ប្រវត្តិខេត្តបាត់ដំបងនិងការវិលចូលមកទឹកដីខ្មែរវិញ ដកស្រង់ចេញពីសៀវភៅ បាត់ដំបង អេសុងប៉ាសេ និង ឡាថៃឡង់  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រវត្តិខេត្តបាត់ដំបងនិងការវិលចូលមកទឹកដីខ្មែរវិញ ដកស្រង់ចេញពីសៀវភៅ បាត់ដំបង អេសុងប៉ាសេ និង ឡាថៃឡង់ 

ប្រវត្តិខេត្តបាត់ដំបងនិងការវិលចូលមកទឹកដីខ្មែរវិញ ដកស្រង់ចេញពីសៀវភៅ បាត់ដំបង អេសុងប៉ាសេ និង ឡាថៃឡង់ 

Share This

ប្រវត្តិខេត្តបាត់ដំបង និងការវិលចូលមកទឹកដីខ្មែរវិញ 

ឯកសារខាងក្រោមនេះ ដកស្រង់ចេញពីសៀវភៅ «បាត់ដំបង អេសុងប៉ាសេ» បោះពុម្ពផ្សាយជាភាសាបារាំង នៅឆ្នាំ១៩៦៨ ដោយក្រសួងឃោសនាការខ្មែរ និងសៀវភៅឈ្មោះ «ឡាថៃឡង់» និពន្ធដោយលោក ភីសជេ បោះផ្សាយនៅក្រុងប៉ារីស។ រីឯឯកសារជាក់ស្តែងក្នុងស្រុក ដូចជាតំណាងនៃកុងស៊ុលបារាំងនៅបាត់ដំបង ជាឯកសារនិយាយដែលទទួលពីលោកតា ឥន្ទសុន្ទរ៍ នៅភូមិជ្វាធំ តាមដែលគាត់បានឃើញ និង បានដឹងនៅសម័យនោះ ។

ចាប់តាំងពីការបែកបាក់បន្ទាយលង្វែកមក ប្រទេសខ្មែរបានថយឫទ្ធានុភាពយ៉ាងខ្លាំង។ យូន និងសៀមគំរាមកំហែងខ្មែរជានិច្ច។ នៅឆ្នាំ ១៧៩៤ ខេត្តបាត់ដំបងបានធ្លាក់ក្រោមការត្រួតត្រារបស់សៀម។ ព្រះបាទអង្គដួងព្រួយបារម្ភនឹងងវាសនាប្រទេសខ្មែរ ក៏សុំជំនួយបារាំង។ នៅឆ្នាំ ១៨៥៩ បារាំងបានចូលមកតាំងនៅព្រៃនរគរ ហើយក្រោយមកទៀត ក៏ពង្រីកដែនអាណានិគមកូសាំងស៊ីនលើទឹកដីកម្ពុជាក្រោមដែលជារបស់ខ្មែរ ដែលយួនកំពុងទន្ទ្រានយក ។ នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្តម បានដាក់ប្រទេសខ្មែរក្រោមអំណាចការពាររបស់បារាំង ដែលនាំឱ្យប្រទេសខ្មែរបានរួចផុតពីជម្រៀតជម្រែកសៀម និង យួន ។ នៅឆ្នាំ១៨៦៧ ព្រះចៅសៀមសុខចិត្តទទូលស្គាល់អំណាចការពាររបស់បារាំង មកលើប្រទេសខ្មែរ តែសៀមនៅត្រួតត្រាខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ ម្លូព្រៃនិងទន្នេរពៅដដែល ។

នៅឆ្នាំ ១៨៨៣ មានអនុសញ្ញាបារាំងខ្មែរមួយ ដាក់ប្រទេសខ្មែរក្រោមអាណានិគមបារាំង ។ ចាប់ពីពេលនោះមក ខ្មែរបានធ្លាក់ខ្លួនជាខ្ញុំកញ្ជះបារាំងពិតប្រាកដហើយ។ បារាំងត្រូវសម្រេចវាសនាខ្មែរជំនួសខ្មែរក្នុងឋានៈជាអាណាព្យាបាល ។

បារាំងមានបំណងចូលមកកាន់កាប់ខេត្តបាត់ដំបង និងសៀមរាបដោយកម្លាំងកងទ័ព ។ ប៉ុន្តែ នៅឆ្នាំ ១៨៨៦ មានឧប្បត្តិហេតុជាច្រើនរវាងបារាំង និងសៀម នៅប្រទេសលាវ ហើយមានបំណងនឹងរំដោះ តំបន់ត្រើយខាងឆ្វេងនៃទន្លេមេគង្គ ដែលក្នុងនោះមានខេត្តទន្លេរពៅ របស់ខ្មែរ និងខេត្តចំប៉ាសាក់របស់លាវ ។ អ្នកអង្គម្ចាស់ទេវវង្ស ខាងសៀមត្រូវទទួលបរាជ័យ។ បារាំងបានបញ្ជូននាវាចំបាំងចំនួន ២គ្រឿង ឱ្យវាយប្រយុទ្ធឡើងតាមទន្លេមេណាមចៅផ្រះយ៉ាទៅចតនៅមុខបាងកកនៅថ្ងៃ ៨ កក្កដា ឆ្នាំ១៨៩៣។

នៅថ្ងៃទី២០ ខែកក្កដា បារាំងបានផ្ញើឱសានវាទមួយបង្ខំសៀម។ ព្រះចៅសៀម ចុឡាឡុងកន ក៏យល់ព្រមតាមឱសានវាទរបស់បារាំងនៅថ្ងៃទី២៩ ខែ ឆ្នាំដដែល ។ សៀមសុខចិត្ត ចុះសន្ធិសញ្ញាជាមួយបារាំងនៅថ្ងៃទី៣ តុលា ឆ្នាំ១៨៩៣ ដោយសុខចិត្តដកថយ ពីដែនដីទាំងអស់ដែលនៅត្រើយខាងឆ្វេងនៃទន្លេមេគង្គ។

បារាំងបញ្ជូនកងទ័ពឱ្យទៅកាន់កាប់ខេត្តសៀមឈ្មោះចន្ទបុរី និងត្រាត ដើម្បីបង្ខំឱ្យសៀមគោរពសន្ធិសញ្ញានេះ ។ តែបារាំងមិនបានទាមទារឱ្យសៀមប្រគល់ខេត្តបាត់ដំបង និងសៀមរាបមកឱ្យខ្មែរវិញទេពេលនោះ ។ តែមាត្រា៣ នៃសន្ធិសញ្ញានេះ បារាំងបង្ខំសៀមមិនឱ្យទ័ពនៅតំបន់ដែលមានទទឹង ២៤ គម ស្របតាមត្រើយខាងស្តាំនៃទន្លេមេគង្គ ព្រមទាំងបាត់ដំបង និង សៀមរាបទៀត។ ដូចនេះសៀមគ្មានអំណាចតាំងទ័ព ឫសង់បន្ទាយនៅខេត្តទាំង ២ នេះទេ គឺនៅពេលនោះហើយដែលរាជការសៀមផ្តើមពង្រឹងអំណាចប៉ូលីស ដើម្បីត្រួតត្រាតំបន់គ្មានកងទ័ពនៅតាមបណ្តោយទន្លេមេគង្គ ។

ទំនាស់មួយបានកើតឡើងក្នុងការអនុវត្តមាត្រា៤ នៃសន្ធិសញ្ញាឆ្នាំដែលចែងអំពីសិទ្ធិបារាំងក្នុងការពារជនជាតិខ្មែរ យួន លាវ ដែលរស់នៅដែនដីសៀម ។ បារាំងត្រូវការពារជនជាតិទាំងនេះតាមផ្លូវច្បាប់ កុំឱ្យមានការជិះជាន់ពីអាជ្ញាធរសៀម។ មាត្រា៤នេះ ធ្វើឱ្យសៀមបាត់បង់អធិបតេយ្យ ផ្ទៃក្នុងយ៉ាងខ្លាំង ។ សៀមបានរិះរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញមាត្រាទី៤នេះ ដោយប្រើគ្រប់វិធី បង្ខិបង្ខំជនជាតិខ្មែរ ដែលរស់នៅក្រោមអំណាចគេឱ្យប្រកាសខ្លួនជាសៀម ។ នៅឆ្នាំ ១៨៩៦ បារាំងបានបញ្ជូនស្នងការម្នាក់ឱ្យមកតាំងនៅបាត់ដំបង ក្នុងបំណងការពារសិទ្ធិរស់នៅនៃជនជាតិ ខ្មែរ លាវ យួន។

នៅឆ្នាំ១៨៩៧ ព្រះចៅសៀម ចុឡាឡុងកន បានយាងទៅធ្វីទស្សនៈកិច្ចនៅប្រទេសនានានៅទ្វីបអីរ៉ុប មានប្រទេសរុស្សី ប្រទេសអាឡីម៉ង់ ប្រទេសអង់គ្លេស ប្រទេសបារាំង ។ នៅក្រុងប៉ារីស ព្រះចៅសៀម ចុឡាឡុងកន បានចូលទៅជួបប្រធានាធិបតីបារាំងឈ្មោះ ភេលិច ផូរ ស្នើសុំឱ្យលុបចោលមាត្រាទី៤ នៃសន្ធិសញ្ញានេះចេញ។ ប្រធានាធិបតីបារាំង ភេលិច ផូរ សុខចិត្តលុបមាត្រា ៤ នេះចោល បើសិនជាសៀមសុខចិត្តប្រគល់ខេត្តបាត់ដំបង សៀមរាប និង ចន្ទបុរីមកឱ្យបារាំង។

នៅឆ្នាំ១៩០២ បារាំងបានចុះសន្ធិសញ្ញាជាមួយសៀម លុបចោលសិទ្ធការពារជនជាតិខ្មែរ យួន លាវ ដែលមានចែងក្នុងមាត្រា ៤ នៃសិទ្ធិសញ្ញាឆ្នាំ ១៨៩៣ ដោយគ្រាន់តែយកខេត្តម្លូព្រៃ និង ទន្លេររពៅ ដែលមានទំហំ ២០០០០គម ២ មកវិញ ។ តែសន្ធិសញ្ញាថ្មីនេះត្រូវបានមតិបារាំងរិះគន់យ៉ាងខ្លាំង ហើយក៏ខានឱ្យសច្ចាប័នទៅវិញ ។

នៅឆ្នាំ១៩០៤ បារាំងបានបង្ខំសៀមឱ្យចុះសន្ធិសញ្ញាប្រគល់ខេត្តម្លូព្រៃ និង ទន្លេរពៅ មកឱ្យខ្មែរ ។ សន្ធិសញ្ញានេះមានមាត្រាសម្ងាត់មួយទៀត ដែលសៀមត្រូវប្រគល់អំណាចប៉ូលីស ខេត្តបាត់ដំបង សៀមរាប និង សេរីសោភ័ណមកឱ្យបារាំង។ ចាប់ពីពេលនោះមក គេឃើញមានទាហានបារាំងចូលមកចាត់ចែងបង្ហាត់ទាហាននៅបាត់ដំបង។ ជាមួយគ្នានោះ បារាំងសុំឱ្យសៀម ប្រគល់សិទ្ធិឱ្យបារាំងស្ថាបនារួមគ្នាជាមួយសៀម នូវផ្លូវរថភ្លើងពីបាត់ដំបងទៅភ្នំពេញ ។

តាមមាត្រា១ នៃសិទ្ធិសញ្ញានេះ សៀមត្រូវប្រគល់ខេត្ត បាត់ដំបង សៀមរាប សេរីសោភ័ណមកឱ្យបារាំង ហើយបារាំងក៏ប្រគល់ឱ្យសៀមវិញ នូវដែនដីដានសាយ និងក្រាតព្រមទាំងកោះនានានៅខាងត្បូងជ្រោយឡិមលិងរហូតដល់កោះគុត។ ការប្តូរដែនដីត្រូវធ្វើ ២០ថ្ងៃក្រោយ ដែលសន្ធិសញ្ញានេះត្រូវធ្វើសច្ចាប័ន ។

អគ្គទេសសាភិបាលបារាំងនៅឥណ្ឌូចិន បានប្រគល់ខេត្តបាត់ដំបង សៀមរាប និង សេរីសោភ័ណថ្វាយព្រះមហាក្សត្រខ្មែរព្រះបាទស៊ីសុវត្ថិ។

ខេត្តបាត់ដំបង ដែលធ្លាក់ក្រោមអំណាចសៀម ដោយសារតែអំពើលោភលន់របស់ចៅហ្វ៊ាបែនពីឆ្នាំ ១៧៩៥ នោះត្រូវបានវិលមកកាន់មាតុភូមិខ្មែរវិញ ក្នុងរាជព្រះមហាក្សត្រខ្មែរព្រះបាទស៊ីសុវត្ថិ និង ក្នុងរាជ្យព្រះចៅសៀមព្រះរាមាទី៤ ចុឡាឡុងកន។

ឆ្នាំ១៩០៧ ជាឆ្នាំប្រវត្តិសាស្រ្តរបស់ខេត្តបាត់ដំបង ដែលបានរួចខ្លួនពីអំណាចត្រួតត្រារបស់សៀម អស់មួយសតវត្សរ៍។

ដក់ស្រង់ចេញពីសៀវភៅ បាត់ដំបង សម័យលោកម្ចាស់

សូមអញ្ជើញ ទស្សនា នូវខ្សែវីដេអូ របស់ខេត្តបាត់ដំបង ថតដោយ Camera Drone





















អត្ថបទដោយ Nao Sok  

No comments:

Post a Comment