មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តត្បូងឃ្មុំ ស្នើឲ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមួយនេះ ផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅតាមបណ្ដាឃុំមួយចំនួនឡើងវិញ។ ការស្នើនេះ ដោយពួកគេមើលឃើញថាមានភាពមិនប្រក្រតីមួយចំនួន ដូចជាមានការិយាល័យខ្លះរាប់សន្លឹកឆ្នោតបិទទ្វារមិនឲ្យពលរដ្ឋអាចឈរមើលបាន ហើយមានការិយាល័យខ្លះមានសន្លឹកឆ្នោតមិនបានការច្រើនហួសហេតុពេក។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បញ្ជាក់ថា នឹងមានការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញនៅថ្ងៃទី៧ មិថុនា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខេត្តត្បូងឃ្មុំ បញ្ជាក់ថា ពួកគេបានត្រៀមសមាជិករបស់ខ្លួនដើម្បីចូលរួមការផ្ទៀងផ្ទាត់រាប់សន្លឹកឆ្នោតឡើងវិញនៅទីស្នាក់ការគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។
ការបញ្ជាក់បែបនេះ ក្រោយពេលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញគ្រប់គណបក្សនយោបាយឲ្យចូលរួមការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញនៅថ្ងៃទី៧ មិថុនា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ លោក សេង ស៊ាងលី មានប្រសាសន៍ថា ការរៀបចំបោះឆ្នោត និងរាប់សន្លឹកឆ្នោតមានបញ្ហាមួយចំនួន។ លោកថា នៅការិយាល័យខ្លះដំណើរការរាប់សន្លឹកឆ្នោតបិទទ្វារមិនឲ្យពលរដ្ឋអាចឈរមើលបាន។ ក្រៅពីនេះ ការិយាល័យមួយចំនួននៅឃុំកំពាន់ ស្រុកមេមត់ មានសន្លឹកឆ្នោតមិនបានការច្រើនពេក ហើយនៅឃុំខ្លះទៀត លទ្ធផលឆ្នោតដែលផ្ទៀងផ្ទាត់ទម្រង់ ១១០២ គឺគណបក្សសង្គ្រោះជាតិ ឈ្នះ ប៉ុន្តែចុងក្រោយបែរជាចាញ់វិញ៖ «ហើយថ្ងៃស្អែកនេះ ខាងខ្ញុំនឹងរៀបចំកម្លាំងដើម្បីផ្ទៀងផ្ទាត់ ឬទៅពិនិត្យមើលលទ្ធផលឆ្នោត ប្រសិនបើវាបានត្រឹមត្រូវហើយ គឺមិនអីទេ»។
នៅទូទាំងខេត្តត្បូងឃ្មុំ មានឃុំ-សង្កាត់ចំនួន៦៤ ហើយលទ្ធផលបឋម គឺគណបក្សសង្គ្រោះជាតិ ឈ្នះបានចំនួន ១៨ឃុំ-សង្កាត់ ចំណែកគណបក្សប្រជាជនកម្ពុជា ឈ្នះបានចំនួន ៤៦ឃុំ។
ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ លោក សុខ ឈិន មានប្រសាសន៍ដោយខ្លីនៅថ្ងៃទី៦ មិថុនា ថា គ្រប់គណបក្សនយោបាយ គឺត្រូវមកចូលរួមផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញនៅទូទាំងខេត្តនៅថ្ងៃទី៧ មិថុនា ក្នុងទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មុននឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន៖ «បាទ! ហ្នឹងហើយ គេផ្ទៀងផ្ទាត់គ្រប់ឃុំ ហើយបានចេញលទ្ធផលបណ្ដោះអាសន្ន»។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាអង្គការខុមហ្វ្រែល (Comfrel) ប្រចាំខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា រាប់តាំងដំណើរការឃោសនាបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោតមានលក្ខណៈប្រសើរ ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែរ។ បញ្ហាទាំងនោះ ដូចជាមានករណីគំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថាចាញ់ឆ្នោតមានសង្គ្រាម។
បន្ថែមពីនេះ នីតិវិធីផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះការបញ្ជាក់លិខិតស្នាមផ្សេងៗសម្រាប់បម្រើការបោះឆ្នោតមិនបានទូលំទូលាយ ធ្វើឲ្យពលរដ្ឋមួយចំនួនខកខានបោះឆ្នោត។ លើសពីនេះ លទ្ធផលបោះឆ្នោតទម្រង់ ១១០២ នៅតាមការិយាល័យខ្លះមិនបានប្រគល់ឲ្យអ្នកសង្កេតការណ៍ និងមួយចំនួនទៀតមិនបានបិទផ្សាយ ដែលធ្វើឲ្យអ្នកសង្កេតការណ៍ពិបាកទទួលបានលទ្ធផលទាំងនោះ៖ «នៅត្បូងឃ្មុំ នេះ គឺមានកន្លែងតិចតួចទេដែលប្ដឹងឲ្យសើរើឡើងវិញ សង្ស័យថាការចុះលទ្ធផលនៅមុខគណបក្ស និងការកែតម្រូវលើកក្រោយនេះវាខុសគ្នា»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការស្នើឲ្យរាប់ ឬផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ គឺជារឿងត្រឹមត្រូវ ហើយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក៏មិនអាចបដិសេធបានដែរ ប្រសិនបើមានពាក្យបណ្ដឹងស្របតាមនីតិវិធី ពីព្រោះដើម្បីឲ្យភាគីទាំងអស់ស្ងប់ចិត្ត។ យ៉ាងនេះក្តី លោកវាយតម្លៃថា ដំណើរការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៧ នេះ គឺមានលក្ខណៈប្រសើរជាងអាណត្តិមុនៗ៕
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment