អ្នកនយោបាយ ឬមេដឹកនាំបក្សបក្សអំពិលអំពែកជាច្រើនរាប់អាណត្តិមកនេះ និងថ្មីៗនេះ តែងចោទប្រកាន់ពលរដ្ឋខ្មែរថា មិនយល់ពីខ្លួន ទើបមិនព្រមបោះឆ្នោតអោយខ្លួន ហើយនៅតោងតែជាមួយបក្សប្រឆាំង សង្រ្គោះជាតិ បេះមិនដាច់ ហើយចោទបន្ថែមអញ្ចេះអញ្ចុះគ្រប់បែបយ៉ាងមកលើរាស្រ្តខ្មែរ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយខ្លះ ឬមេដឹកនាំបក្សខ្លះហ៊ានរហូតដល់ប្រមាថពលរដ្ឋខ្មែរថាជាពូជឈាមថោក ពូជល្ងង់ខ្លៅអោយគេបោក មិនចេះសាមគ្គីគ្នាដើម្បីធ្វើការផ្លាស់ប្តូរ ។ល។ និង។ល។ ដោយម្នាក់ៗនៅងាប់តែជាមួយបក្សសង្រ្គោះជាតិ សម រង្ស៊ី និង កឹម សុខា។
តាមពិតបើពិនិត្យអោយជាក់ស្តែងទៅគឺអស់លោកអ្នកនយោបាយ ឬមេបក្សអំពិលអំពែកទាំងនោះទេដែលមិនយល់ពីពលរដ្ឋខ្មែរ។ ព្រោះថាការដែលពលរដ្ឋខ្មែរមិនព្រមបោះឆ្នោតអោយគណបក្ស ឬអ្នកនយោបាយអំពិលអំពែកទាំងនោះ មកពីពលរដ្ឋខ្មែរភាគច្រើនគិតថា«មានតែការរួមសាមគ្គីគ្នាទេទើបអាចឈ្នះបក្សផ្តាច់ការស៊ីភីភីនិងឈានទៅរកការផ្លាស់ប្តូរពិតប្រាកដបាន»។ ជាអកុសលនៅតែមានការបែកសំលេងខ្លះ ដោយពលរដ្ឋខ្មែរមួយចំនួនជឿតាមបក្សឬអ្នកនយោបាយអំពិលអំពែកទាំងនោះ។ ពោលបើគ្មានបក្ស ឬអ្នកនយោបាយអំពិលអំពែកបង្កើតឡើងដោយអ្នកនយោបាយអំពិលអំពែកទាំងនោះទេ ម្ល៉េះខ្មែរមានការផ្លាស់ប្តូរយូរមកហើយ។ នេះហើយជាមេរៀនដែលពលរដ្ឋខ្មែរមិនកែប្រែចិត្តគំនិត និងនៅប្រកាន់ជំហររឹងមាំជាមួយសង្រ្គោះជាតិ ទោះជាបក្សនេះត្រូវបាន ហ៊ុន សែន ប្រើទង្វើថោកទាបបំផ្លាញចោល ព្រោះការភ័យខ្លាចចាញ់ឆ្នោតចំពោះសង្រ្គោះជាតិក៏ដោយ។
ដូច្នេះ សូមអស់លោកអ្នកនយោបាយ ឬមេដឹកនាំបក្សទាំងឡាយមេត្តាគិតពិចារណាខ្លួនឯងទៅ ហើយឈប់ដៀលរាស្រ្តខ្មែរថាមិនយល់ពីខ្លួនទៀតអី។ ព្រោះថាការពិតគឺអស់លោកទៅវិញទេដែលមិនយល់ពីរាស្រ្តខ្មែរនោះ៕ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment