លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរនិយាយថា សម្ដីរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្វើឲ្យលោកសង្ស័យថា គណបក្សកាន់អំណាច នៅពីក្រោយគម្រោងសម្លាប់លោក។ ចំណុចដែលលោក ហុង លីម សង្ស័យថា គណបក្សនេះជា អ្នករៀបចំគម្រោងព្រមានសម្លាប់នេះ ព្រោះលោក សុខ ឥសាន បាននិយាយថា ការគំរាមសម្លាប់លោក ហុង លីម និងភរិយារបស់លោកបណ្ឌិត កែម ឡី គឺជាល្បិចរបស់ក្រុមលោក ហុង លីម រៀបចំឡើងដើម្បីទម្លាក់កំហុសដាក់គណបក្សប្រជាជនកម្ពុជា។
ស្របពេលសមត្ថកិច្ចអូស្ត្រាលីកំពុងស៊ើបអង្កេតលើលិខិតគំរាមសម្លាប់ លោក ហុង លីម កំពុងមានពន្លឺខ្លះៗនោះ។ លោក ហុង លីម យល់ថា សម្ដីរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលបានលើកឡើងគឺជាតម្រុយថ្មីមួយទៀតនៃការស៊ើបអង្កេត។ លោក ហុង លីម យល់ថា សម្ដីលោក សុខ ឥសាន មានន័យថាគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះ៖ «យីដល់អ៊ីចឹងទៅខ្ញុំឆ្ងល់ដែរ ដូច្នេះបានន័យថា គេទទួលស្គាល់ថា គេបានធ្វើអ៊ីចឹង ព្រោះខ្ញុំ មិនដែលចោទគណបក្សប្រជាជនកម្ពុជាទេ»។
ក្រោយពេល លោក សុខ ឥសាន បាននិយាយកាលពីចុងខែមីនាកន្លងទៅថា ការគំរាមសម្លាប់ក្រុមលោក ហុង លីម និងអ្នកស្រី ប៊ូ រចនា គឺជាល្បិចពាលស៊ីពាល ដែលរៀបចំឡើងដោយក្រុមលោកហុង លីម ខ្លួនឯង។ លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជាគ្មានវប្បធម៌លាបពណ៌ ឬដាក់បន្ទុកលើជនណា ដោយការគំរាមសម្លាប់នោះទេ។ ប៉ុន្តែល្បិចបែបនេះគឺមានតែក្រុមប្រឆាំងប៉ុណ្ណោះដែលតែងតែបង្កើតឡើង៖ «គាត់បង្កើតបញ្ហាដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា រឿងនេះជាល្បិចពាលស៊ីពាលនៅក្នុងក្រុមរបស់គាត់តែម្ដង បង្កើតនិងប្រឌិតបញ្ហាដើម្បីឲ្យគេមើលឃើញថា គេឲ្យតម្លៃលើគាត់ ប៉ុន្តែ ខ្ញុំយល់ថាទោះបីកើតឬមិនកើតក៏គ្មានអ្នកណាគេឲ្យតម្លៃលោក ហុង លីម ហ្នឹងដែរ»។
កាលពីខែមីនា មុនមួយអាទិត្យដែលពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើពិធីដាក់បណ្ដាសាដោយដុតទីងមោងរូបលោក ហ៊ុន សែន ជនអនាមិកបានសរសេរលិខិតគំរាមសម្លាប់ លោក ហុង លីម លោក ជា យូហន អភិបាលក្រុងស្ព្រីងវែល (Springvale) រដ្ឋវីកតូរីយ៉ា លោក តាក់ ម៉េងហ៊ាងបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ប្រចាំគណបក្សពលករ និងលោកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
លិខិតជនអនាមិកបានសរសេរគំរាមថា ពួកគេនឹងបាញ់សម្លាប់ក្រុមនេះទាំងអស់ដូចលោកបណ្ឌិត កែម ឡី អ៊ីចឹងដែរ។ ទាក់ទងដំណើរការនៃការស៊ើបអង្កេតនេះ លោក ហុង លីម បាន ឲ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចអូស្ត្រាលីបានស៊ើបអង្កេតពិនិត្យក្រយៅដៃ និងតាមដានអ្នកនៅពីក្រោយនៃលិខិតគំរាមសម្លាប់នោះហើយ៕ RFA Khmer
No comments:
Post a Comment