គតិធម៌ដឹកនាំរដ្ឋដ៏អស្ចារ្យតាមបែបព្រះពុទ្ធសាសនា «សីល៥ ឬបញ្ចសីល ឬនិច្ចសីល» ដែលខ្មែរមិនបានអនុវត្តក្នុងនាមជាពុទ្ធសាសនិក
ជាការមើលឃើញ គឺពលរដ្ឋខ្មែរជាពលរដ្ឋល្អណាស់ ហើយបើពលរដ្ឋខ្មែរមានមេដឹកនាំល្អ មានមនសិការជាតិ និងបានគោរពព្រះពុទ្ធសាសនាត្រឹមត្រូវជាគម្រូដល់រាស្រ្ត និងឲ្យពលរដ្ឋខ្មែរគ្រប់គ្នាប្រកាន់យកតែសីល ៥ (សិក្ខាបទ៥) សម្រាប់ជាប្រទីបដឹកនាំប្រទេស និងជីវិត នោះខ្មែរយើងនឹងបានសេចក្តីសុខ និងស្រុកពិតជាបានរីកចំរើនពិតៗមិនខានឡើយ។
មូលហេតុដែល ខ្មែរ សុវណ្ណភូមិ ហ៊ានអះអាងបែបនេះ ព្រោះថា «សិក្ខាបទ៥» បានបង្រៀនថា ៖
១. «បាណាតិបាតា វេរមណី» ប្រែឲ្យងាយយល់គឺ «ហាមសំលាប់ឫបៀតបៀនសត្វមានជីវិត»។ ដូច្នេះ បើយើងគ្រប់គ្នាទាំងរាស្រ្ត ទាំងមន្រ្តី ប៉ូលិស កងទ័ព និងមេដឹកនាំ ប្រកាន់យកធម៌នេះ នោះគ្មានហេតុផលអ្វីយើងត្រូវកាប់សំលាប់គ្នានោះទេ មិនថាក្នុងហេតុផលអ្វីឡើយព្រោះយើងជាពុទ្ធសាសនិក និងជាខ្មែរដូចគ្នា ជាគ្រួសារតែមួយ ជាជាតិសាសន៍តែមួយនោះ។
២. «អទិន្នាទានា វេរមណី» ប្រែឲ្យងាយយល់គឺ «ហាមលួច ចង់បាន ឬយករបស់អ្នកដទៃដែលគេមិនបានឱ្យ» មានន័យថា បើយើងប្រកាន់យកធម៌នេះបាន នោះគ្មានហេតុផលអ្វី ដែលយើងមានគំនិតរកស៊ីកេងប្រវ័ញ្ចចង់បានពីអ្នកផ្សេងដែលជាខ្មែរដូចគ្នា មានគំនិតពុករលួយ និងលួចជាតិនោះឡើយ ហើយក៏គ្មានការឆក់ប្លន់ដែរ។ យើងមិនអាចធ្វើទង្វើទាំងនេះបានទេ ប្រសិនបើយើងជាពុទ្ធសាសនិកពិតប្រាកដមែននោះ។
៣. «កាមេសុ មិច្ឆាចារា វេរមណី» ប្រែឲ្យងាយយល់គឺ«ហាមផិតក្បត់ ឬហាមមានសហាយស្មន់នឹងរបស់គេឬកូនគេ» មានន័យថាប្រសិនបើយើងពិតជាពុទ្ធសាសនិកមែននោះ យើងមិនអាចប្រព្រឹត្តនូវទង្វើចាប់ប្រពន្ធកូនគេមករំលោភ មានស្រី/ប្រុសខាងក្រៅ ចិញ្ចឹមស្រី/ប្រុសលួចលាក់ សាហាយជាមួយប្រពន្ធ/ប្តី/កូនគេដែលមានគគ្រឹកគ្រេងដូចសព្វថ្ងៃឡើយ។ ជាពិសេសអស់លោកមន្រ្តី និងអ្នកមានអំណាចដែលបានលួចជាតិយកទៅចិញ្ចឹមស្រីក្មេង និងនាំឲ្យមានការកាប់សំលាប់ ឬការប្រើហិង្សាជាញឹកញាប់រឿងផឹតក្បត់នេះ ហើយក៏ជាហេតុបង្កឲ្យសង្គមការជួញដូរផ្លូវភេទផងដែរ។
៤. «មុសាវាទា វេរមណី» ប្រែឲ្យងាយយល់គឺ «កុំនិយាយកុហក» មានន័យថាប្រសិនបើឪពុកម្តាយ ប្តីប្រពន្ធ បងប្អូន កូនជាមួយឪពុកម្តាយ និងគ្រួសារមួយទៅគ្រួសារមួយ មន្រ្តីពីលើដល់ក្រោម មេដឹកនាំពីថ្នាក់ជាតិដល់ថ្នាក់ក្រោម ចេះនិយាយភាសាស្មោះត្រង់នឹងគ្នា មិនកុហក មិនឃោសនា បោកប្រាស់ នោះសមាជិកក្នុងគ្រួសារនឹងមានទំនុកចិត្តជាមួយគ្នា មន្រ្តីនិងមន្រ្តីកាន់តែគោរពគ្នា ពលរដ្ឋនិងមន្រ្តី មានជំនឿទុកចិត្តនឹងគ្នា មេដឹកនាំនិងមន្រ្តីខ្លួនកាន់តែទុកចិត្តគ្នា ពលរដ្ឋនិងមេដឹកនាំ កាន់តែគោរព ស្រឡាញ់ និងទុកចិត្តគ្នា។ ទីបំផុតកគឺយើងនឹងរស់នៅដោយសេចក្តីសុខទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ ជាប្រជាជាតិតែមួយពិតជាមិនខាន។
៥. «សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី» ប្រែឲ្យងាយយល់គឺ «ហាមសេពនូវគ្រឿងស្រវឹង ឬគ្រឿងញៀនអាភៀនគ្រប់ប្រភេទដែលជាហេតុធ្វើអោយប្រាជ្ញាថយចុះ» មាន័យថា យើងមិនគួរពិសាគ្រឿងស្រវឹងឬគ្រឿងញៀនអាភៀនគ្រប់ប្រភេទដែលជាហេតុធ្វើអោយនាំកើតទុក្ខដាក់ខ្លួនឯង ក្រុមគ្រួសារ និងរហូតដល់ធ្វើឲ្យខូចកិត្តិយសជាតិនោះទេ។ ពោលយើងត្រូវចេះសេពគ្រឿងស្រវឹងប្រសិនបើចៀសមិនផុត ប្រទេសជាតិក៏មិនគួរយកគ្រឿងស្រវឹងជាត្រីមុខ ជាមោទនភាពជាតិដូចសព្វថ្ងៃឡើយ។ តែត្រូវធ្វើក្នុងកម្រិតមួយសមរម្យដូចគេដូចឯង ដូចប្រទេសនានាក្នុងលោកណេះគេធ្វើ។
ប៉ុន្តែយើងហួសហេតុពេកហើយ ដោយគ្រប់ទីកន្លែងឃើញតែផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទូទាំងរាជអាណាចក្រខ្មែរ មេដឹកនាំលើកទឹកចិត្តពលរដ្ឋឲ្យផឹកគ្រឿងស្រវឹង មុខជំនួញរីកដុះដាលច្រើនជាងគេគឺគ្រឿងស្រវឹង ផឹកៗៗ រដ្ឋបើកដៃដោយគ្មានច្បាប់គ្រប់គ្រងឡើយ ហើយការណ៍នេះនាំឲ្យជាតិបាត់បង់សេដ្ឋកិច្ចជាច្រើន ដោយការនាំចូលគ្រឿងស្រវឹង ពលរដ្ឋចំណាយលើគ្រឿងស្រវឹង ខាតការងាររកស៊ី ខូចសុខភាព ខាតសេដ្ឋកិច្ចគ្រួសារ និងបង្កវិបត្តិក្នុងគ្រួសារ ដែលជាហេតុនាំឲ្យគ្រោះថ្នាក់ដល់ជាតិយ៉ាងធ្ងន់ធ្ងរនាពេលអនាគត ដោយសារពលរដ្ឋមានសុខភាពមិនល្អទាំងផ្លូវការ និងផ្លូវចិត្ត រួមទាំងសេដ្ឋកិច្ចគ្រួសារផងបណ្តាលមកពីគ្រឿងស្រវឹងនេះឯង។
តាមចំណុចទាំងអស់នេះ ជនរួមឈាមខ្មែរអាចយល់បានយ៉ាងងាយថាប្រសិនបើយើងគោរពបាននូវ «សីល៥» ខ្ជាប់ខ្ជួន នោះជាតិសាសន៍យើងមិនរងទុក្ខដូចសព្វថ្ងៃឡើយ។
ជាចុងក្រោយនេះ ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា ប្រសិនបើ ខ្មែរ សុវណ្ណភូមិ ជាអ្នកដឹកនាំប្រទេស«សីល៥» នេះនឹងក្លាយជាគោលវិន័យមួយដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរគ្រប់រូបត្រូវតែយល់ដឹង បណ្តុះគំនិតតាំងពីកុមារភាពនៅសាលាមេត្តេយ្យ អនុវត្ត និងប្រតិបត្តិតាមដោយកំហិត និងប្រកបដោយវិចារណញ្ញាណ។ តែត្រូវចាំ «សីល៥»នេះ មិននិយាយជាមួយកិច្ចការជាតិទាក់ទងសត្រូវបរទេសឡើយ៕
អត្ថបទដោយ ៖ ខ្មែរ សុវណ្ណភូមិ
កែបន្ថែមតិចតួចដោយ កម្សាន្តខ្មែរ ២០១៧
អត្ថបទទាក់ទង ៖ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច លោកវង សូត គំរាមវាយសំពងក្បាលប្រជាខ្មែរដោយគល់ប្ញស្សី បើហ៊ានតវ៉ាចំពោះលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ !!
No comments:
Post a Comment