បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបត្រៀមសម្រេចច្បាប់មួយ ចាត់វិធានការ លើព្រឹត្តិការណ៍ នយោបាយចុងក្រោយនៅកម្ពុជា !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបត្រៀមសម្រេចច្បាប់មួយ ចាត់វិធានការ លើព្រឹត្តិការណ៍ នយោបាយចុងក្រោយនៅកម្ពុជា !!

បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបត្រៀមសម្រេចច្បាប់មួយ ចាត់វិធានការ លើព្រឹត្តិការណ៍ នយោបាយចុងក្រោយនៅកម្ពុជា !!

Share This

បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបត្រៀមសម្រេចច្បាប់មួយ ចាត់វិធានការ លើព្រឹត្តិការណ៍ នយោបាយចុងក្រោយនៅកម្ពុជា !!

សេចក្ដីស្នើច្បាប់មួយ ត្រូវបានដាក់ចូលទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលម្ងៃ ហើយទំនងជាត្រូវសម្រេច នៅថ្ងៃទី១៤ ខែកញ្ញានេះ ដើម្បីធ្វើការថ្កោលទោស ទៅលើការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ច្បាប់«បន្ទាន់»នោះ នឹងកំណត់ទៅស្ថាប័នមានសមត្ថកិច្ច របស់សហភាពអ៊ឺរ៉ុប ឲ្យដាក់វិធានការទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឲ្យបាន ពីសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិនយោបាយ និងសិទ្ធិសារព័ត៌មាន រួមមានទាំងការទាមទារ ឲ្យដោះលែងលោក កឹម សុខា «ជាបន្ទាន់» និងអនុញ្ញាតឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ ចូលកម្ពុជាវិញជាដើម

ច្បាប់«បន្ទាន់»មួយ ជុំវិញព្រឹត្តិការណ៍នយោបាយ ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ទំនងជាត្រូវបានសម្រេច ក្នុងថ្ងៃនេះ បន្ទាប់ពីត្រូវបានក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ចំនួន២៨នាក់ ស្នើចូលទៅកាន់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលម្ងៃ។

លោក «Umberto Gambini» តំណាងរាស្ត្រ - សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសអ៊ីតាលី ដែលបានចូលរួមស្នើច្បាប់នេះ បានថ្លែង នៅលើ ទំព័រទ្វីសធើរ របស់លោកថា ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួល បន្ទុក កិច្ចការ បរទេស និងនយោបាយសន្តិសុខ បានជជែកយ៉ាង ផុលផុស ក្នុងរាត្រីទី១៣ ចូលទី១៤ ខែកញ្ញា ពីសំណើរច្បាប់ខាងលើ ហើយនៅថ្ងៃទី១៤ ខែកញ្ញានេះ សភាអ៊ឺរ៉ុបនឹងបោះឆ្នោតសម្រេច។ លោកបានហៅច្បាប់នេះថា ជាច្បាប់ដ៏«ខ្លាំង»មួយទៀត ទៅលើករណីចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធរ រដ្ឋាភិបាលកម្ពុជា។

សេចក្ដីស្នើច្បាប់ ដែលទស្សនវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះដែរនោះ បានយោងតាមច្បាប់អន្តរជាតិ សេចក្ដីថ្លែងការណ៍ ជាសាកល សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងជាច្រើន ស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ដោយមានជាប់ទាក់ទង ជាមួយប្រទេសកម្ពុជា។ អត្ថបទនោះ បានយោងផងដែរ ពីរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៤១ ដែលចែងថា៖ «ប្រជាពលរដ្ឋខ្មែរ មានសេរីភាព ខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាព ខាងសារព័ត៌មាន សេរីភាព ខាងការបោះពុម្ពផ្សាយ សេរីភាព ខាងការប្រជុំ»។

បន្ថែមពីលើនេះ សេចក្ដីស្នើច្បាប់ នៅបានយោង តាម «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១» ដែលមានចែងក្នុងមាត្រា១៥ ត្រង់ចំណុចនៃការប្ដេជ្ញាចិត្ត ពីសំណាក់ភាគីហត្ថលេខីទាំងអស់ តម្រូវឲ្យមាន ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានគ្រឹះ នៅក្នុងប្រទេសកម្ពុជា ហើយក៏បានយោងដូចគ្នា ពីសេចក្ដីថ្លែងការណ៍ កាលពីប៉ុន្មានថ្ងៃមុន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងរបស់អ្នករាយការណ៍ពិសេស អង្គការ សហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស្ដីពីស្ថានការណ៍ នយោបាយ នៅប៉ុន្មានសប្ដាហ៍ ចុងក្រោយ ក្នុងប្រទេសនេះ។

អត្ថបទស្នើច្បាប់ បានលើកឡើងពីព្រឹត្តិការណ៍នយោបាយធំៗ និងសំខាន់ៗចុងក្រោយចំនួន១៤ចំណុច រាប់បញ្ជូលទាំងការចោទប្រកាន់ និងការចាប់ខ្លួន អ្នកនយោបាយ សមាជិកគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងអ្នកតំណាងសង្គមស៊ីវិល ក៏ដូចជាវិធានការថ្មីៗនេះ ក្នុងការបិទអង្គការក្រៅរដ្ឋាភិបាល និងវិទ្យុឯករាជ្យក្នុងស្រុកជាច្រើន នៅក្នុងប្រទេសកម្ពុជា។

អត្ថបទបានសរសេរថា៖ «ខណៈពេល ដែលអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន សែន បានកាន់អំណាចជាង ៣០ ឆ្នាំ ចំណែកឯលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងនាំមុខ នៅតែស្ថិតក្នុងការនិរទេសខ្លួន ដោយការចោទប្រកាន់ពីមុនមក ដែលមានមូលហេតុនយោបាយ»។

«នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅកម្ពុជា ពីបទក្បត់ជាតិ និងឃុបឃិតជាមួយជនបរទេស ហើយប្រឈមមុខ នឹងការជាប់គុករហូតដល់ ៣០ ឆ្នាំ។ ការចាប់ខ្លួនរបស់គាត់ ត្រូវបានធ្វើឡើង ដោយផ្អែកលើវីដេអូ ដែលគាត់កំពុងពិភាក្សា អំពីការខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីគាំទ្រការផ្លាស់ប្តូរ ដោយសន្តិវិធី និងប្រជាធិបតេយ្យនៅកម្ពុជា។»

«ការចាប់ខ្លួនរបស់លោក កឹម សុខា ហាក់ដូចជាត្រូវបានអនុវត្ត ដោយគ្មានការគោរពសិទ្ធិរបស់គាត់ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ និងការគោរព ចំពោះអភ័យឯកសិទ្ធិសភារបស់គាត់ ជាសមាជិកជាប់ឆ្នោតយ៉ាងត្រឹមត្រូវ នៃរដ្ឋសភាជាតិ»។

«នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានគំរាមកំហែងថា គណបក្សសង្គ្រោះជាតិនឹងត្រូវគេរំលាយ ប្រសិនបើបន្តគាំទ្រមេដឹកនាំ ដែលត្រូវបានឃាត់ខ្លួន លោក 
កឹម សុខា»។



ហើយខាងក្រោមនេះ ជាការសម្រេចទាំង ១០ចំណុច នៅក្នុងសេចក្ដីស្នើច្បាប់«បន្ទាន់»នោះ ដែលទស្សនាវដ្ដីសូមបកប្រែក្រៅផ្លូវការ ជូនទាំងស្រុងដូចតទៅ។

សភាអ៊ឺរ៉ុបសូម ៖

១- បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីបរិយាកាសកាន់តែអាក្រក់ទៅៗ សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

២- ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សា ការចោទប្រកាន់ដោយមូលហេតុនយោបាយ ការឃុំឃាំងតាមអំពើចិត្ត ការសាកសួរចម្លើយ ការកាត់ទោស និងការផ្តន្ទាទោស ចំពោះជនទាំងអស់ខាងលើ។

៣- បង្ហាញនូវការសោកស្តាយ ចំពោះការកើនឡើង នៃបទចោទប្រកាន់ ដែលមានចរិតនយោបាយ និងការយាយីតាមផ្លូវតុលាការ ទៅលើអ្នកការពារសិទិ្ធមនុស្ស និងសកម្មជននានា ជាពិសេសការចោទប្រកាន់ ពីបទល្មើសនយោបាយ ការផ្តន្ទាទោស និងការផ្តន្ទាទោស ទាក់ទិននឹងការងារស្របច្បាប់ របស់សកម្មជន អ្នករិះគន់នយោបាយ និងអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា។

៤- អំពាវនាវឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ និងដោយគ្មានល័ក្ខខ័ណ្ឌ សម្រាប់រាល់ការចោទប្រកាន់ ប្រឆាំងនឹងរូបលោក ហើយត្រូវបញ្ចប់ការគំរាមកំហែង នៃការចាប់ខ្លួន ប្រឆាំង នឹងសមាជិកសភា គណបក្សប្រឆាំង។

៥- ទាមទារទៅកាន់អាជ្ញាធរកម្ពុជា ឱ្យដកហូតដីកាចាប់ខ្លួន និងទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ប្រឆាំងអតីតមេដឹកនាំគណបក្សប្រឆាំង និងសមាជិកសភា លោក សម រង្ស៊ី ក៏ដូចជា ឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងនឹងមន្ដ្រីគណបក្សប្រឆាំងដទៃទៀត និងអ្នកការពារសិទិ្ធមនុស្ស ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ជាពិសេសសមាជិករដ្ឋសភា លោក អ៊ុំ សំអាត សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី។

៦- ប្ដេជ្ញាចិត្ត ជំរុញទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន អំពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេស ហើយ លុប ចោល ច្បាប់បង់ពន្ធ ជូនកាសែតខេមបូឌាដេលី។ សភាអ៊ឺរ៉ុប សូមជំរុញទៅរដ្ឋាភិបាល ឱ្យអនុញ្ញាតបើកឡើងវិញ នូវស្ថានីយវិទ្យុ ដែលទើបត្រូវបានបិទ កាលពីពេលថ្មីៗនេះ។ សភាអ៊ឺរ៉ុប សម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការបិទអង្គការ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយមិនមាននីតិវិធីត្រឹមត្រូវ។

៧- ទាមទារទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន នូវដំណើរការដោយយុត្តិធម៌ នៅក្នុងគ្រប់វិធានការទាំងអស់ ដែលត្រូវបានអនុវត្តន៍ រួមទាំងសិទ្ធិ ក្នុងការប្តឹងឧទ្ធរណ៍ និងគោរពសិទិ្ធសេរីភាព ក្នុងការបង្កើតសមាគម និងសេរីភាព នៃការបញ្ចេញមតិ។

៨- គូសបញ្ជាក់ អំពីសារៈសំខាន់ នៃបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់សហភាពអឺរ៉ុប និងការចូលរួមចំណែករបស់ខ្លួន ចំពោះការបោះឆ្នោតដោយយុត្តិធម៌ និងដោយសេរី។ សភាអ៊ឺរ៉ុប សូមអំពាវនាវដល់ គ.ជ.ប (គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជា) និងអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីធានាថា អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ រួមទាំងកម្មករចំណាកស្រុក និងអ្នកជាប់ឃុំ អាចចូលទៅពិគ្រោះ និងមានពេលវេលា ដើម្បី ទាញ យក ប្រយោជន៍ ពីឱកាស នៃការចុះឈ្មោះ បោះឆ្នោត។

៩- ចាត់ទុកថា ការបង្ក្រាបផ្នែកនយោបាយ នាពេលថ្មីៗនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ ចំពោះភាពជឿជាក់ នៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ សភាអ៊ឺរ៉ុបសូមព្រមានប្រទេសកម្ពុជា ជាមុនថា ភាពស្របច្បាប់ នៃការបោះឆ្នោតនាពេលខាងមុខ អាចប៉ះពាល់ដល់ការអនុវត្ត កិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។

១០- ចាត់ឲ្យប្រធានសភាអ៊ឺរ៉ុប ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអ៊ឺរ៉ុប - ទៅកាន់គណៈកម្មការអ៊ឺរ៉ុប និងអនុប្រធានគណៈកម្មការ / តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ - ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅ របស់សហភាពអឺរ៉ុប - ទៅកាន់រដ្ឋាភិបាល នៃប្រទេសជាសមាជិក និងទៅកាន់សភា នៃប្រទេសជាសមាជិក - និងជាចុងក្រោយ ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា៕







ប្រភពពី ៖ Chham Chhany

No comments:

Post a Comment