VOAKHMER៖ លោកអ៊ូ វីរៈ​ "លទ្ធផល​ឆ្នោត​ឃុំ​នឹង​ប្តូរ​ទិដ្ឋភាព​នយោបាយ​ឆ្នាំ​២០១៨ " - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
VOAKHMER៖ លោកអ៊ូ វីរៈ​ "លទ្ធផល​ឆ្នោត​ឃុំ​នឹង​ប្តូរ​ទិដ្ឋភាព​នយោបាយ​ឆ្នាំ​២០១៨ "

VOAKHMER៖ លោកអ៊ូ វីរៈ​ "លទ្ធផល​ឆ្នោត​ឃុំ​នឹង​ប្តូរ​ទិដ្ឋភាព​នយោបាយ​ឆ្នាំ​២០១៨ "

Share This


«ជាទូទៅ​នៅតែ​បង្ហាញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មួយ​ខ្លាំង​ហើយ​ការបោះឆ្នោត​២០១៨​ប្រហែល​ជា​មាន​ភាពប្រកៀក​ប្រកិត​គ្នា​ជាង​ការគិត‍»។​


វ៉ាស៊ីនតោន៖ លទ្ធផលនៃការបោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​បញ្ជាក់ថា ​គណបក្ស​សង្គ្រោះជាតិ​មានកម្លាំង​ខ្លាំង​ហើយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នឹង​មានលក្ខណៈ​កាន់តែ​ប្រកៀកប្រកិត​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ។ នេះ​បើ​តាម​ការ​សង្កេត​របស់​អ្នកវិភាគ។

លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យនេះ​ក៏​បង្ហាញ​ពី​ការ​តស៊ូ​ប្រឹង​ប្រែង និង​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុងការ​ចូលរួម​សម្រេច​លើ​ជោគ​វាសនានៃ​ប្រទេស​ជាតិ​ផង​ដែរ។ ​

លោកអ៊ូ វីរៈ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ​ថា៖

«ជាទូទៅ​នៅតែ​បង្ហាញ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មួយ​ខ្លាំង​ហើយ​ការបោះឆ្នោត​២០១៨​ប្រហែល​ជា​មាន​ភាពប្រកៀក​ប្រកិត​គ្នា​ជាង​ការគិត‍»។​

បើ​ទោះ​បី​ជា​លទ្ធផល​ផ្លូវការ​នឹង​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ក៏​ការ​បោះឆ្នោត​ដែល​មាន​ការ​តាមដាន​យ៉ាងខ្លាំង​នេះ​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​មាន​កម្លាំង​កាន់តែ​កើន​ឡើង​ ដែល​អាច​សន្និដ្ឋាន​បាន​ថា ​ការបោះឆ្នោត​ជាតិ​ក្នុងឆ្នាំ​២០១៨​គឺ ជា​ការប្រកួត​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ។


លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«ការបោះឆ្នោត​២០១៨​នេះ​គឺ ​គណបក្ស​តូច​គ្មាន​សង្ឃឹមទេ។ គ្មាន​សង្ឃឹម​ដោយសារ​តែ​គណបក្ស​ពីរ​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ប្រកិត​ប្រកើយ​អីចឹង​គឺ​ប្រជាពលរដ្ឋ​ និង​សកម្មជន​គាត់​ឃើញ​ថា​ ការចូលរួម​របស់​គណបក្ស​ទីបី​គឺ​ជា​ការ​រំខាន​ ឬ​អ្នកបំផ្លាញ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​គណបក្ស​ពីរ​ធំៗ​ហ្នឹង​‍។ ដោយសារ​អីចឹង​ហើយ​បាន​ជា​គេ​យល់ថា ​បោះឆ្នោត​ដល់​គណបក្ស​ទីបី ​គឺជា​ការបំផ្លាញ​សន្លឹកឆ្នោត​របស់​ខ្លួន»

តួលេខ​មិន​ផ្លូវការ ​ដែល​ផ្សាយ​ដោយ​មន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​នៅ​ឃុំ​សង្កាត់​ចំនួន​១.១៥៨​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​ឃុំសង្កាត់​ចំនួន​៤៨៧។ គណបក្ស​ខ្មែរ​រួបរួមជាតិ​ឈ្នះ​បាន​មួយ​ឃុំ​ក្នុង​ចំណោម​គណបក្ស ​១០​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​ដែរ។

យ៉ាងណាក៏ដោយ​ លោក​អ៊ូ វីរៈ​យល់ថា ​បក្ស​កាន់អំណាចអាច​ព្រងើយ​កន្តើយ​ដោយ​ការ​បក​ស្រាយខុស​ពី​តួលេខ​នៃ​ចំនួន​មេឃុំ​ចៅសង្កាត់​ និង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ហើយគិត​ថា ​ខ្លួន​នៅ​តែ​ខ្លាំង​ក្នុង​ខណៈ​ពេល​ដែល​លទ្ធផល​សំឡេង​ពលរដ្ឋ​មាន​ការ​ប្រកៀកប្រកិត​គ្នា។ លោក​បន្ថែម​ថា​ បើ​មាន​ការ​ងាក​ចេញរបស់​អ្នកបោះឆ្នោត​តែ​បន្តិច​នៅ​ពេល​បោះឆ្នោតជាតិ ​ដែល​តែងតែ​ផ្តល់​ប្រៀបទៅ​គណបក្ស​មិន​កាន់​អំណាច​ គឺ​កម្លាំង​នៃបក្ស​ទាំងពីរ​ស្មើគ្នា។

លោក​អ៊ូវី រៈ​បាន​សរសើរ​ដល់​ការចូលរួមបោះឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូកដីរបស់​ពលរដ្ឋ​ខ្មែរ​។ បើ​តាម​តួលេខ​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បង្ហាញ​ថា​ មាន​ពលរដ្ឋ​ចំនួន​ ៨៩,៥២ភាគរយ​បាន​ទៅ​បោះឆ្នោត។ ​

លោក​បន្ថែមថា៖ «នេះបង្ហាញពីការតស៊ូ​ ការប្រឹងប្រែង​ និង​ទឹកចិត្ត​ដ៏អស្ចារ្យ​របស់​ពួកគាត់​ក្នុងការ​ចូលរួម​សម្រេច​ជោគវាសនា​នៃ​ប្រទេស​ជាតិ​របស់​ពួក​គាត់​ផងដែរ‍»​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​នៅក្នុង​តំបន់​យុទ្ធសាស្រ្ត​ចំនួន​បី​គឺ ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ​និង​ខេត្ត​កំពង់ចាម​។ លោក​អ៊ូ​ វីរៈ​មើល​ឃើញ​ថា​ ដោយសារ​មាន​ការ​រីកចម្រើន​នៃ​អ៊ីនធឺណិត​ ដែល​ពលរដ្ឋ​ចូលចិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដូចជា ​ហ្វេសប៊ុក និង​ការ​ចុះថយឥទ្ធិពល​វិទ្យុ ​និង​ទូរទស្សន៍។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​នៅ​តំបន់​ដែល​មាន​អ្នកចំណូលថ្មី​ច្រើន​គឺ​អ្នកបោះឆ្នោត​មិន​សូវមាន​មនោសញ្ចេតនា​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ទេ។​

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។
ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេសកម្ពុជា​បាន​ចេញសេចក្តី​ថ្លែងការណ៍​ចាត់​ទុកថា​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​គឺ​ជា ​ដំណើរការ​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទទួល​យក​លទ្ធផល​ឆ្នោត៖

«យើង​សូមអំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ គណបក្ស​នយោបាយ និង​ស្ថាប័ន​នានា​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ដោយ​សន្តិវិធី​ និង​ក្នុង​ស្មារតី​ផ្សះផ្សា ​និង​សហប្រតិបត្តិការ»

លោក​កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ​ចាត់ទុក​ថា​ នេះ​គឺជា​ជំហាន​នៃ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​មួយ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«លទ្ធផល​នេះ​ផងដែរ​គឺជា​ មូលដ្ឋាន​ដែល​អាច​បញ្ជាក់​បាន​ថា​ យើង​នឹង​ទទួល​បាន​នូវ​ជ័យ​ជម្នះ​មួយ​ជំហាន​ទៀត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋ​សភា​ឆ្នាំ​២០១៨ ​និង​ដើម្បី​ឈាន​ទៅ​ដឹកនាំ​ប្រទេស​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ‍»

លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​គឺ​ គណបក្ស​ប្រឆាំង​តែងតែ​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ចំនួន​ជាង ​១៥ភាគរយ​លើស​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្តែង​សុទិដ្ឋិនិយម​ បើ​ទោះ​បី​បាត់បង់​អាសនៈ​ជាច្រើន​ក៏ដោយ។

លោក​បន្ថែម​ថា៖

«យើង​ចាត់ទុក​ថា​ ការឡើង​ចុះ​នៅ​តំបន់​នីមួយៗគឺ​ជា ​ការចាញ់សមរភូមិទេ មិនមែន​ចាញ់​សង្គ្រាមទេ​។ អីចឹង​ជារួម​យើង​ឈ្នះ​សង្គ្រាមទាំងមូល​។ ក៏​ប៉ុន្តែ​ក្នុង​ការ​ឈ្នះសង្គ្រាមយើង ​មាន​ការចាញ់​សមរភូមិ​មួយ​ពីរ​តែ​ប៉ុណ្ណោះ‍»

មាន​បណ្តឹង​ចំនួន​៦៧​បាន​ដាក់​ប្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​អំឡុង​ពេលឃោសនា និង​ការបោះឆ្នោត​ក្នុង​នោះ​បណ្តឹងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៤៨៕​

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
ពលរដ្ឋ​តម្រង់​ជួរ​ចូល​បោះឆ្នោត​នៅ​ការិយាល័យ​សាលា​បឋមសិក្សា​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
ប្រភព : VOAKHMER

No comments:

Post a Comment