How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3)
កម្សាន្តចុងសប្តាហ៍៖ «វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ»
កាលពីសប្តាហ៍មុន ខ្ញុំបានសង្ខេបជូនមេរៀនទី១ ដែលផ្តោតលើ «ការក្តាប់យកអំណាច»ដោយយកឧទាហរណ៍របស់អាដុល ហ៊ីត្លែរអតីតមេដឹកនាំរបស់អាល្លឺម៉ង់មកបង្ហាញ។ នៅចុងសប្តាហ៍នេះ ខ្ញុំសូមសង្ខេបជូនភាគទីពីរ ដែលផ្តោតលើល្បិចកល ដែលជនផ្តាច់ការប្រើ ដើម្បីរក្សាអំណាច ដែលខ្លួនទើបដណ្តើមបាន ដោយវិធីមិនសុចរិត ។ សូមបងប្អូនអានកម្សាន្តដូចតទៅ ៖
មេរៀនទី ២ ៖ កម្ចេចអ្នកប្រឆាំង
ដើម្បីរក្សាអំណាចជនផ្តាច់ការ ចាត់ទុកថា ការទទួលបានអំណាច គឺជាការងាយស្រួល ប៉ុន្តែពួកគេចាត់ទុកការរក្សាអំណាច អោយនៅយូរអង្វែង ជារឿងលំបាក ដែលពួកគេត្រូវប្រើគ្រប់ល្បិចកល ដើម្បីកម្ចាត់អ្នកដែលប្រឆាំង ទាំងនៅក្រៅបក្ស និងក្នុងបក្ស ។
យើងអាចយល់បានពីផ្នត់គំនិតនេះ ពីព្រោះពួកគេឡើងកាន់អំណាច ដោយហិង្សា ឬល្បិចទុច្ចរិត ដូច្នេះខ្លាចគេប្រើហិង្សា ដើម្បីទម្លាក់វិញដែរ ។ អ្វីដែលជាគ្រោះថ្នាក់ គឺពួកគេបានយល់ដឹងពីល្បិច ដែលគូបដិបក្ខ អាចយកមកប្រើដោយសារពួកគេ ធ្លាប់បានអនុវត្តដោយខ្លួនឯង ដោយជោគជ័យ ។
តទៅនេះជាល្បិចមួយចំនួនដែលជនផ្តាច់ការប្រើប្រាស់ ដើម្បីរក្សាអំណាច ដោយផ្តោតសំខាន់ លើល្បិចកលរបស់លោក សាដាម ហ៊ូសេន មេដឹកនាំរបស់អ៊ីរ៉ាក់ ពីឆ្នាំ១៩៧៩ ដល់ ២០០៣ ។
សាដាម មានចរិតសាហាវតាំងពីវ័យក្មេងដោយចូលចិត្តគំរាមកំហែងគេឯង ។ ពេលដែលលោក កាន់អំណាច សាដាម សម្លាប់អ្នកណា ដែលខ្លួនសង្ស័យតែបន្តិចបន្តួចដោយចោទពីបទក្បត់ជាតិ ។ រីឯជនណាអាចជាគូប្រកួតប្រជែង ក៏ត្រូវចាត់ការភ្លាម ៗ ដែរ ដោយមិនអោយមានឱកាស តបតបានឡើយ។
ចំណាត់ការដំបូងដែលសាដាម ហ៊ូសេនប្រើគឺបង្ក្រាបមនុស្សក្នុងបក្ស ។ បន្ទាប់ពីមានពាក្យចចាមអារ៉ាម ក្នុងចំណោមអ្នកដែលមិនពេញចិត្តនឹងការដឹកនាំរបស់គាត់ គឺគាត់បានកោះប្រជុំសមាជបក្ស ដើម្បីបោសសម្អាតផ្ទៃក្នុង ។ នៅពេលនោះ សាដាម បានចោទថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ឈ្មោះ ម៉ាស្សាឌី ថាក្បត់នឹងគាត់ ហើយបានប្រើល្បិច អោយលោកចោទប្រកាន់មន្ត្រីដទៃទៀតថា ជាបក្សពួកក្បត់ដែរ ។ មន្ត្រីខ្លះមិនមានពាក់ព័ន្ធសោះ ប៉ុន្តែ សាដាម មិនពេញចិត្ត ក៏ដាក់ឈ្មោះ ដើម្បីយកទៅសម្លាប់ ។
ជាសរុបមានមន្ត្រីបក្សជាង ២០ នាក់ ត្រូវបានកាត់ទោសប្រហារជីវិតភ្លាម ៗ ។ អ្នកខ្លះទៀតជាប់គុក ប៉ុន្តែក្រោយមក ក៏ត្រូវបង្ខំអោយសម្លាប់គ្នាឯងវិញដដែល។ មិនត្រឹមតែប៉ុណ្ណោះទេ វីដេអូស្តីពីសមាជ និង ការធ្វើឃាតនោះត្រូវបាន សាដាម បញ្ជូនទៅគ្រប់ស្ថានទូតអ៊ីរ៉ាក់ នៅបរទេស ដើម្បីអោយមន្ត្រីការទូតបានមើល និងយល់ដឹងពីការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ ដែលទើបឡើងថ្មី ដែលហ៊ានបោសសម្អាតផ្ទៃក្នុងបក្ស និង ជោគវាសនា អ្នកដែលហ៊ានក្បត់មេដឹកនាំ ។
អ្នកស្រាវជ្រាវកត់សម្គាល់ថា វិធីសម្លាប់មន្ត្រីក្នុងបក្ស និងអ្នកដែលធ្លាប់តស៊ូជាមួយ ត្រូវបានមេដឹកនាំផ្តាច់ការ ដទៃទៀតប្រើប្រាស់ផងដែរ ក្នុងនោះមានដូចជាលោក ម៉ៅ សេទុង នៃប្រទេសចិន លោក ហ្វីដែល កាស្ត្រូ នៅគុយបា និង លោក ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀត ជាដើម ដែលបានកម្ចាត់អ្នកដែលធ្លាប់តស៊ូជាមួយគ្នា តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឺ មិនដល់ ២ ឆ្នាំទេ ។
ល្បិចទី ២ ៖ ដាក់មនុស្សគ្រប់កន្លែង
មេដឹកនាំផ្តាច់ការ តែងតែខ្លាចស្រមោលខ្លួនឯង ជាពិសេសក្រោយពីបានកម្ចាត់អ្នកប្រឆាំង ដូច្នេះត្រូវខិតខំប្រឹងប្រែង ដើម្បីតាមដានរាល់សកម្មភាព អ្នកថ្មីដែលអាចនឹងបះបោរ ។ ដើម្បីសម្រេចកិច្ចការនេះបាន ពួកគេបង្កើតប្រព័ន្ធស៊ើបការណ៍ ដើម្បីតាមដានអ្នកប្រឆាំង ឬហៅថា«សត្រូវប្រជាជន»។
វិធីដ៏ពេញនិយមមួយគឺបង្កើតកងកម្លាំងប៉ូលិសសម្ងាត់ ដែលឃោរឃៅ និងបណ្តាញរាយការណ៍ នៅក្នុងស្រទាប់មហាជន ។ ប្រជាពលរដ្ឋរាយការណ៍ពីគ្នាទៅវិញទៅមក ដល់អាជ្ញាធរ ដើម្បីបង្កើតការសង្ស័យគ្នា ។ នៅក្នុងរបបខ្មែរក្រហមគេប្រើពាក្យថា «អង្គការមានភ្នែកដូចម្នាស់» ។ នៅអតីតសហភាពសូវៀត ប៉ូលិសសម្ងាត់របស់លោក ចូសេហ្វ ស្តាលីន មានឈ្មោះអង្គភាព NKVD ជាអ្នកទទួលខុសត្រូវចំពោះការចាប់ចង និងសម្លាប់មនុស្សដែលពួកគេហៅថា «សត្រូវប្រជាជន» ជិត១លាននាក់។
អ្នកទាំងនោះត្រូវគេចោទថា ប្រឆាំងនឹងការដឹកនាំរបស់លោក ស្តាលីន ។ នៅប្រទេសអ៊ូហ្កង់ដា មេដឹកនាំផ្តាច់ការ អាឌី អាមីន ប្រើប្រាស់ការិយាល័យស្រាវជ្រាវរដ្ឋ ដែលអ្នកធ្វើការសុទ្ធតែ ជាមនុស្សមកពីកុលសម្ព័ន្ធរបស់លោក ជនពាលក្នុងតំបន់ និងជនស៊ីឈ្នួលប្រយុទ្ធ មកពីបរទេស ដើម្បីអនុវត្តការងារទាំងនេះ ។
លោក សាដាម ហ៊ូសេន បង្កើតប៉ូលិសសម្ងាត់ ក្នុងចំណោមប៉ូលិសសម្ងាត់ ដែលមានសមាសភាព មកពីក្រុមកុលសម្ព័ន្ធរបស់គាត់ ដែលជាប់សាច់ឈាម និងស្បថរក្សាភក្តីភាពនឹងសាដាម ផ្ទាល់ ។ ប៉ុណ្ណេះហើយ ក៏សាដាម នៅតែមិនអស់ចិត្តទៀត គឺថែមទាំងបានបង្កើតក្រុមចារកម្ម និងយកការណ៍ពីគ្នាទៅវិញទៅមក គ្រប់ទិសទី ដើម្បីកុំអោយប្រជាពលរដ្ឋហ៊ាននិយាយអាក្រក់ ពីក្រុមមេដឹកនាំរដ្ឋាភិបាល ។ បន្ថែមពីនេះ សាដាម ក៏ដាក់បណ្តាញទៅដល់ក្រៅប្រទេស ដែលមានប្រជាពលរដ្ឋអ៊ីរ៉ាក់ រស់នៅ ហើយប្រឆាំងនឹងគាត់ ។
ជាឧទាហរណ៍ក្រុមបណ្តាញឃាតករ របស់គាត់ និង ភ្នាក់ងារប៉ូលិស សម្ងាត់មានចំណែក ក្នុងការធ្វើឃាតលោក Abd a-Razzaq al-Naif អតីតនាយករដ្ឋមន្ត្រី ដែលបានរត់ភៀសខ្លួន ទៅនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយបន្តរិះគន់ការដឹកនាំរបស់ សាដាម ។ ការធ្វើឃាតលោក Naif បញ្ជូនសារយ៉ាងច្បាស់ដល់អ្នកប្រឆាំងថា ទោះបីអ្នកឯងរត់ទៅដល់ទីណា ក៏សាដាម តាមរកឃើញជានិច្ច ។
ជាធម្មតា ជនផ្តាច់ការជាមនុស្សដែលមានអំណួតនឹងខ្លួនឯង ។ រីឯ ចរិត សាដាម ហ៊ូសេន គឺតែងតែបង្ហាញអោយគេឯងដឹងថា «អ្នកឯងធ្វើអីក៏យើងដឹងដែរ បណ្តាញខ្ញុំមានគ្រប់កន្លែង»។ ការណ៍នេះ ក៏ជាផ្នែកចិត្តសាស្រ្តដែរ ដើម្បីអោយអ្នកប្រឆាំង នៅគ្រប់ទីកន្លែងភ័យខ្លាច និងសង្ស័យគ្នាទៅវិញទៅមក ។
ល្បិចទី ៣ ៖ ទិញភក្តីភាព
ការបន្តរក្សាបានភក្តីភាពពីបក្សពួកផ្ទៃក្នុង ក៏ឈរលើកត្តាសំខាន់មួយផងដែរ គឺពួកគេជឿជាក់ថា ពួកគេទទួលបានផលប្រយោជន៍ពីមេរបស់គេ ច្រើនជាងអ្នកដទៃ។ ពួកដឹកនាំផ្តាច់ការ ដែលរស់បានយូរ យល់ច្បាស់ពីចំណុចនេះ ហើយបានប្រើប្រាស់ការលោភលន់ របស់មន្ត្រី ដើម្បីទិញភក្តីភាព ។ ពួកគេសូកប៉ាន់មន្ត្រីគ្នាឯង និងផ្តល់ឱកាសអោយបក្សពួក ប្រព្រឹត្តអំពើពុករលួយ ដើម្បីរក្សាអំណាច។ ដើម្បីបានលុយកាក់ គឺ ពួកគេចងបាច់ជា គ្រួសារ និង បក្សពួកនិយម ដើម្បីលួចធនធានជាតិទាំងមូល ។
វិធីដែលពួកគេប្រើ គឺគ្រប់គ្រងធនធានធម្មជាតិរបស់ជាតិដូចជា ប្រេង រ៉ែមាស រ៉ែបុកស៊ីត និង ពាណិជ្ជកម្មប្រេង នៅក្រោមបក្សពួក និងក្រុមគ្រួសាររបស់ពួកគេ។ ក្រុមបក្សពួកគេ ជាអ្នកគ្រប់គ្រងការសម្រេចចិត្ត ដោយដំឡើងថ្លៃទំនិញតាមចិត្ត ។ វិធីនេះបានជួយអោយ សាដាម ហ៊ូសេន ដែលជាកូនអ្នកគង្វាលចៀមក្រីក្រ ក្លាយមកជាអ្នកមានលុយកាក់រហូតដល់ជាង ២ ពាន់លានដុល្លារអាមេរិក ។ ប៉ុន្តែ សាដាម មិនទុកលុយនេះតែឯងទេ គឺពេលបានលុយហើយ យកទៅចែកចាយគ្នា ក្នុងបក្សដើម្បីទិញការស្មោះត្រង់ ពីមន្ត្រីជាន់ខ្ពស់ ក្នុងបក្សព្រមទាំងដំឡើងឋានៈ ក្នុងរដ្ឋាភិបាលអោយបក្សពួកផងដែរ។
ទន្ទឹមនឹងនោះ សាដាម ក៏យកឱកាសចែកចាយភោគផលខ្លះអោយប្រជាពលរដ្ឋហើយ ដាក់ឈ្មោះខ្លួនឯង ថា ជាអ្នកចែកអំណោយ ។ ក្នុងការអនុវត្តល្បិចនេះ គឺ សាដាម ហ៊ូសេន ធ្វើជាទៅលេងផ្ទះ ប្រជាពលរដ្ឋក្រីក្រណាមួយ ដោយមិនអោយដឹងខ្លួនមុន ហើយពេលទៅដល់គាត់តែងតែ បើកទូទឹកកកមើល ។ បើឃើញថាទូទឹកកកគ្មានម្ហូប គឺ គាត់បញ្ជាអោយគេទិញ យកមកដាក់អោយពេញភ្លាម ។
ការណ៍នេះ ដើម្បីអោយប្រជាពលរដ្ឋសប្បាយចិត្ត និងស្រែកច្រៀងអបអរថា មេដឹកនាំផ្តាច់ការ រូបនេះ ជាមនុស្សល្អ ធ្វើការងារត្រឹមត្រូវ ដាក់គោលនយោបាយត្រឹមត្រូវហើយ ពួកយើងចូលចិត្តគាត់ណាស់ ។ បើគ្មានគាត់គឺគ្មានការរីកចម្រើនដូច្នេះទេ ។
នៅថ្ងៃស្អែកខ្ញុំនឹងបង្ហាញជូនល្បិចទី៤ និងទី៥ទៀត។ សូមរង់ចាំអាន។ សូមអរគុណ៕
Credit: Men Kimseng
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (4)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1)
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ'
No comments:
Post a Comment