នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដាក់លក្ខខណ្ឌចំពោះមន្ត្រីថា បើមន្ត្រីមិនចេះប្រើស្មាតហ្វូន មិនបាច់តែងតាំងនោះទេ !!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បានដាក់លក្ខខណ្ឌចំពោះមន្ត្រីណា ដែលមិនចេះប្រើស្មាតហ្វូន គឺគ្មានការតែងតាំងឡើយ។ លោកបញ្ជាក់ថា ទោះបីជាមន្ត្រីរដ្ឋាភិបាលវ័យចំណាស់កម្រិតណាក៏ដោយ ត្រូវតែទាមទារឲ្យរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីងាយស្រួលទំនាក់ទំនង និងការងារស្រាវជ្រាវ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលប្រមុខដឹកនាំរដ្ឋាភិបាលរូបនេះ ស្នើឲ្យមន្ត្រីរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ ត្រូវតែចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទងគ្នា និងកាត់បន្ថយពេលវេលា ខណៈលោកធ្លាប់បានរិះគន់តំណាងរាស្ត្រ និងមន្ត្រីថ្នាក់ដឹកនាំខ្លះមិនទាន់ចេះប្រើប្រាស់កុំព្យូទ័រនៅឡើយទេរហូតមកដល់ពេលនេះ។ មិនតែប៉ុណ្ណោះ លោកហ៊ុន សែន អំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលធ្វើអក្ខរកម្មព័ត៌មានវិទ្យាផងដែរ៕
ប្រភព ៖ vayofm
No comments:
Post a Comment