លោក ហ៊ុន សែន បានចាត់ទុកការអំពាវនាវឲ្យបរទេសឈប់ទិញទំនិញ ឬឈប់ផ្តល់ជំនួយមកកម្ពុជានោះ គឺជាការបោកឆ្នាំងបាយប្រជាជន និងជាទង្វើគ្មានគុណធម៌។
មេដឹកនាំរបបក្រុងភ្នំពេញថ្លែងបែបនេះ ក្នុងឱកាសជួបជាមួយក្រុមកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ឧសភា នេះ។
នៅក្នុងឱកាសជួបកម្មករម្តងៗ លោក ហ៊ុន សែន មិនភ្លេច លើកតម្កើងស្នាដៃកសាងក្នុងរបបលោក មានដូចជាផ្លូវថ្នល់ និងរោងចក្រជាដើម ប៉ុន្តែលោកក៏មិនភ្លេចវាយប្រហារទៅលើគណបក្សប្រឆាំងឡើយ បើទោះបីជាលោកបានរំលាយចោលមិនឲ្យចូលរួមបោះឆ្នោតនាពេលខាងមុខនេះយ៉ាងណាក្តី។
លោកឲ្យដឹងទៀតថា នៅឆ្នាំ២០១៨នេះ រោងចក្របានកើនឡើង ប្រមាណ៥០រោងចក្រ និងផ្តល់ការងារបន្ថែមដល់ប្រជាពលរដ្ឋ ប្រមាណ៣ម៉ឺនកន្លែង បើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយថាសមិទ្ធផលទាំងនេះ មិនមែនបានមកដោយសារបក្សប្រឆាំងនោះឡើយ៖ «គេប្រកាសថា គេនឹងទទួលបានជោគជ័យ ប្រើសិន បើសហគមន៍អន្តរជាតិឈប់ទិញទំនិញពីកម្ពុជា តើនេះជាអ្វី..? វាមិនមែនស្លាប់ ហ៊ុន សែន ទេ តែវាស្លាប់កម្មករ បើសិនរោងចក្រត្រូវបិទទ្វារ.....តើទង្វើនេះសមជាមេដឹកនាំប្រទេសទេ...?»។
ទោះបីលោក ហ៊ុន សែន ថ្លែងទម្លាក់កំហុសទៅលើបក្សប្រឆាំង ថាជាអ្នកនាំអាទិ៍ ឲ្យមានវិបត្តិនយោបាយបច្ចុប្បន្ន នេះក៏ដោយ ក៏សហគមន៍អន្តរជាតិ ចាត់ទុកលោក ហ៊ុន សែន និងរបបលោកឯណោះទៅវិញទេ ដែលជាអ្នករំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ រហូតដល់ប្រទេសលោកសេរីជាច្រើន បានដាក់ទណ្ឌកម្មជាបណ្តើរៗ និងព្រមានដាក់ទណ្ឌកម្មបន្ថែមជាច្រើនទៀត បើលោក ហ៊ុន សែន នៅតែមិនពន្លត់ភ្នក់ភ្លើង នៃស្ថានការណ៍អាក្រក់ ដែលរបបលោក ជាអ្នកបង្កាត់នោះទេ។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ ក៏បានធ្លាប់បានអះអាងថា ជាច្រើនលើកច្រើនសាថា គណបក្សសង្គ្រោះជាតិ គឺជាជនរងគ្រោះ មិនមែនជាជនដៃដល់ទេ ដូច្នេះ ការណ៍ដែលអន្តរជាតិ ដាក់ទណ្ឌកម្មកម្ពុជា គឺត្រូវបន្ទោសលោក ហ៊ុន សែន មិនមែនបន្ទោសអ្នករងគ្រោះ ដោយសារការធ្វើទុក្ខបុកម្នេញ ពីរបបលោកនោះឡើយ។
ចំណែកប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែឧសភា បានថ្លែងនៅចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើន នៅរដ្ឋវើជិនញ៉ា (Virginia) ក្បែររដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថាគណបក្សកាន់អំណាច គឺជាដែលបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ព្រោះបានរម្លាយគណបក្សសង្គ្រោះជាតិ និងហាមសិទ្ធិនយោបាយមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាដើម។ ប្រការទាំងអស់នេះឯង ដែលរបបលោក ហ៊ុន សែន ជាអ្នកត្រូវទទួលខុសត្រូវ ចំពោះទណ្ឌកម្មអន្តរជាតិ ព្រោះលោក ហ៊ុន សែន ធ្វើឲ្យរដ្ឋាភិបាលដែលស្របច្បាប់តាមការបោះឆ្នោត ក្លាយជារដ្ឋាភិបាល មិនស្របច្បាប់៖ «អីចឹងអ្នកណា ដែលធ្វើរដ្ឋប្រហារធម្មនុញ្ញ គឺបាត់បង់ភាពស្របច្បាប់។ ឥឡូវលោក ហ៊ុន សែន គាត់ភ័យណាស់ ព្រោះគាត់ដឹងថា គាត់ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ គឺមិនខុសពីរដ្ឋប្រហារយោធាទេ។ គាត់នឹងបាត់បង់ភាពស្របច្បាប់»។
កាលពីដើមសប្ដាហ៍នេះ តំណាងរាស្ត្រអាមេរិកប្រកាសថា នឹងបន្តស្វែងរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា បើលោក ហ៊ុន សែន នៅតែរឹងទទឹង មិនព្រមឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោត និងឲ្យប្រទេសកម្ពុជា មានស្ថានភាពនយោបាយល្អប្រសើរឡើងវិញ ដោយមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនោះទេ៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
No comments:
Post a Comment