លោកបណ្ឌិត ឥន្ទ សុផល ៖ ៩ ចំណុចសំខាន់ៗ ដែល «កោះគុត» នៅតែជាចំណែកមួយនៃដែនអធិបតេយ្យរបស់ខ្មែរ ។
នៅក្នុងនាមអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និង ទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន្ទ សុផល បានលើកករណីសិក្សាចំនួន ៩ ចំណុចសំខាន់ៗ ដែលបង្ហាញថា «កោះគុត» នៅតែជាមួយផ្នែក នៃ ដែនអធិបតេយ្យភាពរបស់ខ្មែរ ពោលគឺរាប់ពីចំណុចខ្ពស់បំផុតនៃកោះគុត នោះគឺជាចំណែកនៃដែនអធិបតេយ្យរបស់ខ្មែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ឥន្ទ សុផល មកកាន់បណ្ដាញព័ត៌មាន Fresh News។ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន្ទ សុផល បានលើកយកករណីសិក្សាចំនួន ២ មកបង្ហាញតាមរយៈបណ្ដាញព័ត៌មាន Fresh News គឺ ៖
ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧ និង
ទី២. ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៤ និង ១៩០៧ ។
ទី១. ព្រំដែនសមុទ្ររវាងបារាំង-សៀមឆ្នាំ១៩០៧
១. បញ្ហាកោះគុត គឺជារឿងអធិបតេយ្យភាពរបស់ជាតិខ្មែរទាំងមូល ។
២. យោងតាមខ្លឹមសារនៃសន្ធិសញ្ញាបារាំង - សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។
ប្រការ ១ “..ព្រំប្រទល់រវាងឥណ្ឌូចិនបារាំង និងសៀមនៃព្រំដែនសមុទ្រ គឺស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតនៅលើកោះគុក រត់ត្រង់មកបង្គោលព្រំដែនអន្តរជាតិរវាងរដ្ឋទាំងពីរនៅលើឆ្នេរសមុទ្រដីគោកដែលនៅទល់មុខកោះគុត...” ។
៣. នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង - សៀម ផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគុត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជានៅលើកោះគុត ។
៤. តាំងពីឆ្នាំ១៩៥៤ នៅពេលបារាំងដកចេញពីកម្ពុជា, សៀមបានបញ្ជូនកងទ័ពចូលកាន់កាប់កោះគុតទាំងមូល និង ប្រាសាទព្រះវិហារ ។ នៅពេលនោះកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាមទារតែប្រាសាទព្រះវិហារទេ គឺពុំបានប្តឹងទាមទារយកកោះគុតឡើយ។
៥. នៅឆ្នាំ១៩៦៥ នាសម័យសម្តេចសីហនុ សង្គ្រាមរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ លើបញ្ហាកោះគុត ដែលភាគីកម្ពុជា ទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគុត ដែលជាអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ប៉ុន្តែសង្គ្រាមនោះត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
៦. នៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៨ ស្តីពីខ្ពង់រាបបាតសមុទ្រ ដោយចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋាន រវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ ។ យោងតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ ភាគីកម្ពុជា បានចេញក្រឹត្យទាមទារយកកោះគុតចំនួន ៣ ដង គឺ ៖
- Kret No.622 of 30 December 1957
- Kret No.77-70-CE of 6 February 1970
- Kret No.518172-PRK of 12 August 1972 ។
៧. ចាប់ពីទសវត្សរ៍ទី៧០ កម្ពុជា បានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវីល រហូតមក ដោយពុំបានទាមទារលើអធិបតេយ្យភាព នៅលើកោះគុតនោះទេ ។ ហេតុនេះភាគីថៃ ឆ្លៀតឱកាសគូសផែនទីជាឯកតោភាគីលើកទី១ គូសក្រឡឹងយកកោះគុត, លើកទី២ គូសចេញឆ្ងាយចូលមកក្នុងដែនសមុទ្រខ្មែរ, លើកទី៣ គូសចូលបន្ថែមទៀត និងលើកទី៤ ខ្សែបន្ទាត់ឆ្នាំ១៩៧៣ ថៃបានគូសចូលកាន់តែជ្រៅនៅក្នុងផែនសមុទ្រខ្មែរ ដោយគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។ ការគូសយកដែនទឹកខ្មែរជាបន្តបន្ទាប់នេះ ដោយសារភាគីកម្ពុជា ពុំបានតវ៉ាឱ្យបានខ្លាំងក្លា។
៨. រាជរដ្ឋាភិបាលបច្ចុប្បន្ន ពុំទាន់បានធ្វើការចរចាព្រំដែនទឹកជាមួយភាគីវៀតណាម និងភាគីថៃនៅឡើយទេ ។ យើងត្រូវការពេលវេលាសន្សំកម្លាំងយោធា សេដ្ឋកិច្ច និងធនធានមនុស្ស ឱ្យបានរឹងមាំសិន ទើបចរចាក៏មិនទាន់ហួសពេលដែរ ព្រោះភាគីថៃ បានកាន់កាប់លើកោះនេះ ច្រើនទសវត្សរ៍មកហើយ គឺ ពិបាកបន្តិចហើយ តែទោះបីជាយ៉ាងណា ក៏ត្រូវតែទាមទារដែរ។
៩. ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម គឺពង្រឹងកងទ័ពជើងទឹកកម្ពុជាអោយខ្លាំង ដើម្បីការពារ និងទាមទារយកអធិបតេយ្យភាពរបស់ខ្លួននៅលើដែនសមុទ្រនិងកោះគុតមកវិញតែប៉ុណ្ណោះ។
ទី២. ការដោះដូរដីយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ យោងតាមផែនទី(៣) ដូចមានជូនភ្ជាប់បង្ហាញពីការដោះដូរដីរវាងបារាំង-សៀម ដែលមានសន្ធិសញ្ញាកំណត់ព្រំដែនបារាំង - សៀម ឆ្នាំ១៩០៤ និង១៩០៧ ដូចតទៅ៖
- សន្ធិសញ្ញាបារាំង - សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ នៅចំណុចⒶ-Ⓑ គឺចំណុចⒶ សៀមបានប្រគល់ក្រុងលួងព្រះបាង្គទៅឱ្យឡាវ និងចំណុចⒷ សៀមប្រគល់ខេត្តព្រះវិហារមកឱ្យកម្ពុជាវិញ។
- សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង - សៀម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩០៤ សៀមបានប្រគល់ទឹកដីខេត្តត្រាតចំណុចⒹ, ខេត្តកោះកុងចំណុចⒸ មកឱ្យកម្ពុជាវិញ។ ចំណែកខេត្តដឺនសៃចំណុចⒺ និងចំណុចⒻ ដែនដីជាប់ក្រុងលួងព្រះបាង ត្រូវបានសៀមប្រគល់ទៅឱ្យឡាវវិញ។
- សន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង - សៀម ចុះថ្ងៃទី២៣ខែមីនា ឆ្នាំ១៩០៧ នៅត្រង់ចំណុចⒼ សៀមបានប្រគល់ទឹកដីខេត្តបាត់ដំបង និង សៀមរាបមកឱ្យកម្ពុជាវិញ។ ប៉ុន្តែបារាំងបានប្តូរដីទៅឱ្យសៀមវិញនៅចំណុចⒹ ខេត្តត្រាត និងចំណុចⒺ ខេត្តដឺនសៃ ។
ចំណាំ៖ ការនិយាយពីបញ្ហាព្រំដែន កត្តាសំខាន់គឺមើលផែនទីឧបសម្ព័ន្ធភ្ជាប់ ការដែលយើងអានខ្លឹមសារអក្សរ នាំឱ្យមានការប្រកែកគ្នាលើការបកស្រាយយកចំណេញរៀងៗខ្លួន។
ផែនទី
(១) ផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ផែនទី ។
(២) ខ្សែបន្ទាត់ព្រំដែនទឹក ដែលភាគីថៃគូសជាឯកតោភាគី និង ផែនទី ។
(៣) ការដោះដូរដី តាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ។
បញ្ជាក់៖ បណ្ឌិត ឥន្ទ សុផល ជាអតីតមន្រ្តីការទូតជាន់ខ្ពស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសស៊ុយអែត ។
Source: Um Sam An
No comments:
Post a Comment