អង្គការតម្លាភាពកម្ពុជា (TI Cambodia) វាយតម្លៃដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ ថាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ឬការបំភិតបំភ័យធំដុំឡើយ ហើយមន្ត្រីការិយាល័យបោះឆ្នោតបានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាងខ្ជាប់ខ្ជួន។
ការវាយតម្លៃនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន និងការថ្លែងរបស់លោក ព្រាប កុល ដែលជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា នៅយប់ថ្ងៃទី៤ មិថុនា។
អង្គការតម្លាភាពកម្ពុជា កត់សម្គាល់ឃើញភាពមិនប្រក្រតីចំនួនពីរដែលបានកើតឡើង។ ទីមួយ គឺវត្តមានអ្នកដែលមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណការិយាល័យបោះឆ្នោត ដូចជា មេភូមិ និងបក្ខជន ជាដើម ហើយទីពីរ គឺអ្នកដែលបានចុះឈ្មោះមួយចំនួនមិនឃើញឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ទោះបីជាយ៉ាងណា អង្គការតម្លាភាពកម្ពុជា ថាភាពមិនប្រក្រតីទាំងពីរនេះពុំបានកើតឡើងក្នុងទ្រង់ទ្រាយធំឡើយ។
អង្គការតម្លាភាពកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី៥ មិថុនា ដើម្បីធ្វើសេចក្តីថ្លែងការណ៍អំពីការរកឃើញ និងការសន្និដ្ឋានជាបឋមទៅលើដំណើរការនៅថ្ងៃបោះឆ្នោត ព្រមទាំងវាយតម្លៃទៅលើការបិទការបោះឆ្នោត និងដំណើរការនៃការរាប់សន្លឹកឆ្នោត៕
ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ RFA/Leng Maly |
ការរកឃើញជាបឋមស្តីពីដំណើរការបោះឆ្នោត ដោយនាយកប្រតិបត្តិអង្គការតម្លាភាព លោកព្រាប កុល នៅម៉ោង ៩ នឹង ១៥នាទី ។ TI Cambodia |
No comments:
Post a Comment