លោក កឹម សុខា មានសុទិដ្ឋិនិយមថា ការកើនសំឡេងរបស់បក្សប្រឆាំងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលនេះ ជាការវាស់ស្ទង់នាំឲ្យបក្សប្រឆាំងឈានទៅគ្រប់គ្រងប្រទេសជំនួសបក្សកាន់អំណាច នៅក្រោយការបោះឆ្នោតឆ្នាំ២០១៨។ ស្របពេលនៃការកើនសំឡេងគាំទ្ររបស់បក្សប្រឆាំងនេះ គណបក្សប្រជាជនកម្ពុជា វិញនៅតែរំពឹងថា បក្សកាន់អំណាចដ៏ចាស់វស្សាមួយនេះ នៅតែអាចគ្រងតំណែងបានដដែល ពុំបាត់បង់អ្នកគាំទ្រនោះទេ។
ប្រធានគណបក្សប្រឆាំងព្រមានថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា បោះបង់ការធ្វើផ្លូវដូចដែលខ្លួនបានសន្យាចំពោះមុខពលរដ្ឋនៅមុនការបោះឆ្នោតថា ប្រសិនបើក្រុមប្រឹក្សាឃុំ-សង្កាត់បក្សកាន់អំណាចឈ្នះឆ្នោតលើកនេះ ពលរដ្ឋនឹងមានផ្លូវល្អធ្វើដំណើរនៅក្នុងភូមិឃុំ ហើយបែរជាមិនធ្វើវិញនោះ រឿងនេះរឹតតែបញ្ហាថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា លោក កឹម សុខា អះអាងថា សំឡេងគាំទ្របក្សប្រឆាំងដ៏ច្រើនលើសលប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ វាជាការបើកផ្លូវសម្រាប់ការឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី៦ នៅឆ្នាំ២០១៨។ លោកបន្តថា «ការឈ្នះឃុំនេះ វាគឺជាជំហានដ៏សំខាន់ដើម្បីឈានទៅដឹកនាំប្រទេសនៅឆ្នាំ២០១៨ នេះហើយ»។
នេះគឺវោហារសាស្ត្រផ្នែកនយោបាយលើកទី១ របស់លោក កឹម សុខា ក្រោយលទ្ធផលឆ្នោតបឋមដែលបង្ហាញថា បក្សប្រឆាំងទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតទៅនឹងបក្សកាន់អំណាច។
យោងតាមតួលេខបឋមនៃបន្ទប់ស្ថានការណ៍ដែលជាបណ្ដុំនៃសង្គមស៊ីវិល លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤ ដែលមិនទាន់ផ្លូវការ បង្ហាញថា បក្សកាន់អំណាចទទួលបានសំឡេងគាំទ្រ ៤៨% ខណៈបក្សប្រឆាំងទទួលបានសំឡេងគាំទ្រ ៤៥% នៃចំនួនសន្លឹកឆ្នោតសរុប។
បើទោះជាបែបណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ទទួលស្គាល់ការបោះឆ្នោតឃុំ-សង្កាត់លើកនេះថា បក្សទាំងពីរគឺឈ្នះដូចគ្នា។ ប៉ុន្តែត្រង់ថា បក្សប្រឆាំងហ៊ានប្រកាសថាអាចទៅគ្រងតំណែងក្នុងរដ្ឋាភិបាលនៅឆ្នាំ២០១៨ នោះ មិនប្រាកដឡើយ។ ថ្លែងនៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៦ មិថុនា លោក សុខ ឥសាន បន្តថា គណបក្សកាន់អំណាចនេះនៅតែខ្លាំង ហើយនៅតែអាចកាន់តំណែងក្នុងតួនាទីរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៨ បានដដែល។ លោកបន្តថា «សន្ទុះនៃការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា នៅមិនទាន់ខ្សោយសន្ទុះនៅឡើយទេ បើទោះបានបាត់បង់មេឃុំមួយចំនួនក៏ពិតមែន ប៉ុន្តែខ្ញុំយល់ថា នេះគឺអាស្រ័យទៅលើការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឃុំ-សង្កាត់នានានៅទូទាំងប្រទេសហ្នឹង»។
អ្នកជំនាញលើកិច្ចការបោះឆ្នោត សម្ដែងសុទិដ្ឋិនិយមចំពោះមេបក្សប្រឆាំងរឿងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ២០១៨ ខាងមុខ ទំនងជាមានភាគរយខ្ពស់។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) យល់ឃើញថា ការប្ដេជ្ញាចិត្តរបស់ប្រមុខបក្សប្រឆាំងនៅពេលនេះ ទំនងជាមានហេតុផលគ្រប់គ្រាន់ថា បក្សមួយនេះអាចឈានទៅគ្រងតំណែងក្រោយការបោះឆ្នោតឆ្នាំ២០១៨ បាន។
អ្នកជំនាញលើកិច្ចការបោះឆ្នោតរូបនេះមើលឃើញថា ការកើនសំឡេងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាឧទាហរណ៍ស្រាប់ដែលបក្សកាន់អំណាចអាចនឹងត្រូវជួបព្យុះភ្លៀងសម្រាប់ការប្រកួតប្រជែងដ៏តានតឹងនៅឆ្នាំ២០១៨ ខាងមុខ។ លោកបន្តថា «ការរំពឹងទុករបស់គាត់ ប្រហែលសមហេតុសមផលសម្រាប់បោះឆ្នោតឆ្នាំ២០១៨។ បើគាត់រៀបចំគណបក្ស ហើយសកម្មជនឲ្យបានល្អ អាចឈានទៅរកជ័យជម្នះដែរ»។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតយល់ឃើញថា ការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ ហើយអ្នកនយោបាយហាក់មានភាពអត់ធ្មត់ និងមានភាពចាស់ទុំផ្នែកនយោបាយជាងមុនដែរ។ ក្រៅពីនេះ ដំណើរការរៀបចំការបោះឆ្នោតដោយ គ.ជ.ប វិញ ក៏កាន់តែមានភាពវិជ្ជមាន ហើយកម្រិតនៃភាពលម្អៀង ត្រូវបានរកឃើញថាតិចតួចប៉ុណ្ណោះ៕
![]() |
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងអំណរគុណអ្នកគាំទ្រនៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧។ Photo/Kem Sokha FB Page |

No comments:
Post a Comment