លោកនាយករដ្ឋមន្ត្រីថ្លែងដោយមោទនភាពថា ជនពិការក្នុងសម័យបច្ចុប្បន្ននេះ ពិតជាមានសំណាងជាងជនពិការ ក្នុងសម័យសង្គ្រាម និងជំនាន់លោក។ ផ្ទុយពីការអះអាងនេះ អង្គការជនពិការកម្ពុជា យល់ឃើញថា ជនពិការមិនចេះតែសំណាងទាំងអស់នោះទេ ពោលមានជនពិការជាច្រើនទៀត កំពុងរស់ក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ។
ថ្លែងទៅកាន់ជនពិការដែលជាយោធិននៅស្រុកគូលេន ខេត្តសៀមរាបលោក ហ៊ុនសែន បញ្ជាក់ថា រដ្ឋាភិបាលដែលដឹកនាំក្នុងអាណត្តិរបស់លោក មិនដែលរើសអើងជនពិការម្ដងណាឡើយ ហើយពួកគេទាំងនោះ តែងទទួលបានការគាំពារជានិច្ចទាំងស្មារតី និងហិរញ្ញវត្ថុពីរដ្ឋាភិបាល។
ការថ្លែងដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែ មេសា។ លោក ហ៊ុន សែន រំលឹកពីការឈឺចាប់ដោយរបួសក្នុងសម័យសង្គ្រាមផង បញ្ជាក់ថា គណបក្សកាន់អំណាចមិនដែលបោះបង់ចោលជនពិការឡើយ។ លោកនាយករដ្ឋមន្ត្រី ថ្លែងដោយមោទនភាពថា ជនពិការក្នុងសម័យនេះ ពិតជាខុសពីជនពិការសម័យមុន ដែលពេលនេះរដ្ឋ និងបក្សកាន់អំណាចគាំពារ និងជ្រោមជ្រែងស្ទើរសបគ្រប់ទៅហើយ។ លោកបន្តថា «សម្រាប់ខ្លួនខ្ញុំបទពិសោធ នៅពេលដែលធ្លាក់ខ្លួនពិការបាត់បង់កែវភ្នែក នៅក្នុងកាលៈទេសៈដ៏លំបាកបំផុតនៅសម័យ ប៉ុល ពត មិនមែនដូចថ្ងៃនេះដែលយុទ្ធជនពិការរបស់យើងមានរាជរដ្ឋាភិបាល ជាពិសេសមានគណបក្សប្រជាជនយកចិត្តទុកដាក់។ កាលពីខ្ញុំពិការ នៅក្នុងកាលៈទេសៈដែលលំបាកណាស់ »។
របាយការណ៍របស់អង្គការជនពិការកម្ពុជា បានប៉ាន់ប្រមាណថា នៅទូទាំងប្រទេសកម្ពុជាមានជនពិការជាង ៥៥ម៉ឺននាក់ ក្នុងចំណោមប្រជាជនសរុបប្រមាណ ១៥លាននាក់។
ផ្ទុយពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះប្រធានអង្គការជនពិការកម្ពុជាលោក ងិន សាវរ័ត្ន យល់ឃើញថា ជនពិការមិនមែនសុទ្ធតែសំណាងដូចលោកនាយករដ្ឋមន្ត្រី លើកឡើងនោះទេ។ លោកបន្តថា មានជនពិការច្រើនណាស់ដែលរស់នៅតាមស្រុកស្រែចម្ការកំពុងរស់ស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ។ លោកបន្តថា «ខ្ញុំយល់ថាអ្នកមានសំណាងសម្រាប់តែជនពិការនៅតាមទីក្រុង ប៉ុន្តែសម្រាប់ជនពិការរស់នៅតាមជនបទនៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។តែយើងអាចបែងចែករូបភាព២ រូបភាពទី១ដូចករណីដែលច្បាប់ត្រូវបានអនុវត្តហើយរបបគោលនយោបាយរដ្ឋផ្ដល់ឲ្យបានត្រឹមត្រូវដល់ជនពិការ យើងអាចចាត់ទុកថាវាជាសំណាងរបស់ជនពិការ » ។
រដ្ឋាភិបាលធ្លាប់បានចេញគោលនយោបាយ ដើម្បីកាត់បន្ថយគម្លាតនៃភាពក្រីក្ររបស់ជនពិការ។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលតម្រូវឲ្យជនពិការប្រមាណ ២ភាគរយ បានបម្រើការនៅតាមក្រុមហ៊ុនឯកជន។ ក្រៅពីនេះ ២ភាគរយផ្សេងទៀត អាចចូលបម្រើការនៅតាមស្ថាប័នរដ្ឋ។
ប្រធានអង្គការជនពិការកម្ពុជាលោក ងិត សាវរ័ត្ន យល់ឃើញថា គោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញនេះ ហាក់មានការឆ្លើយតបតិចតួចនៅឡើយ។ លោកបន្តថា កត្តាដែលនាំឲ្យជនពិការមិនអាចសម្រេចបំណងនេះបាន ក្រៅពីនៅមានការរើសអើងជនពិការហើយ ទាក់ទងនឹងជំនាញទៀតសោតរបស់ពួកគេជាជនពិការ ក៏ជាបន្ទុក និងជាបញ្ហាប្រឈមថែមមួយកម្រិតទៀតដែរ។ លោកបន្តថា «យើងនៅតែសង្កេតឃើញថាជនពិការយើងនៅតែបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយមានការលំបាករកការងារធ្វើដែរ។វាមិនមែនជាបញ្ហារបស់រដ្ឋាភិបាលទេ ការពិតទៅនេះជាបញ្ហារបស់ជនពិការផ្ទាល់អត់មានជំនាញ និងបទពិសោធន៍ការងារ » ។
បើទោះជាបែបណា ប្រធានអង្គការជនពិការកម្ពុជា ចង់ឃើញ ជនពិការអាចនឹងមានការវិវិត្តប្រសើរជាងនេះ តាមរយៈចំណូលយ៉ាងតិច ១២០ដុល្លារអាមេរិក ក្នុងមួយខែ។ ជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព តាមរយៈការផ្ដល់ឱកាសឲ្យបានស្មើៗគ្នា។ មានរបបគោលនយោបាយដ៏ជាក់លាក់មួយសម្រាប់ជនពិការ និងចង់ឃើញរដ្ឋាភិបាលផ្ដល់លទ្ធភាពឲ្យជនពិការមានសិទ្ធិខ្ចីឥណទាន ដើម្បីពង្រីកមុខរបរខ្នាត ឬមធ្យមនៅតាមសហគមន៍ជាដើម ដូចពលរដ្ឋដែលមានកាយសម្បទានដែរ៕
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment