How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4)

Share This

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4)

«វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»

មេរៀនទី ២ ៖ កម្ចេចអ្នកប្រឆាំង ដើម្បីរក្សាអំណាច (តចប់) 

ល្បិចទី ៤ ៖ ធ្វើមេគំនិត

ជនផ្តាច់ការស្ទើរតែទាំងអស់ដែលជោគជ័យ តែងតែបង្ហាញឲ្យអ្នកនៅក្បែរខ្លួនយល់ថា «អញជាចៅហ្វាយពួកឯងជានិច្ច»។ ពួកគេមើលងាយបន្ទាបបន្ថោកអ្នកនៅក្បែរខ្លួន ដើម្បីឲ្យខ្លបខ្លាចបាក់ស្បាត។ ការណ៍នេះដោយសារតែជនផ្តាច់ការ តែងតែមានគំនិតមិនស្ងប់ក្នុងចិត្តទេ ។ ពួកគេចាត់ទុកគ្រប់ទម្រង់នៃការរិះគន់ថា ជាការវាយប្រហារ ។ ពួកគេមិនចង់ឲ្យគេមើលឃើញថា អ្នកផ្សេងអាចធ្វើការងារបានល្អជាងខ្លួនទេ ។ 

ជាឧទាហរណ៍ សាដាម ហ៊ូសេន តែងតែអួតប្រាប់មិត្តភក្តិ ជារឿយ ៗ អំពីការសម្លាប់មិត្តភក្តិជិតស្និទ្ធម្នាក់ ដែលជារដ្ឋមន្ត្រី ដោយកាត់ជាកង់ៗ ហើយដាក់សព ក្នុងមឈូស និងបញ្ជូនទៅឲ្យប្រពន្ធជនរងគ្រោះវិញ ។ ទោះបីជាហេតុការណ៍នេះពិតឬមិនពិត ប៉ុន្តែវាបានជ្រាបចូលក្នុងផ្នត់គំនិតអ្នកនៅក្បែរថា មេដឹកនាំរបស់ខ្លួនអាចធ្វើរឿងអាក្រក់ដូចនេះបាន ។  

ក្នុងពេលដែល សាដាម ធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ មានរដ្ឋមន្ត្រីខ្លះ មិនសប្បាយចិត្តនឹងការខាតបង់ជីវិតទាហាន និងធនធានជាតិ។ ទន្ទឹមនឹងនោះមេដឹកនាំអ៊ីរ៉ង់ អំពាវនាវឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់ ក្រោកឈរឡើងដើម្បីផ្តួលរំលំ សាដាម ។ ដូច្នេះ ដើម្បីទប់ចិត្តបក្សពួកកុំឲ្យគិតរកវិធីក្បត់ សាដាម យកក្រុមរដ្ឋមន្ត្រីដាក់ក្នុងរថយន្តក្រុង បិទកញ្ចក់ជិតហើយបើកជុំវិញទីក្រុង ដើម្បីបង្វែងដាន ជាច្រើនជុំ ។ បន្ទាប់មកយកពួកគេ ទៅដាក់បន្ទប់ស្ងាត់មួយ ជាច្រើនម៉ោងនៅវិមានរបស់គាត់ នៅក្រៅរដ្ឋធានី ។ បន្ទាប់មកសាដាម បានចេញមកថ្លែងសុន្ទរកថាប្រដៅពួកគេ ប្រហែលកន្លះម៉ោង ។ 

មន្ត្រីទាំងនោះភ័យខ្លាច ព្រោះធ្លាប់ដឹងវិធានការសាហាវ ដែល ​សាដាម ធ្លាប់អនុវត្តនៅពេលឡើងកាន់តំណែងកំពូលដំបូង។ ក្រោយពីសម្លុតពួកគេហើយ សាដាម ក៏ហៅទៅជប់លៀង នៅបន្ទប់ក្បែរនោះ ដោយមានម្ហូបនិងអាហារឆ្ងាញ់ ៗ ​ជាច្រើន និង ផ្តល់លុយ ១០០០ ដុល្លារ ក្នុងម្នាក់ មុននឹងអោយគេដឹកទៅផ្ទះវិញ។ ការណ៍នេះដើម្បីបង្ហាញថា  លើកនេះរួចខ្លួន ប៉ុន្តែលើកក្រោយ ប្រហែលជា មិនរួចខ្លួនទេ បើសិនជាមានគំនិតក្បត់។ អ្វីដែល សាដាម ធ្វើនេះគឺដើម្បីឲ្យពួកគេ នៅខ្លាចគាត់ជានិច្ច។ វាគឺជាវិធីមួយ ដើម្បីគ្រប់គ្រងចិត្តសាស្រ្ត អ្នកនៅជុំវិញខ្លួន ។ 

ល្បិចទី ៥ ៖ អ្នកណាក៏អាចកម្ចាត់ចោលបាន

ជនផ្តាច់ការចិត្តដាច់ឃោរឃៅ និងអាចធ្វើកិច្ចការមិនមានមនុស្សធម៌ច្រើន ដើម្បីអាចនៅបន្តកាន់អំណាចបាន។ ពួកគេមិនឲ្យមនោសញ្ចេតនាគ្រួសារ ចូលឡូកឡំនឹងការងាររបស់គេទេ សូម្បីតែសាច់ញាតិខ្លួនឯងក៏ដោយបើសិនជាបង្ហាញតម្រុយថាក្បត់ខ្លួនឬចង់បះបោរ ។  សាដាម ហ៊ូសេន គ្មានក្តីមេត្តា អ្វីទាំងអស់។ សម្រាប់មេដឹកនាំផ្តាច់ការរូបនេះ នរណា ក៏គាត់អាចកម្ចាត់ចោលបានដែរ សូម្បីតែកូនប្រសារប្រុសពីរនាក់ និង ត្រូវជាក្មួយជីដូនមួយ របស់គាត់ផងដែរ ក្រោយពីពួកគេចង់ក្បត់ ។ 

នៅឆ្នាំ១៩៩១ នៅពេលដែលកងទ័ពសម្ព័ន្ធមិត្ត បានវាយប្រហារអ៊ីរ៉ាក់ ជាលើកដំបូង ស្រាប់តែមានការរង្គោះរង្គើក្នុងក្រុមគ្រួសារត្រកូលហ៊ូសេន និង លទ្ធភាពនៃការប្រជែងអំណាច ក្នុងគ្រួសារដែលអាចឈានទៅសម្លាប់គ្នាឯង។ នៅពេលនោះ កូនប្រសារប្រុសទាំងពីរនាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បាននាំប្រពន្ធ​ និងកូនរត់ចេញពីប្រទេស ទៅសុំសិទ្ធិជ្រកកោណ នៅប្រទេសហ្សកដានី។ ការណ៍នេះបានធ្វើឲ្យសាដាម ខឹងសម្បាជាខ្លាំង ជាពិសេសនៅពេលដែលដឹងថា កូនប្រសារម្នាក់ ដែលគាត់បានប្រគល់ការងារទទួលបន្ទុក កម្មវិធីអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ាក់ បានយល់ព្រមសហការនឹងក្រុមចារកម្ម CIA របស់អាមេរិក ។ 

សាដាម បានប្រើមធ្យោបាយទន់ភ្លន់ ដោយនិយាយទូរស័ព្ទទៅបញ្ចុះបញ្ចូលកូនស្រីទាំងពីរ ឲ្យនាំក្រុមគ្រួសារវិញត្រឡប់មកវិញ ហើយថា គាត់នឹងលើកលែងទោសឲ្យកូនប្រសារប្រុស ទាំងពីរនាក់ផងដែរ ។ ពាក្យពេចន៍របស់គាត់ ពិតជាមានប្រសិទ្ធភាព ដោយសារពួកគេបាននាំគ្នាវិលត្រឡប់មកប្រទេសវិញ ។ ប៉ុន្តែអ្វីដែលនឹកស្មាន មិនដល់គឺ សាដាម បានបង្ខំកូនស្រីទាំងពីរ ឲ្យប្រកាសលែងស្វាមីរបស់ពួកគេ ហើយពីរថ្ងៃក្រោយមក អតីតកូនប្រសារទាំងពីរ ត្រូវបានក្រុមទាហាន ដែលដឹកនាំដោយកូនប្រុស ទាំងពីររបស់ សាដាម បានយ​ទៅបាញ់សម្លាប់ដល់ផ្ទះ ។   មិនត្រឹមតែប៉ុណ្ណេះទេ​សាកសពរបស់ពួកគេ​ត្រូវបានចងភ្ជាប់នឹងរថយន្ត​ហើយត្រូវគេអូសពេញរដ្ឋធានីបាកដាដ​ដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យដឹងពីលទ្ធផល​ នៃអ្នកហ៊ានក្បត់នឹងគ្រួសារត្រកូលហ៊ូសេន។  ប៉ុន្តែគ្មានអ្វី ដែលស្ថិតនៅជាអមតៈទេ។ បើទោះបីជាសាដាម ហ៊ូសេន សាហាវយ៉ាងណា ក៏ទីបំផុតគាត់ត្រូវបានព្យួរក ក្រោយពីកងទ័ពសម្ព័ន្ធមិត្ត វាយប្រហារនៅដើម ឆ្នាំ ២០០៣។ សូម្បីតែរូបសំណាកគាត់ ក៏ត្រូវទាញទម្លាក់ចោល ហើយប្រជាពលរដ្ឋដែលមានកំហឹង បានយកស្បែកជើងវាយ ដើម្បីទាមទារសំណងឈាមបងប្អូនគេ ដែលបានស្លាប់ ក្រោមការដឹកនាំ ២៤ ឆ្នាំ របស់គាត់​ ។ 

គេតែងនិយាយថា «ចិត្តមិនដាច់ធ្វើស្តេចមិនបាន»។ នេះហើយជាចរិតរបស់ សាដាម ហ៊ូសេន ជនផ្តាច់ការនៅអ៊ីរ៉ាក់ ក៏ដូចជាជនផ្តាច់ការនានានៅលើពិភពលោក។ 

នៅសប្តាហ៍ក្រោយខ្ញុំនឹងសង្ខេបជូនមេរៀនទី ៣​ គឺ «ការកាន់អំណាចលើគំនរទុក្ខភ័យអ្នកដទៃ» ដោយនឹងបង្ហាញជូនល្បិចកលរបស់ជនផ្តាច់ការ អ៊ីឌី អាមីន នៅប្រទេសអូហ្កង់ដា ដែលប្រើវិធីសាស្រ្តឃោរឃៅនេះ ដើម្បីរក្សាអំណាច។ សូមអរគុណ៕

Credit: Men Kimseng

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(4)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(3)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ ​(2)

How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1)  

Review:  'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ'






No comments:

Post a Comment