លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យបណ្ដេញអង្គការអាមេរិកមួយឈ្មោះមេត្រីអន្តរជាតិ (Agape International Mission) ចេញពីកម្ពុជា ដែលលោកចោទថា អង្គការនេះប្រមាថស្ត្រីខ្មែរនៅកម្ពុជា ថាម្ដាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅព្រឹកថ្ងៃទី១ សីហា។ លោកថា លោកបានបញ្ជាក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបិទអង្គការនេះហើយកាលពីចុងសប្ដាហ៍មុន ក្រោយពីអង្គការមួយនេះ ប្រាប់ទូរទស្សន៍ស៊ីអិនអិន (CNN) របស់ អាមេរិក និងអេប៊ីស៊ី អូស្ត្រាលី (ABC NEWS) ពាក់ព័ន្ធនឹងរឿងជួញដូរផ្លូវភេទនៅកម្ពុជា។
លោក ហ៊ុន សែន ក៏ស្នើដល់ស្ថានទូតអាមេរិកស៊ើបអង្កេតចំពោះអង្គការនេះ។ បន្ថែមពីនេះ លោកថា នឹងឈានដល់បិទអង្គការដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ ហើយនឹងទទួលចិញ្ចឹមកុមារទាំងអស់ពីអង្គការនេះ។
អង្គការមេត្រីអន្តរជាតិបានបង្កើតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៨៨ ដែលជាអង្គការមនុស្សធម៌មួយមានទីស្នាក់ការនៅរដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ២០០៥ មកទល់បច្ចុប្បន្ន អង្គការនេះបានបង្វែរមកផ្ដោតលើកិច្ចការប្រឆាំងនឹងអំពើទាសភាពផ្លូវភេទលើកុមារ។
កាលពីថ្ងៃទី២៥ កក្កដា ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយរបាយការណ៍មួយ ដោយដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» ដោយមានបញ្ចូលរបាយការណ៍របស់អង្គការមេត្រីអន្តរជាតិ និងសម្ភាសន៍ស្ត្រីជាជនជាតិវៀតណាមរស់នៅកម្ពុជាមួយចំនួនផង។
ក្រោយចុះផ្សាយបានពីរថ្ងៃ សហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា បានប្រតិកម្មតបនឹងសាច់រឿងដែលចុះផ្សាយនេះ។ សហព័ន្ធនេះបានចាត់ទុកការផ្សាយនេះថា ជាការបំភ្លៃ និងបង្កផលប៉ះពាល់ដល់កិត្តិយសខ្មែរនៅលើសកលលោក ហើយថា ការចុះផ្សាយនេះគ្មានការយល់ដឹងជ្រៅជ្រះពីបញ្ហាទាសភាពផ្លូវភេទនៅកម្ពុជា ដោយត្រឹមទទួលបានរបាយការណ៍ប្រឌិតជាដើម។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment