនុស្ស ព្រោះសេចក្ដីសុខមិនអាស្រ័យលើការបានតបស្នងសេចក្ដីប្រាថ្នាដែលឥតព្រំដែននោះឡើយ នរណា ៗក៏មានសេចក្តីប្រាថ្នាដែរ ប៉ុន្តែសេចក្តីប្រាថ្នានោះគួរតែមានអ្វីមួយមកជាគ្រឿងទប់ស្កាត់ដើម្បីបានជាប្រយោជន៍ដល់ម្ចាស់សេចក្តីប្រាថ្នាខ្លះ ពុទ្ធធម៌មានចំណែកជួយទប់ស្កាត់សេចក្ដីប្រាថ្នាឥតព្រំដែនរបស់មនុស្សបាន សេចក្តីប្រាថ្នាឥតព្រំដែនរបស់មនុស្សប្រៀបដូចជាទឹកមហាសមុទ្រ ពុទ្ធធម៌ប្រៀបដូចជាគ្រឿងចម្រាញ់ទឹកសមុទ្រឲ្យុក្លាយជាទឹកសាបអាចបរិភោគបាន តាមធម្មជាតិ មនុស្សតែងតែមានសេចក្ដីប្រាថ្នាថ្មីៗ ជារឿយ ៗ ប្រៀបដូចជាទឹកតាមធម្មជាតិតែងតែហូរទៅជារឿយ ៗបើគ្មានអ្វីទប់ស្កាត់ទេ កាលបើដូច្នេះ វិចារណជនទាំងឡាយត្រូវសិក្សាឈ្វេងយល់និងបដិបត្តិចំពោះរឿងថ្មី រឿងចាស់ឲ្យបានត្រឹមត្រូវ រឿងថ្មី ឬ របស់ថ្មី ជួនកាលមិនអាចទទួលបានតែរហូតនោះទេ ឧទាហរណ៍ជាក់ស្ដែង ដូចជា រាងកាយនេះនៅពេលចាប់កំណើតកើតមកដំបូង វាហាក់ដូចជារបស់ថ្មីដែលទើប តែ ផលិតមកដូច្នោះ ព្រមជាមួយនឹងការកើតនោះ ទ្រនិចនៃពេលវេលាក៏ចាប់ផ្តើមដើរទៅមុខទំពាស៊ីរាងកាយនោះបន្តិចម្តង ៗ រហូតដល់អាយុកាលកន្លងទៅ រាងកាយនោះក៏ប្រែប្រួលទៅតាមច្បាប់ធម្មជាតិ ដែលគេឯងដឹងថាជាច្បាប់នៃវិវឌ្ឍនាការ ពោលគឺ រយៈកាលដំបូងជនដែលចាប់កំណើតក៏ចម្រើនវ័យជាកម្លោះឬក្រមុំ បន្ទាប់ពីនោះក៏ចូលដល់ជរា រាងកាយដែលហៅថារបស់ថ្មីនោះក៏ទ្រុឌទ្រោមថមថយទៅតាមលំដាប់ នៅទីបំផុតក៏ដល់នូវការបែកធ្លាយទៅដោយគ្មានអ្នកណាអាចទប់ស្កាត់បានទេ ។

ព្រោះហេតុនោះ ទើបកើតពាក្យថា ចាស់ និង ថ្មី អតីតៈ និង បច្ចុប្បន្ន ជាដើម ប្រសិនបើយើងមិនព្រមទទួលស្គាល់ចំណុចនេះទេ ហើយត្រូវការតែរឿងថ្មី ឬ របស់ថ្មីជារឿយ ៗ អាចចាត់ទុកថាជាការជំទាស់នឹងច្បាប់នៃធម្មជាតិបាន ព្រោះមនុស្សយើងមិនអាចបានតែរបស់ថ្មីរហូតទេ ផ្ទុយទៅវិញ ត្រូវបានរបស់ចាស់ផងដែរ ព្រោះថាមានរបស់ចាស់ដែលចំបាច់ ហើយរបស់ថ្មីដែលលំអោនចូលមកក៏ត្រូវក្លាយជារបស់ចាស់ទៅតាមកាលវេលា ពោលគឺ យើងមានរបស់ចាស់ដែលត្រូវពាក់ព័ន្ធក្នុងឱកាសលោក ជាការពិតណាស់ ឱកាសលោកនេះជារឿងរបស់សង្ខារ ដែលប្រព្រឹត្តទៅតាមច្បាប់ត្រៃលក្ខណ៍ គឺ សេចក្តីមិនទៀងទាត់ ប្រែប្រួល គ្មានគ្រឿងទប់ស្កាត់ ប្រកបដោយចរន្ត ៣ គឺ កើតឡើង តំាងនៅ និង រលត់ទៅ ថ្មីក៏ក្លាយជាចាស់ ចាស់ក៏ផុតរលត់ទៅ នៅពេលចំបាច់ត្រូវជួបប្រទះរបស់ចាស់ តើគួរធ្វើយ៉ាងណា ចាស់ថ្មីពិតប្រាកដស្ថិតនៅត្រង់ណា ?

ចាស់ក៏ជាសង្ខារ ថ្មីក៏ជាសង្ខារ ហេតុនោះ ចាស់ឬថ្មីមិនសំខាន់ទេ ប៉ុន្តែសំខាន់នៅត្រង់ចិត្តយល់ដឹងទាន់ចរន្តទាំង ៣ នៃសង្ខារនោះឬទេ បើមានអារម្មណ៍ទោមនស្ស អាក់អន់ស្រពន់ចិត្ត កើតកង្វល់ខ្វល់ព្រួយ ធុញថប់ នេះជាលក្ខណ:នៃចិត្តចាស់ បើមានអារម្មណ៍សោមនស្ស រីករាយ ស្រស់ថ្លា នេះជាលក្ខណ:នៃចិត្តថ្មី កាលបើយល់ដឹងលក្ខណៈនៃចិត្តចាស់ឬថ្មីយ៉ាងនេះហើយ យើងប្រាកដជាអាចធ្វើចិត្តឲ្យស្ថិតនៅលើគន្លងផ្លូវណាមួយដែលប្រាថ្នាបាន ជាទូទៅ មនុស្សយើងច្រើនតែត្រូវការរបស់ថ្មី ហេតុនោះ ទាក់ទងនឹងធម្មជាតិនៃចិត្ត យើងក៏គួរតែធ្វើចិត្តឲ្យជាធម្មជាតិថ្មីជានិច្ច បើធ្វើបានរាល់ថ្ងៃ របស់ចាស់ក៏រលត់ផុតទៅឯង ។

រឿងសង្រ្កាន្តឆ្នាំថ្មី ឬ ពិធីចូលឆ្នាំថ្មីនេះគ្រាន់តែជាឧបាយមួយរបស់មនុស្សដែលចង់ធ្វើឲ្យចិត្តរបស់ខ្លួនមានអារម្មណ៍សោមនស្ស រីករាយ ស្រស់ថ្លា ជាហេតុនាំឲ្យកើតទំនៀមទម្លាប់ និយមថាជាសិរីសួស្តីក្នុងឆ្នាំថ្មី ប៉ុន្តែថ្ងៃ ខែ ឆ្នាំ ក៏រំកិលវិលទៅមុខជារឿយ ៗតាមធម្មតារបស់ខ្លួន មានសំណួរជ្រែក មក ថា ការដែលយើងមានសេចក្ដីសប្បាយរីករាយនោះ កើតមកពីអ្វី? ចម្លើយ គឺ កើតមកពីចិត្តរបស់យើងនេះឯង មិនមែនកើតមកពីថ្ងៃ ខែ ឆ្នាំអ្វីទេ

យកថ្មីជាព្រះ យកចាស់ជាមេរៀន

ឆ្នាំចាស់គេនិយមថាជាឆ្នាំសៅហ្មង អពមង្គល ឬថា ជាឆ្នាំស៊យ ត្រូវបណ្តោយចោលទៅតាមកាលវេលា ចំណែកខាងឆ្នំាថ្មីគេនិយមថាជាឆ្នាំប្រណីត សុភមង្គល ឬថាជាឆ្នាំហេង ត្រូវចាប់ផ្តើមទទួលសិរីសួស្ដី តទៅ ហេតុនោះ មនុស្សទើបសម្ដែងសេចក្ដីស្រឡាញ់ គោរព រាប់អាន ប្រាថ្នាល្អ មានមេត្រីភាពចំពោះគ្នាទៅវិញទៅមក ម្នាក់ ៗ សម្ដែងមេត្តាករុណាចំពោះគ្នា ឆ្នាំថ្មីមិនមែនជាឆ្នាំសម្តែងអាឃាតព្យាបាទចំពោះគ្នាទេ ទោះបីលើសលស់ខ្វះខាតម្តេចម្តា មនុស្សមនាក៏អត់ឱនយោគយល់គ្នាបាន សូមស្មាលាទោសគ្នាទៅវិញទៅមក ជូនពរគ្នាក្នុងឱកាសឆ្នាំថ្មី អ្នកសូមស្មាលាទោសក៏ទទួលបានសេចក្ដីសុខ អ្នកឲ្យអភ័យទោសក៏ទទួលបានសេចក្តីសុខ ឃើញថា សេចក្តីសុខនេះកើតមកពីមេត្រីភាព មិត្តភាព ភាតរភាព សេចក្តីប្រាថ្នាល្អរបស់គ្នាទៅវិញទៅមក អ្វីទាំងអស់នេះចង្អុលបង្ហាញឲ្យឃើញថា ភាពថ្មីមានឥទ្ធិពលចំពោះចិត្តគំនិតយ៉ាងពិតប្រាកដ សេចក្ដីស្រឡាញ់ សេចក្តីប្រាថ្នាល្អនិងមិត្តភាពចាត់ជាគន្លងធម៌ដែលគួរអប់រំចម្រើនដើម្បីឲ្យទទួលបានចិត្តសប្បាយរីករាយ សោមនស្ស ។

កាលបើយល់ដឹងយ៉ាងនេះហើយ មិនត្រូវអង្គុយរង់ចាំពេលវេលាដែលជារឿងសន្មតិនោះមកជួយបង្កើតភាពថ្មីទេ ប៉ុន្តែអាចនាំយកពុទ្ធធម៌មកធ្វើចិត្តរបស់ខ្លួនឲ្យថ្មីបានរាល់ថ្ងៃ ព្រមទំាង បដិបត្តិធម៌ ដូចជា មេត្តា គឺ សេចក្ដីស្រឡាញ់ ប្រាថ្នាល្អ សទ្ធា គឺ ជំនឿជឿជាក់ចំពោះព្រះរតនត្រ័យ សតិ គឺ សេចក្តីភ្ញាក់រលឹកក្រវើនក្រតើនសាងអំពើល្អ និង បញ្ញា គឺ អប់រំខ្លួនឯងឲ្យមានប្រាជ្ញាស្មារតីភ្លឺថ្លា ជាដើម កាលបើសច្ចធម៌ទំាងនេះកើតមានក្នុងចិត្តហើយ យើងក៏មានសេចក្ដីរីករាយ សប្បាយចិត្ត មានអ្វី ៗ ថ្មីជានិច្ច ព្រោះ ឈ្មោះថា ថ្មី គឺ សច្ចធម៌នេះរួចផុតពីភាពចាស់ ថ្មីជាអមត: ថ្មីគ្រប់កាល សច្ចធម៌ថ្មី ទាន់សម័យជានិច្ច តាមពិតទៅ សច្ចធម៌មិនអាស្រ័យកាលវេលាទេ ព្រោះថា សច្ចធម៌គ្មានចាស់គ្មានថ្មីឡើយ ជាសភាវ:គង់វង់ស្ថិតស្ថេរ មិនចាស់គ្រាំគ្រាព្រោះជរាព្យាធិដូចគ្រឿងតាក់តែងទាំងពួងឡើយ សមដូចពុទ្ធសុភាសិតថា ជីរន្តិ វេរាជរថា សុចិត្តា រាជរថទោះស្អិតស្អាងស្រស់ល្អយ៉ាងណា ក៏នៅតែចាស់គ្រាំគ្រាដោយកាលវេលា ប៉ុន្តែសច្ចធម៌របស់សប្បុរសមិនចេះចាស់គ្រាំគ្រាដោយកាលវេលាទេ សតញ្ច ធម្មោ ន ជរំឧបេតិ

សច្ចធម៌ គឺ សភាវៈពិត សេចក្ដីពិតដែលមិនប្រែប្រួល មិនស្លាប់ មិនចេះចាស់ កាលបើមិនចេះចាស់ ក៏មិនថ្មី យ៉ាងណាមិញ អំពើល្អក៏ដូចគ្នា យើងប្រព្រឹត្ត យើងធ្វើនៅពេលណា នៅពេលនោះក៏ជាអំពើល្អ ព្រោះហេតុនោះ សច្ចធម៌ទើបជាសភាវៈមិនចាស់ មិនថ្មី ប៉ុន្តែជាសភាវៈពិតស្ថិតនៅជាអមត: ។

នៅពេលត្រូវការប្រាថ្នាឲ្យខ្លួនរួចផុតពីការគ្របសង្កត់នៃពេលវេលាដែលមានចាស់មានថ្មី យើងគួរយកសច្ចធម៌មកទុកក្នុងចិត្ត ប្រព្រឹត្តបដិបត្តិសច្ចធម៌នោះគ្រប់ពេល ចាស់ថ្មីក៏មិនសំខាន់ ប៉ុន្តែសំខាន់នៅត្រង់សច្ចធម៌និងការបដិបត្តិសច្ចធម៌នោះ រហូតដល់ប្រែក្លាយជាអមត:មិនស្លាប់ ជីវិតក៏មិនស្លាប់ព្រោះយល់ដឹងនិងសាងសច្ចធម៌ទុកជាភស្តុតាង ហាក់នឹងថាជាមនុស្សមិនពឹងអាស្រ័យទៅលើពេលវេលា ពោលគឺ មិនបណ្ដោយឲ្យពេលវេលាមកគ្របសង្កត់ចិត្តបានទេ គ្មានចាស់ គ្មានថ្មី ចិត្តមានសេរីភាពប្រាសចាកកិលេស ព្រោះប្រាសចាកការគ្របសង្កត់របស់កាលវេលា ។

ហេតុដូច្នេះ ពុទ្ធសាសនិកជនទំាងឡាយអាចទាញយកប្រយោជន៍ពីភាពថ្មីនៃកាលវេលាបានក្នុងទស្សន:ថា

១. ធ្វើខ្លួនឲ្យជាមនុស្សថ្មីដោយសច្ចធម៌គ្រប់ពេល មានចិត្តស្អាតបរិសុទ្ធ ផូរផង់ រីករាយ
២. ធ្វើជីវិតខ្លួនឲ្យជាអមត: ជាជីវិតមិនស្លាប់ ដោយនាំយកសច្ចធម៌ដែលជារបស់មិនស្លាប់មកប្រព្រឹត្តបដិបត្តិរាល់ថ្ងៃ យកមកចម្រើនទុកក្នុងចិត្តនិងការបដិបត្តិកិច្ចវត្តរបស់ខ្លួន ព្រោះធម្មគុណ មួយបទបានពោលថា អកាលិកោ ប្រែថា មិនប្រព្រឹត្តតាមទៅកាលវេលា ទោះប្រព្រឹត្តពេលណា ក៏ឲ្យផលពេលនោះ

មេត្តា គឺ សេចក្ដីស្រឡាញ់ សេចក្ដីប្រាថ្នាល្អ យើងនាំយកមកទុកក្នុងចិត្តពេលណា ពេលនោះចិត្តរបស់យើងក៏ស្រស់ថ្លា សោមនស្ស សប្បាយរីករាយ ជាចិត្តល្អបរិសុទ្ធជានិច្ច
សទ្ធា យើងសាបព្រោះ បណ្ដុះទុកក្នុងចិត្ត រលឹកនឹកដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុណ្យ កុសលពេលណា ចិត្តក៏ផូរផង់ មានកម្លាំងថាមពលពេលនោះ

សតិ កើតឡើងនៅពេលណា ចិត្តរបស់យើងក៏មានបង្គោល ឬ បង្អែកជាទីអាស្រ័យ អាចហាមឃាត់គ្របសង្កត់អំពើអាក្រក់ទំាងឡាយបាន ចេះជ្រើសរើសយកអំពើល្អមកគិតពិចារណា មកធ្វើបដិបត្តិបាន

បញ្ញា កើតឡើងនៅពេលណា នៅពេលនោះចិត្តរបស់យើងក៏ភ្លឺស្វាង ស្រស់ស្រាល យល់ដឹងស្ថានភាពទាំងពួងតាមសេចក្ដីពិត ឃើញផ្លូវដែលត្រឹមត្រូវបាន ព្រោះហេតុនេះ ធម៌ទើបចាត់ជា អកាលិកោ ប្រែថា មិនកំណត់កាលវេលា អ្វីទាំងអស់នេះចាត់ជាប្រយោជន៍ដែលពុទ្ធសាសនិកជនត្រូវយកមកបដិបត្តិនៅពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ ។

យកថ្មីជាព្រះ យកចាស់ជាមេរៀន
សំវច្ឆរស្ស បូរាណំ អតិក្កន្តំ អតីតតោ
មគ្គទេសកមុប្បន្នំ នវកំ តុ អនាគតេ.
រឿងចាស់នៃឆ្នាំកន្លងទៅដោយភាពជាអតីតៈ
ចំណែករឿងថ្មីបច្ចុប្បន្នជាគ្រឿងបង្ហាញផ្លូវទៅអនាគត ។
ខាងផ្នែកតារាសាស្រ្តបូរាណនិងហោរាសាស្រ្ត សង្ក្រាន្ត បានដល់ ការដែលព្រះអាទិត្យគោចរផ្លាស់ប្តូររាសីពីក្រុមផ្កាយមួយទៅកាន់ក្រុមផ្កាយមួយទៀត ។

ការគោចរផ្លាស់ប្តូរទៅយ៉ាងនេះ បានដល់ ការកន្លងទៅនៃពេលវេលា នៅពេលមហាសង្ក្រាន្តមកដល់ម្ដង ៗ ក៏មានន័យថា ពេលវេលាកន្លងទៅបានមួយឆ្នាំ កាលបើពេលវេលាកន្លងទៅ អ្វី ៗក៏មានការផ្លាស់ប្ដូរប្រែប្រួលទៅតំាងពីជីវិតនិងវ័យរបស់មនុស្ស សត្វ ឬ ធម្មជាតិ អាយុកាលរបស់អ្វីៗទាំងអស់នោះក៏នៅសល់តិចទៅ ៗ តាមលំដាប់ដំណើរប្រែប្រួលនេះឯងជាគ្រឿងដាស់តឿនសតិស្មារតីវិចារណជនទាំងឡាយឲ្យរលឹកនឹកដល់អតីត:ដែលខុសឆ្គងនិងគិតផ្គងអនាគតដែលត្រូវដោះស្រាយ អ្វីដែលខុសឆ្គងចាត់ជាមេរៀនកន្លងទៅនិងស្វែងរកឱកាសសម្រាប់លះបង់ឬដោះស្រាយ អ្វីៗដែលល្អក៏ចងចាំទុក ហើយយកមកប្រព្រឹត្តបដិបត្តិបន្តទៀតដើម្បីសេចក្ដីសុខចម្រើនតទៅ និងត្រូវដើរលើគន្លងផ្លូវមិនប្រមាទធ្វេសប្រហែស ប៉ុន្តែប្រញាប់ប្រញាល់ខ្វល់ខ្វាយ បំពេញកិច្ចសមគួរដល់ខ្លួនយ៉ាងអស់ពីសមត្ថភាព

សង្ក្រាន្ត ដែលប្រែថា កន្លងទៅ ដោយល្អ ឆ្លុះបញ្ចាំងដល់អតីតៈដែលកន្លងទៅ ពោលគឺ អ្វីៗដែលកន្លងទៅ ឬថា កន្លង ហួស ក្នុងន័យថា ខុសឆ្គងដែលមិនអាចស្តារបាន ក៏គប្បីបំភ្លេចចោល កាត់ចិត្តលះបង់អតីតៈដែលជូរចត់ទាំងនោះដោយទឹកចិត្តប្រកបដោយអភ័យទាន ដើម្បីឈានទៅរកអ្វីដែលល្អប្រសើរជាងនោះ ។

សង្ក្រាន្ត ដែលប្រែថា ឈានទៅព្រមគ្នា ឆ្លុះបញ្ចាំងដល់អនាគតដែលត្រូវដោះស្រាយនិងធ្វើកិច្ចការរបស់ខ្លួនតទៅដោយសហការគ្នា ពោលគឺ បើជាបច្ចេកបុគ្គល ត្រូវធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អដោយភ្ជាប់ទំនាក់ទំនងនឹងអ្នកដទៃ បើជាគ្រួសារ ត្រូវស្រឡាញ់យោគយល់គ្នាដោយចិត្តមេត្តាករុណា បើជាក្រុមការងារឬរដ្ឋបាល ត្រូវសម្លឹងមើលសាមគ្គីភាពឬសហប្រតិបត្តិការជាគ្រឹះសម្រាប់ផលប្រយោជន៍រួម ព្រោះមហាសង្ក្រាន្តជាវេលាសម្រាប់មនុស្សគ្រប់រូបដែលត្រូវផ្សាភ្ជាប់សមានចិត្តរបស់គ្នានិងគ្នា សម្ដែងសេចក្តីព្រមព្រៀងសាមគ្គី មានមេត្រីចិត្តយឹតយោងគ្នាធ្វើកិច្ចសហប្របត្តិការដើម្បីប្រយោជន៍រួម និងជួយរុញច្រានសង្គម សហគម និង ប្រទេសជាតិឲ្យឈានឆ្ពោះទៅកាន់អភិវឌ្ឃនកម្មសេចក្តីចម្រុងចម្រើនរុងរឿងដូចអារ្យប្រទេសដទៃក្នុងលោក ។

និង សង្ក្រាន្ត ដែលប្រែថា ឈានទៅជាមួយគ្នាមានន័យថា មនុស្សទំាងឡាយ ទោះបីរស់នៅទីកន្លែងផ្សេងៗគ្នាក៏ដោយ លុះដល់វេលានេះ ពោលគឺ មហាសង្ក្រាន្តនេះមកដល់ ក៏ធ្វើដំណើរទៅរកគ្នា ទៅជួបជុំគ្នាជាមហាគ្រួសារ មិត្រភក្តិ បក្សពួក ក្រុមគណៈ ជាដើម យោងតាមលំអាននេះ អ្នកដែលមានទំនាស់ទាស់ទែងខ្វែងគំនិតគ្នា ឬ ឈ្លោះប្រកែកបែកបាក់គ្នាដោយប្រការណាមួយ ក៏អាចយកពេលវេលានៃមហាសង្ក្រាន្តនេះផ្សះផ្សាគ្នា រួបរួមគ្នា អត់ឱនអភ័យទោសឲ្យគ្នាទៅវិញទៅមក ពោលគឺ បែរមុខមករកគ្នា ចាប់ដៃ រលាក់ដៃ សំពះ គោរពគ្នាដើម្បីកសាងសមានចិត្តយោគយល់ មិត្តភាព សាមគ្គីភាព និង ភារតភាពឡើង ធ្វើឲ្យកើតភាពរឹងមាំ គឺ ស្ថេរភាពនិងសន្តិភាពឡើងក្នុងសង្គម ។

ជាទូទៅ នៅពេលមហាសង្រ្កាន្តមកដល់ គេតែងតែលើកយករឿងនិទានកបិលមហាព្រហ្ម និងធម្មបាលកុមារមកជាគ្រឿងឆ្លុះបញ្ចាំង ប៉ុន្តែនៅទីនេះសូមមិនលើកយកមកតំណាលទេ ប៉ុន្តែសូមលើកយកទស្សនវិជ្ជាជីវិតមកជាគ្រឿងឆ្លុះបញ្ចាំងវិញដើម្បីបានជាគតិធម៌សម្រាប់ការគិតពិចារណា
តាមនិទានរឿងនោះបានឆ្លុះបញ្ចាំងឲ្យឃើញថា មនុស្សទំាងឡាយដែលយោនយកកំណើតកើតមក តែងត្រដរតស៊ូ ពុះពាគ្រប់ឧបសគ្គដើម្បីជីវិត ប៉ុន្តែទីអវសាននៃជីវិត គឺ សេចក្តីស្លាប់ពីលោកនេះ បើជីវិតពោរពេញទៅដោយសេចក្តីប្រមាទ ភ្លើតភ្លើនភ្លេចស្មារតី មច្ចុរាជក៏កាត់ក្បាលបុគ្គលនោះទៅដោយឥតស្តាយស្រណោះ ហេតុនោះ ការដែលបុគ្គលមិនស្គាល់ច្បាប់ធម្មជាតិហើយប្រព្រឹត្តទង្វើទ្រើសឃ្នងនិងសេចក្តីធ្វេសប្រហែសផ្សេង ៗ តែងត្រូវមច្ចុរាជកាត់ក្បាលទៅជារឿយ ៗ
អ្នកដែលមិនយល់ដឹងសេចក្ដីពិតរបស់ធម្មជាតិ ប្រមាទក្នុងជីវិតនិងវ័យ ហាក់បីដូចជាព្រមឱនក្បាលឲ្យមច្ចុរាជកាត់យកទៅយ៉ាងគួរឲ្យសោកស្តាយ ជីវិតដែលចាក់បណ្ដោយតាមក្រសែកិេលសនេះឯងជាដើមចមនៃទុក្ខក្នុងសង្សារវដ្ត ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅមានមនុស្សខ្លះ ដឹងថា ត្រូវអវិជ្ជា ឧបាទាន កម្មជាដើមគ្របសង្កត់ ឲ្យប្រឈមមុខនឹងវិបត្តិភ័យផ្សេង ៗ ក៏ស្រវាសិក្សាស្រាវជ្រាវរាវរកសច្ចធម៌ដែលជាចម្លើយឲ្យដល់ជីវិតរបស់ខ្លួន ។

អ្នកដែលស្វែងរកចម្លើយបាន ចាត់ទុកថាជាអ្នកយល់ដឹងនិងស្គាល់ជីវិតពិត រមែងជាអ្នកមានជ័យជម្នះលើធម្មជាតិ ជាអ្នកដែលធម្មជាតិសុខចិត្តយល់ព្រមប្រគល់ជីវិតឲ្យតទៅ ហើយខិតខំចិញ្ចឹមបីបាច់ រក្សាជីវិតឲ្យប្រព្រឹត្តទៅលើគន្លងផ្លូវនៃសេចក្តីមិនប្រមាទភ្លើតភ្លើន សមនឹងគុណតម្លៃនៃការកើតមកជាមនុស្ស នៅពេលតម្កល់ជីវិតលើផ្លូវត្រូវបានយ៉ាងពិតប្រាកដហើយ ក៏មិនមានសេចក្តីភ័យខ្លាច ញាប់ញ័រ ឬតក់ស្លត់ចំពោះការកើត ឬ ស្លាប់ទៀតទេ ទោះយ៉ាងណាក៏ដោយ ការមានជ័យជំនះលើធម្មជាតិក្នុងទីនេះ មិនមែនមានន័យត្រឹមតែយកឈ្នះធម្មជាតិខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់ការយកឈ្នះធម្មជាតិក្នុងខ្លួនឯងផង ពោលគឺ ធម្មជាតិដែលឈ្នះចិត្តខ្លួនឯង ជ័យជម្នះដែលកើតចេញពីការធ្វើឲ្យជាក់ច្បាស់នូវសភាវៈពិតនៃវត្ថុទំាងពួងនិងស្គាល់វិធីហាមឃាត់ ចិត្តឲ្យឃ្លាតឆ្ងាយពីកិលេស មានលោភ: ជាដើម ទាំងប្រកបដោយសម្មាទស្សន:ចំពោះពិភពលោកនិងជីវិតនេះឯងចាត់ជាជ័យជម្នះយ៉ាងប្រសើរគួរដល់ការឲ្យតម្លៃនិងលើកតម្កើង ។

សង្ក្រាន្ត មានអត្ថន័យច្រើនយ៉ាង ទាំងតាមទស្សន:យល់ឃើញរបស់ប្រជាជនទូទៅទាំងតាមទស្សន:យល់ឃើញរបស់ពុទ្ធសាសនិកជន ទំាងស៊ីជម្រៅនិងមិនស៊ីជម្រៅ ប៉ុន្តែទោះជាយល់ឃើញយ៉ាងណា សង្រ្កាន្តនៅតែមានខ្លឹមសារសម្រាប់ជីវិត ព្រោះសង្ក្រាន្តជាពេលវេលាដែលពញ្ញាក់ស្មារតីមនុស្សឲ្យរលឹកនឹកដល់អតីតៈ បច្ចុប្បន្ន និង អនាគតសម្រាប់ដំណើរជីវិតតទៅ ទោះបីអាកាសក្តៅហេងហាងយ៉ាងណា មនុស្សមនាក៏នៅតែត្រដរតស៊ូពុះពារ សាងសេចក្ដីសប្បាយ ភ្លើតភ្លើន អបអរសាទរពិធីសង្រ្កាន្តយ៉ាងរីករាយរអាករពាយ ។

ទោះបីមានទស្សន:បែបណា ឬ គិតយល់យ៉ាងណាក៏ដោយ លុះពេលសង្ក្រាន្តមកដល់ ក៏គួរក្រេបយកពរជ័យសិរីសួស្តីណានីមួយដើម្បីកុំឲ្យសង្ក្រាន្តកន្លងហួសទៅដោយគ្មានបានទទួលប្រយោជន៍អ្វី
សូមត្រឹមតែពរជ័យសិរីសួស្តីដែលបានទទួលនោះ ជាពរជ័យសិរីល្អ ជួយលើកស្ទួយខ្សែជីវិតឲ្យបានប្រសើរឡើង មានចិត្តរីករាយ ស្រស់ថ្លា ផូរផង់ ប៉ុន្តែបើបានទំាងអស់រឹតតែប្រសើរ
បើនឹកអ្វីមិនឃើញ ក៏សូមយកត្រឹមតែពាក្យថា ផ្លាស់ចាស់ យកថ្មីចោលរឿងចង្រៃ យកសិរីជ័យជោគ ឬថា យកថ្មីជាព្រះ យកចាស់ជាមេរៀន ពេលនោះឯង សង្ក្រាន្តក៏មានន័យខ្លឹមសារយ៉ាងពិតប្រាកដ ។

ទោះចង់ឬមិនចង់ ជីវិតនេះចេះតែឈានទៅមុខយ៉ាងគ្រឿន ៗ ព្រោះថាជីវិតនេះជាផ្នែកមួយនៃធម្មជាតិ ដែលថា ឈានទៅមុខនោះ សំដៅដល់ អាយុឬវ័យតែងឈានទៅជាលំដាប់ គឺ ឈានពីក្មេងទៅកម្លោះឬក្រមុំ រហូតដល់ចាស់ និង ស្លាប់ យ៉ាងនេះឯងហៅថា ឈានទៅមុខជាមួយនឹងពេលវេលា ព្រោះពេលវេលានៅកៀកនឹងជីវិតយើងជាទីបំផុត ម៉្យាងទៀត ការរស់នៅ ឬ វិធីចិញ្ចឹមជីវិតអាស្រ័យទៅលើយើងថាតើគួរតម្រង់ទិសដៅរស់នៅឬចិញ្ចឹមជីវិតយ៉ាងណា តាមវិធីណា របៀបណា បោះជំហានទៅជាមួយនឹងពេលវេលាយ៉ាងណា ឈានទៅបានល្អ បានប្រយោជន៍ឬទេ បើឈានមិនត្រូវ មិនល្អ ក៏ខូចខាត បាត់បង់ ជួនកាលមិនឈានក្នុងពេលដែលគួរឈាន ព្រោះពេលវេលាចេះតែរំកិលដើរទៅមុខ ការចាក់បណ្តោយខ្សែជីវិតឲ្យប្រព្រឹត្តទៅតាមកាលវេលា អាយុ វ័យ ដោយឥតស្រវាទាញយកខ្លឹមសារណាមួយដែលជាប្រយោជន៍ដល់ខ្លួន ចាត់ទុកថាជាមនុស្សប្រមាទ ធ្វេសប្រហែល ព្រោះមិនព្រមបោះជំហានទៅមុខដោយសេចក្តីពុះពារតស៊ូគ្រប់បញ្ហានិងឧបសគ្គ ជីវិតនោះក៏រូញរិល រាថយ មិនរីកចម្រើន រុងរឿង ក្លាយជាជីវិតថមថយរេញរិល ហេតុនេះបើចង់ក្រេបយកប្រយោជន៍ពីមហាសង្ក្រាន្តនេះ យើងត្រូវចេះកែប្រែខ្សែជីវិតខ្លួនឯង ប្រឹងឈានទៅមុខយ៉ាងក្លាហានលើមូលដ្ឋាននៃសេចក្តីមិនប្រមាទក្នុងជីវិតនិងវ័យ គិត និយាយ ធ្វើអ្វី ៗឲ្យុជាប្រយោជន៍ដោយបញ្ញា បើយើងមិនព្រមឈានទៅមុខទេ ក៏ក្លាយទៅជាមនុស្សហួសសម័យ ចាស់គំរិល ជាមនុស្សប្រមាទ ខ្ជិលច្រអូស ថមថយ រួញរា អស់កម្លាំង ចិត្តក្នងការតស៊ូជីវិត ផ្ទុយទៅវិញ ត្រូវឈានទៅមុខប្រណាំងនឹងពេលវេលា ឈានទៅឲ្យបានល្អ ឈានទៅលើផ្លូវត្រូវ មិនត្រូវឈានទៅលើផ្លូវខុស រងគ្រោះដូចក្របីខ្វាក់ដើរធ្លាក់រណ្តៅក្នុងព្រៃនោះទេ ។

ពាក្យថា សង្រ្កាន្ត ញែកជា ២ បទ គឺ សំ ប្រែថា ល្អ ប្រពៃ ព្រមគ្នា ជាមួយគ្នា ក្រាន្ត ប្រែថា ឈានទៅ ដើរទៅ កន្លងទៅ រំកិលទៅ ហេតុនោះ សង្រ្កាន្ត ទើបក្លាយជាគតិធម៌សម្រាប់ដាស់តឿនចិត្តថា សូមឲ្យឈានទៅឲ្យបានល្អប្រពៃ ឈានទៅរកភាពរីកចម្រើន រុងរឿង និង សេចក្ដីសុខ ពោលគឺអភិវឌ្ឍកាយ វាចា ចិត្ត ឲ្យប្រកបដោយសីល សមាធិ បញ្ញា ឲ្យយកបញ្ញាដឹកនាំជីវិតទៅក្នុងផ្លូវត្រឹមត្រូវ ហាត់ពត់លត់ដំខ្លួនជាប្រចាំ បើធ្វើបានយ៉ាងនេះ ឈ្មោះថា ឈានទៅបានយ៉ាងល្អប្រពៃ ម៉្យាងទៀត ពាក្យថា សំ នៅប្រែថា ជាមួយគ្នា ឬ ព្រមគ្នា ហេតុនោះ សង្ក្រាន្ត មានន័យថា ឈានដើរទៅជាមួយគ្នាក៏បាន ឬ ឈានដើរទៅព្រមគ្នាក៏បាន មិនមែនចំពោះតែខ្លួនយើងម្នាក់ទេដែលត្រូវឈានដើរទៅ ប៉ុន្តែមានទំាងមនុស្សក្នុងសង្គម រាប់តាំងពីគ្រួសារជាដើមទៅ ក៏ត្រូវនាំគ្នាឈានដើរទៅជាមួយគ្នា នាំគ្នាឈានទៅដោយមិនបោះបង់ចោលគ្នា ចេះយោគយល់ សន្តោសប្រោសប្រណីដល់គ្នា ត្រូវមានភាពសាមគ្គី ទើបឈ្មោះ ឈានទៅជាមួយគ្នាដោយប្រពៃ ជាហេតុនាំឲ្យជីវិតប្រសើរឡើង សង្គមជាតិក៏រីកចម្រើន ។

ជាការពិត សង្ក្រាន្តមានរាល់ឆ្នាំ ហើយវាក៏រំលឹកយើងរាល់ឆ្នាំដែរ ព្រោះព្រះអាទិត្យឈានដើរទៅមុខគ្រប់វិនាទី ជីវិតយើងអាចចម្រើនឬថមថយចុះក៏បាន អ្នកខ្លះគិតថា យើងបានចម្រើនមួយឆ្នាំទៀតហើយ អ្នកខ្លះថា ថមថយចុះមួយឆ្នាំទៀតហើយ ទោះជាគិតបែបណាក៏ដោយ ក៏សូមឲ្យព្យាយាមធ្វើឲ្យបានល្អ បើគិតថាថមថយចុះ ក៏មិនគួរប្រមាទ ធ្វេសប្រហែស គួរប្រើប្រាស់ពេលវេលាឲ្យបានល្អ មានប្រយោជន៍ ទោះគិតក្នុងផ្លូវសុទិដ្ឋិនិយម ក៏ត្រូវប្រុងប្រយ័ត្នដែរ សរុបសេចក្ដីមក គឺ មិនប្រមាទហ្នឹងឯង ព្រោះសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ បមាទោ មច្ចុនោ បទំ កាលបើរាប់តំាងពីថ្ងៃ ខែ ក្លាយទៅជាឆ្នាំមហាសង្ក្រាន្ត ក៏ត្រូវតែធ្វើប្រយោជន៍ចាប់ពីថ្ងៃនេះតទៅ សមដូចពុទ្ធសុភាសិតថា
អមោឃំ ទិវសំ កយិរា អប្បេន ពហុកេន វា មិនត្រូវបណ្តោយឲ្យពេលវេលារាល់ថ្ងៃកន្លងទៅដោយឥតប្រយោជន៍ទេ ប៉ុន្តែគួរសាងប្រយោជន៍ខ្លះមិនតិចក៏ច្រើន

ធ្វើអ្វី ៗ រាល់ថ្ងៃបន្តិចម្តង ៗ លុះដល់ពេញមួយឆ្នាំក៏ច្រើនសន្ធឹកសន្ធាប់ រាល់ ៗ ថ្ងៃ ត្រូវធ្វើឲ្យបានល្អ បានទ្រព្យសម្បត្តិ បានការងារ បានប្រយោជន៍ដល់សង្គម បានជួយជាតិ បានសាងសេចក្ដីសុខដល់ក្រុមគ្រួសារ ឪពុកម្ដាយ ញាតិមិត្ត បានអភិវឌ្ឃជីវិតខ្លួនឯង បានអប់រំចិត្តគំនិតឲ្យប្រពៃឡើង បានសេចក្ដីសប្បាយរីករាយ ជាពិសេស គឺ បានបញ្ញា បានសិក្សាយល់ដឹង បានយ៉ាងនេះ មានតែរីកចម្រើន ព្រោះបានគំនិតល្អៗ អាចផ្លាស់ប្ដូរសង្គមបាន ក្នុងប្រវត្តិសាស្រ្តធ្លាប់មានមកហើយ ព្រោះអ្នកដែលអាចផ្លាស់ប្ដូរសង្គមបាននោះ គឺ បានគំនិត បានបញ្ញានេះឯង គំនិតបញ្ញានេះសំខាន់ណាស់ បើល្អក៏ធ្វើឲ្យមានសន្តិភាព បើអាក្រក់ ក៏គម្រាមកំហែងសន្តិភាព ប្រការសំខាន់ គឺ ត្រូវធ្វើឲ្យបានគ្រប់ខណ: សមដូចព្រះពុទ្ធត្រាស់ថា ខណោ វោ មា ឧបច្ចគា មិនមែនត្រឹមតែរាល់ថ្ងៃទេ គឺ រាល់ខណៈតែម្ដង

សហនិពន្ធដោយព្រះមហាឱផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ


loading...

No comments:

Post a Comment