How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2)
មេរៀនទី១៖ ការក្តាប់យកអំណាច (តចប់)
កាលពីថ្ងៃម្សិលមិញ ខ្ញុំបានជម្រាបជូននូវល្បិចទី១ ទី២ និងទី៣ ដែលជនផ្តាច់ការប្រើប្រាស់ធ្វើជាស្ពានឈានទៅកាន់អំណាច។ នៅថ្ងៃនេះ ខ្ញុំសូមបន្តដោយផ្តោតលើល្បិចទី៤ ទី៥ និងទី៦ ទៀត ។
ល្បិចទី ៤ ៖ ដាក់ឈ្មោះចលនាឲ្យច្បាស់
សម្រាប់សកម្មភាពនយោបាយ ការបញ្ចូលទ្រឹស្តីដើម្បីអប់រំខួរក្បាលអ្នកដើរតាម ឬអ្នកគាំទ្របន្តិចម្តងៗ ដើម្បីឲ្យពួកគេទទួលយកដោយមិនដឹងខ្លួន គឺជាកិច្ចការសំខាន់។ ដូច្នេះការរៀបចំដាក់ឈ្មោះ ចលនានយោបាយ គឺជាកិច្ចការបន្ទាប់ និង បន្ទាន់ក្រោយពីកំណត់សារនយោបាយបានហើយ។ នៅក្នុងទ្រឹស្តីជំនួញគេហៅថា រៀបចំ«យុទ្ធសាស្ត្រទីផ្សារ» ឲ្យបានជាក់លាក់ ដោយដាក់យីហោទំនិញឲ្យច្បាស់ ដើម្បីឲ្យគេស្រួលចំណាំផលិតផល។ អ្នកស្រាវជ្រាវវាយតម្លៃថា អាដុល ហ៊ីត្លែរ មានទេពកោសល្យនេះ ពី ធម្មជាតិ ដោយគាត់ដឹងច្បាស់ពីឥទ្ធិពល នៃរូបភាពដែលប្រជាពលរដ្ឋ មើលមកថ្នាក់ដឹកនាំ និង ឥទ្ធិពលនៃសញ្ញាបក្សដែលទាក់ទាញពលរដ្ឋ។ គេទទួលស្គាល់ថា សញ្ញាគណបក្សណាហ្ស៊ី របស់ហ៊ីត្លែរ ដែលមានរូប ខ្វែងជើងក្អែកក្រង៉ុកក្នុងរង្វង់ពណ៍ស គឺ មានលក្ខណៈទាក់ទាញ ជាពិសេស នៅពេលដែលបោះពុម្ភនៅលើផ្ទាំងប៉ាណូ ឬទង់ពណ៍ក្រហម ។
ទន្ទឹមនឹងនោះការស្លៀកពាក់ឯកសណ្ឋានរបស់អ្នកគាំទ្រ ក៏សំខាន់ដែរ ពីព្រោះវាបង្ហាញការឯកភាពគ្នា និងការស្មោះត្រង់នឹងបុព្វហេតុតែមួយ។ មកដល់ចំណុចនេះ តើបងប្អូនសង្កេតឃើញទេ នូវឯកសណ្ឋានរបស់គណបក្សខ្លះ? ដូចជានៅប្រទេសថៃ មានលេចធ្លោ គឺក្រុម អាវក្រហម និងអាវលឿង ជាដើម។ ចលនាខ្លះទៀតបង្កើតក្រុមយុវជនធម្មតាទេ ប៉ុន្តែមានរៀបចំឯកសណ្ឋានសម្រាប់សមាជិកពាក់? នេះ គឺជា ការបង្ហាញអត្តសញ្ញាណរបស់ក្រុម និង ក៏ដើម្បីកំណត់ឲ្យច្បាស់ថា អ្នកណាខ្លះមិននៅក្នុងបក្សពួករបស់គេហើយ ក៏ដើម្បីទាក់ទាញសមាជិកបន្ថែមផងដែរ។ ឯកសណ្ឋានថ្នាក់ដឹកនាំ និងក្រុមគាំទ្ររបស់ហ៊ីត្លែរ គឺ បង្ហាញលក្ខណៈម៉ឺងម៉ាត់ និង អំណាច ។
ល្បិចទី ៥ ៖ បង្កើតក្រុមផ្ទាល់ខ្លួន
ការបង្កើតក្រុមបក្សពួក ដើម្បីធ្វើសកម្មភាពរឹតតែសំខាន់ ជាពិសេសការដាក់មនុស្សដែលត្រូវជំនាញ និងមានភក្តីភាព អ្នកដែលអ្នកដឹកនាំអាចទុកចិត្តបាន។ ពួកផ្តាច់ការមានការប្រុងប្រយ័ត្នណាស់ ក្នុងការបង្កើតក្រុមបក្សពួក ដែលស្មោះត្រង់ ដោយពួកគេប្រើប្រាស់សមាជិកក្រុមគ្រួសារ ឬមនុស្សដែលមកពីក្រុមមិត្តភក្តិផៅសណ្តានក្នុងភូមិស្រុករបស់ពួកគេតែប៉ុណ្ណោះ។ អ្នកខ្លះយកកងកម្លាំងយោធាដែលស្និទ្ធនឹងខ្លួន។ អ្នកខ្លះយកសមាជិកបក្ស ដែលជាបក្សពួកជិតស្និទ្ធតែក្រុមតូចមួយ។ គេឃើញករណីនេះ ដូចជាលោកសាដាម ហ៊ូសេន អតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក ម៉ូអាម៉ា ហ្កាដាហ្វី នៃលីប៊ី និងលោក ចូសេហ្វ ស្តាលីន នៃអតីតសហភាពសូវៀតជាដើម។
កម្លាំងក្នុងក្រុមផ្ទាល់ខ្លួនដែលគេបង្កើតឡើងនេះ ត្រូវគេយកមកប្រើប្រាស់ មិនត្រឹមតែដើម្បីផ្តួលគូប្រជែងខាងក្រៅបក្សទេ ក៏ប៉ុន្តែក៏សម្រាប់កម្ទេចគូប្រជែងក្នុងបក្សផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលពួកគេផ្ចិតផ្ចង់យកអ្នកដែលមានជំនាញសម្រាប់អនុវត្តការងារទាំងល្អ និងការងារទុច្ចរិតនានាជាដើម។ ក្នុងករណីរបស់ ហ៊ីត្លែរ គឺ លោក មានមនុស្សជំនិត ជាច្រើននាក់ ប៉ុន្តែមានមនុស្សម្នាក់ដែលលេចធ្លោ គឺ ឈ្មោះ ចូសេហ្វ ហ្គឺបល ដែលទទួលបន្ទុកផ្នែកឃោសនាអប់រំ។
ហ្គឺបល គោរព និងកោតសរសើរទេពកោសល្យ និងជំហររបស់ ហ៊ីត្លែរ តាំងពីជនផ្តាច់ការនេះនៅមានឋានៈតូចទាប។ នៅទីបំផុតគាត់សុខចិត្តបំពុលកូន ៦ នាក់ និងប្រពន្ធព្រមទាំងខ្លួនឯង ពេលដែល ហ៊ីត្លែរ ចាញ់សង្គ្រាមលោកលើកទី ២ ។ នេះគឺ ជា លក្ខណៈពិសេសនៃអ្នកស្មោះត្រង់ ដែលជនផ្តាច់ការសំឡឹងរកដើម្បីប្រគល់ការងារឲ្យធ្វើ។
ល្បិចទី ៦ ៖ ជ្រើសរើសពេលវាយប្រហារសមស្រប
បន្ទាប់ពីល្បិចទី១ ដល់ទី៥ ត្រូវបានអនុវត្តជោគជ័យហើយ គឺឱកាសឈានទៅកាន់អំណាចកាន់តែកៀក ដូច្នេះការវាយសង្គ្រប់លើគូបដិបក្ខ ដើម្បីដណ្តើមអំណាច គឺស្ថិតនៅជិតបង្កើយ។ ប៉ុន្តែអ្វីដែលជនផ្តាច់ការ មានលក្ខណៈពិសេសខុសពី អ្នកនយោបាយធម្មតា គឺ ការអត់ធ្មត់រង់ចាំឱកាសវាយប្រហារ។ លោក សាដាម ហ៊ូសេន ចំណាយពេល១ទសវត្សរ៍ ដើម្បីបង្កើតកម្លាំងដែលមានភក្តីភាពនឹងគាត់ ដើម្បីផ្តួលរំលំមេរបស់គាត់ដែលជាបងប្រុសជីដូនមួយ។ លោក ចូសេហ្វ ស្តាលីន ចំណាយពេល ៧ ឆ្នាំ តាមយកចិត្តឡេនីន ស្ថាបនិករបបកុម្មុយនីស្ត នៃអតីតសហភាពសូវៀត ទម្រាំបានឡើងកាន់អំណាច។
លោក អាឌី អាមីន នៃប្រទេសអ៊ូហ្គង់ដា ចំណាយពេលរៀបចំកម្លាំងយោធា ពីក្រុមកុលសម្ព័ន្ធផ្ទាល់ខ្លួន មុននឹងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។ សម្រាប់ ហ៊ីត្លែរ ក្រោយពីជួបវាសនាឡើងចុះដោយក្នុងនោះ មានជាប់ពន្ធនាគារផងដែរ ដោយសារតែបានដឹកនាំធ្វើរដ្ឋប្រហារមិនបានសម្រេច ស្រាប់តែមកដល់ខែមករា ឆ្នាំ១៩៣៣ គាត់ត្រូវតែងតាំងជាអធិការបតីរបស់ អាល្លឺម៉ង់ ក្រោយពីបានឈ្នះឆ្នោត ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ នៅពេលនោះ គឺ មានតំណែងប្រធានាធិបតីនៅពីលើមួយថ្នាក់ទៀត ។
ដូច្នេះ ហ៊ីត្លែរ បានប្រឹងប្រែងពង្រឹងបក្សពួកនិងអំណាចដោយបង្កើតព្រឹត្តិការណ៍ក្នុងស្រុក ដើម្បីយកលេសកម្ទេចក្រុមប្រឆាំង និងបន្ថយអំណាចប្រធានាធិបតី។ នៅទីបំផុត លោកអាដុល ហ៊ីត្លែរ បានឡើងកាន់អំណាចជាប្រធានាធិបតីនៅឆ្នាំ១៩៣៤ ក្រោយពីប្រធានាធិបតីមុនបានស្លាប់។ អំណាចធ្លាក់មកមូលនៅក្នុងដៃហើយលោកលែងជាមនុស្សទីពីរ នៅក្នុងរដ្ឋាភិបាលទៀតហើយ។
ដូច្នេះ បើអ្នកឃើញមេដឹកនាំណាមួយ នៅក្នុងបក្សណា ដែលខិតខំពង្រឹងអំណាចផ្ទៃក្នុងបក្ស យ៉ាងស្ងាត់ស្ងៀមឲ្យជ្រកក្រោមឃ្លៀករបស់ខ្លួន គឺ ច្បាស់ណាស់ពួកគេនឹងបើកការវាយប្រហារដណ្តើមអំណាច នៅពេលណាមួយដែលឱកាសហុចអោយ ។ ក្នុងប្រវត្តិសាស្ត្រមានករណីច្រើនណាស់ ដែលអនុប្រធានបក្ស ផ្តួលមេបក្សដើម្បីដណ្តើមអំណាចក្នុងបក្ស ។
មកដល់ចំណុចនេះបងប្អូនខ្លះ ប្រហែលជាធ្លាប់ឮពាក្យគេនិយាយតៗគ្នាថា អ្នកខ្លះសំលៀងដាវ ៣០ឆ្នាំ ប៉ុន្តែដកកាប់តែម្តង គឺ បានអំណាចទាំងស្រុង។ នេះឯងជាលក្ខណៈពិសេសរបស់ជនផ្តាច់ការ ហើយបើអ្នកណាតាមដានព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន គឺ ដឹងច្បាស់ហើយថា ក្រុមតាលីបាន បានចំណាយពេលតែ ១១ ថ្ងៃ ដណ្តើមអំណាចពី រដ្ឋាភិបាលមួយ ដែលសហរដ្ឋអាមេរិក ខិតខំកសាងអស់ទឹកប្រាក់ជាង ២ លានលានដុល្លារ បន្ទាប់ពីរង់ចាំអស់ ២០ឆ្នាំ។
សូមអរគុណ ដែលចំណាយពេលអាន ដើម្បីបានកម្សាន្ត។ នៅចុងសប្តាហ៍នេះ ខ្ញុំនឹងចែករំលែកមេរៀនទីពីរ ដែលផ្តោតលើ«ការកម្ទេចអ្នកប្រឆាំងដើម្បីរក្សាអំណាច»។
Credit: Men Kimseng
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (4)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (3)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (2)
How to Become a Tyrant - វិធីកត់សម្គាល់ការដឹកនាំរបស់ជនផ្តាច់ការ (1)
Review: 'How to Become a Tyrant - វិធីក្លាយខ្លួនជាជនកំណាចផ្ដាច់ការ'
No comments:
Post a Comment