សហរដ្ឋអាមេរិកចាប់ផ្ដើមជាន់កដកស្លាបរបបភ្នំពេញ៖ សមាជិក​សភា​អាមេរិក​ដាក់​សំណើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​លោកហ៊ុន សែន!  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សហរដ្ឋអាមេរិកចាប់ផ្ដើមជាន់កដកស្លាបរបបភ្នំពេញ៖ សមាជិក​សភា​អាមេរិក​ដាក់​សំណើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​លោកហ៊ុន សែន! 

សហរដ្ឋអាមេរិកចាប់ផ្ដើមជាន់កដកស្លាបរបបភ្នំពេញ៖ សមាជិក​សភា​អាមេរិក​ដាក់​សំណើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​លោកហ៊ុន សែន! 

Share This

តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​កាន់​អំណាច បាន​ឡើង បក​ស្រាយ សេចក្ដីព្រាង​ច្បាប់ របស់​លោក​ដើម្បី​ដាក់ទណ្ឌកម្ម ដល់​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ដល់​សមាជិកសភា​អាមេរិក​ផ្សេងទៀត​ដើម្បី​គាំទ្រ​សេចក្ដីព្រាង​ច្បាប់​នេះ កាលពី​ថ្ងៃ​ទី​១១ ឧសភា។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា សេចក្ដីព្រាង​ច្បាប់​របស់​អាមេរិក ជា​ច្បាប់​មួយ​ដែល​ធ្វើឡើង​ក្នុង​បំណង​ទុច្ចរិត​ប៉ុណ្ណោះ។

ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លោក ថិត យ៉ូហូ (Ted Yoho) កំពុង​ពន្លឿន ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​របស់​លោក​មួយ​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៨ ក្នុង​បំណង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ធ្វើ​ដំណើរ ដល់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។


នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ឧសភា ក្រោយ​ពេល​លោក​ឡើង​ធ្វើ​ការ​បកស្រាយ​នៅ ក្នុង​សវនាការ​នៃ​រដ្ឋសភា​រួច លោក​បាន​ព្រមាន​ដល់​របប​លោក ហ៊ុន សែន ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៨ នេះ​ធ្វើឡើង​ក្នុង​គោលបំណង ប្រឆាំង​នឹង​អំពើ​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស នៃ​របប​លោក ហ៊ុន សែន។

លោក​បន្ត​ថា​ច្បាប់​នេះ​នឹង​ចាត់វិធានការ ម៉ឺងម៉ាត់​ទៅលើ​បុគ្គល​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ទាំងនេះ។

សេចក្ដីថ្លែងការណ៍​របស់លោក ថិត យ៉ូហូ (Ted Yoho) ដដែល​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បង្កើត​ច្បាប់​នេះ ឡើង​ដើម្បី​ប្រើ​វិធានការ​ផ្នែក​រដ្ឋបាល​ដែល​មាន​ស្រាប់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស។


លោក​បន្ត​ថា ច្បាប់​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានលទ្ធភាព​ក្នុង​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​វិធានការ​ច្បាប់​នេះ នឹង​អាច​បំបែក​អំណាច​ប្រមូល​ផ្តុំ​នៃ​របប​លោក ហ៊ុន សែន បាន។

ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការប៉ុនប៉ង​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា អាច​ជា​ការរំលោភ​លើ​ដែន អធិបតេយ្យ​របស់​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ហៅ ដំណើរការ​ធ្វើ​ច្បាប់​របស់​តំណាងរាស្ត្រ​អាមេរិក​ថា កំពុង​បង្ហាញ​ពី មហិច្ឆតា​ត្រួតត្រា​អំណាច​របស់​ខ្លួន​លើ​ពិភពលោក​ប៉ុណ្ណោះ៖ «ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ណា គេ​ធ្វើ​ច្បាប់​សម្រាប់​ឲ្យ​ប្រទេស​នោះ​គេ​ប្រើប្រាស់ ហើយ​ហេតុ​អី​បានជា គាត់​ធ្វើ​ច្បាប់​គាបសង្កត់ មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅវិញ។ អាហ្នឹង​វា​មាន​ការ​ឆ្ងល់​មួយ។ អាហ្នឹង​បើ​មិន​ស្ថិត​នៅ​ក្នុង​បរិបទ​សហរដ្ឋអាមេរិក​ទេ បាន​សេចក្ដី​ថា គាត់​ធ្វើ​ច្បាប់​ហ្នឹង​ដើម្បី​រំលោភ​លើ​ឯករាជ្យភាព និង​អធិបតេយ្យភាព របស់​ប្រទេស​ផង​គ្នា នៅ​លើ​ពី​ភព​លោក​ហើយ។ វា​ហាក់​ដូច​ជា​គាត់​ធ្វើ ជា​មេ​កាង​នៅ​លើ​ពិភពលោក។ អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ ហើយក៏​មិន ស្រប​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ដែរ»។

ទោះជា​យ៉ាងណាក៏ដោយ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​បង្កើត​ច្បាប់ របស់​សហរដ្ឋអាមេរិក​មិនបាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ច្បាប់​នោះ​ធ្វើឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់​អាមេរិក​ដើម្បី​ប្រើប្រាស់​វិធានការ ឬ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កិច្ចការ​បរទេស​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សេចក្ដីព្រាង​ច្បាប់​របស់​តំណាងរាស្ត្រ​អាមេរិកាំង​លោក ថិត យ៉ូហូ (Ted Yoho) នឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​បុគ្គល ឬ​មន្ត្រី​ទាំងឡាយ​ណា​ដែល​គគ្រឹកគគ្រេង​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​រំលោភ​អំណាច រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ៖ «អាច​ជា​ជំហាន​មួយទៀត​ដែរ​ដើម្បី​ចាត់វិធានការ​ថែមទៀត​ដែល​គេ​ធ្លាប់​បាន​ប្រើប្រាស់​ហើយ ដូចជា​ការ​ដាក់ទណ្ឌកម្ម​ទៅ​លើ​របប​យោធា នៅ​ភូមា​អី​ជាដើម​ហ្នឹង។ គេ​ក៏​មាន​វិធានការ​ថែមទៀត​ទៅ​ដល់​អ្នក​ដឹកនាំ​នៃ​របប​យោធា​ហ្នឹង​ឯកោ​ក្នុង​ឆាក​អន្តរជាតិ។ អាហ្នឹង​ក៏​ធ្ងន់ធ្ងរ​ដែរ»។

រហូត​មក​ទល់​ពេលនេះ​របប​លោក ហ៊ុន សែន នៅតែ​ច្រាន​ចោល​ការ​ទាមទារ របស់​សហគមន៍​អន្តរជាតិ​ដើម្បី​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​ដដែល។ មេដឹកនាំ​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​រូបនេះ បាន​ប្រកាស​ម្តង​ហើយ​ម្ដងទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​ថ្ងៃ​អាច​រស់​ឡើងវិញ​បាន​នោះ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល កាល​ពី​ចុង ឆ្នាំ​២០១៧ ក្រោយពី​គណបក្សប្រឆាំង​មួយ​នេះ​បាន​ទទួល សំឡេង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧។

ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា សល់​តែ​រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ចាប់​ដំណើរការ ហើយ​រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច ណាស់​មាន​គណបក្ស ចំនួន ៩​ហើយ បាន​ចុះបញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។

ទោះជា​យ៉ាង​ណា​ដោយ តំណាងរាស្ត្រ​រាស្ត្រ​អាមេរិក​លោក ថិត យ៉ូហូ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ទេ​នោះ ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន គ្រាន់តែ​ជា​បោះឆ្នោត​បែប​បោកប្រាស់​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា វា​គ្រាន់តែ​ជា​ការ​អួតអាង​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​បើក​ឲ្យ​មាន​គណបក្ស​ផ្សេងៗ ទៀត​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​វា​ជា​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​ជាទីបំផុត។ យើង​ដឹង ហើយ​ថា​ការបោះឆ្នោត​នោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដោយសារ របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ដែល​មាន​អាសនៈ ជាច្រើន នៅ​ក្នុង​រដ្ឋសភា និង​មាន​ចលនា​គាំទ្រ​គណបក្ស​នេះ​ដ៏​ច្រើន សន្ធឹកសន្ធាប់។ លោក ហ៊ុន សែន បាន​ទាត់​គណបក្សប្រឆាំង​ដ៏​ធំ​នេះ ចេញ ហើយ​ឲ្យ​គណបក្ស​តូចតាច​ជាច្រើន​ទៀត​ចូលរួម​ការបោះឆ្នោត ដើម្បី​ប្រកាស​ថា​ខ្លួន​បើក​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​អ្នកណា​ក៏​ដឹង​ថា​ការបោះឆ្នោត​បែបនេះ​គឺជា​បោះ​ឆ្នោត​បោក​បញ្ឆោត និង​ជា​ការ​បោះឆ្នោត បែប​កំប្លុកកំប្លែង​មិន​អាច យក​ជា​ការ​បាន​នោះ​ទេ។ អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​ដូច្នេះ​គឺ ដោយសារ​គាត់​ខ្លាច គាត់​មិន​ទុកចិត្ត​ខ្លួនឯង ជាពិសេស​ខ្លាច​បាត់បង់​អំណាច​តែម្ដង។ ដូច្នេះ​គាត់​ធ្វើ​អ្វី​ដែល​ធ្វើ​ទៅ​បាន​ដើម្បី​បន្ត ក្ដោបក្ដាប់​អំណាច​តទៅទៀត»។

លោក​បន្ត​ថា​ប្រសិនបើ​​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត ឲ្យ​គណបក្ស​នេះ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ទេ នោះ​ជម្រើស ដ៏​ល្អ​បំផុត​គឺ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​តែម្ដង ពេល​នោះ​ពលរដ្ឋ ខ្មែរ​ទៅវិញ​ទេ​ដែល​ជា​អ្នក​ដកហូត យក​ភាព​ស្របច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ថិត យ៉ូហូ អះអាង​ថា មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កំណត់​ជោគវាសនា នៃ​ភាព​ស្របច្បាប់​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ៕
លោក ថិត យ៉ូហូ សមាជិក​សភា​អាមេរិក ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨។

ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

1 comment:

  1. បរាជ័យ កំពូជសត្វបីសាចតិរច្ឆាន៧មករា.
    បរាជ័យ កំពូជសត្វតិរច្ឆាន ហ៊ុនខួរអាចម៏សែន ។

    ReplyDelete