កម្ពុជាប្រាប់មន្ត្រីទូតបរទេសថាការប្ដឹងទៅICJ ដើម្បីបញ្ចៀសការប្រើកម្លាំង
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ខែមិថុនាបានជួបតំណាងទូតបរទេសប្រចាំនៅកម្ពុជា ដើម្បីប្រាប់អំពីបញ្ហាតានតឹងនៅតំបន់ព្រំដែនកម្ពុជានិងថៃ ។ អ្នកឃ្លាំមើលលើកឡើងថា នីតិវិធីការទូតរបស់រដ្ឋាភិបាលនេះជារឿងល្អដើម្បីឱ្យបរទេសបានដឹងថាកម្ពុជាពុំបានឈ្លានពានទឹកដីប្រទេសថៃដូចការចោទប្រកាន់នោះទេ។
ហ្វេសប៊ុកក្រសួងការបរទេសបានឱ្យដឹងថា លោក ប្រាក់ សុខុន បានប្រាប់អង្គទូតបរទេសពីគោលបំណងរបស់រដ្ឋាភិបាលដាក់លិខិតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្នើសុំដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៧ខែមិថុនា។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សាទរ នឹងនីតិវិធីការទូតរបស់ក្រសួងការបរទេសនេះថា ជារឿងល្អ ដើម្បីឱ្យទូតបរទេសបានដឹងអំពីការឃ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យកម្ពុជា គឺពុំមែនកម្ពុជាចង់បង្កជម្លោះជាមួយប្រទេសជិតខាងឡើយ។
លោក រ៉ុង ឈុន៖ «ពីព្រោះយើងដឹងហើយដែលកម្ពុជាដាក់ទៅ តុលាការអន្តរជាតិអាយស៊ីជេ(ICJ) ត្រង់ចំណុចហ្នឹងហើយជាការសម្រេចចិត្តត្រឹមត្រូវ ជាជម្រើសមួយដ៏ល្អប្រសើរ ដែលយើងតវ៉ាទៅតាមច្បាប់អន្តរជាតិ។ យើងមិនចង់ឃើញបញ្ហាផ្សែងសង្គ្រាម ហើយបើមានផ្សែងសង្គ្រាមវាធ្វើឱ្យប៉ះពាល់ទៅដល់ សុខសុវត្ថិភាពទាំងសង្ខាង»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មានប្រសាសន៍ថា តំណាងទូតបរទេសមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពន្យល់ឱ្យដឹងពីគោលបំណងរបស់ខ្លួនពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយថៃនៅលើឆាកអន្តរជាតិ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរខិតខំបន្តទៀតក្នុងការស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
លោក ម៉ែន ណាត៖ «អាហ្នឹងជាវិធីសាស្ត្រ Lobby ឬជាវិធីសាស្ត្រទាក់ទាញនៅក្នុងនយោបាយការទូតឱ្យគេយល់ពីយើង ជៀសវាងឧទាហរណ៍ដូចថៃ។ ថៃគេបានជម្រាបអ្នកការទូតរបស់គេដែរ គេថាកម្ពុជាបំពានទឹកដីព្រំដែនរបស់គេ។បើសិនជាថៃគេធ្វើអីចឹងហើយយើងអត់ធ្វើអាហ្នឹងយើងចាញ់ប្រៀបនៅក្នុងនយោបាយការទូត ម្ល៉ោះហើយកម្ពុជាត្រូវតែពន្យល់ដែរ។ ហើយមិនមែនពន្យល់អ្នកការទូតតែនៅទីក្រុងភ្នំពេញទេ ប្រមុខការទូតកម្ពុជាត្រូវប្រាប់សមាគមអាស៊ាន ប្រាប់អង្គការសហប្រជាជាតិថែមទៀតអំពីបំណងជាក់លាក់ដែលកម្ពុជាប្ដឹងប្រទេសនៅក្នុងលើសំណុំរឿងព្រំដែនហ្នឹង»។
កាលពីថ្ងៃទី២៨ឧសភាកងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ។រដ្ឋាភិបាលកម្ពុជាថា ទាហានថៃបានរំលោភអធិបតេយ្យកម្ពុជា ហើយប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅប្រចាំការនៅតំបន់មានជម្លោះ ។ កាលពីថ្ងៃទី១៦ខែមិថុនា កម្ពុជាបានដាក់លិខិតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅប្រទេសហូឡង់ (Netherlands) ដើម្បីឱ្យជួយដោះស្រាយបញ្ចប់ភាពតានតឹងរវាងប្រទេសទាំងពីរ៕
----
រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ប្រាក់សុខុន #តុលាការយុត្តិធម៌អន្តរជាតិ #ជម្លោះព្រំដែន
#RFAKhmer #Cambodia #Thailland #HunManet #HunSen #PrakSokhonn #ICJ #BorderConflict
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានទទួលពាក្យបណ្ដឹងពីកម្ពុជា
No comments:
Post a Comment