បក្ស​ប្រឆាំង​ជួប​ព្យុះ បើ​ក្រសួងមហាផ្ទៃ​រំលាយ CNRP គ​.​ជ​.​ប នឹង​លុប​ចេញពី​បញ្ជី - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បក្ស​ប្រឆាំង​ជួប​ព្យុះ បើ​ក្រសួងមហាផ្ទៃ​រំលាយ CNRP គ​.​ជ​.​ប នឹង​លុប​ចេញពី​បញ្ជី

បក្ស​ប្រឆាំង​ជួប​ព្យុះ បើ​ក្រសួងមហាផ្ទៃ​រំលាយ CNRP គ​.​ជ​.​ប នឹង​លុប​ចេញពី​បញ្ជី

Share This
loading...


បក្ស​ប្រឆាំង​ជួប​ព្យុះ បើ​ក្រសួងមហាផ្ទៃ​រំលាយ CNRP គ​.​ជ​.​ប. នឹង​លុប​ចេញពី​បញ្ជី



ដោយ ៖ អ៊ាង ប៊ុនរិទ្ធ  

ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៨:៥៨   (27-03-2017 08:58)

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​ការ​រំលាយ​ចោល ប្រសិនបើ​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​ការ​ធ្វើ​សមាជ​វិសាមញ្ញ​កន្លង​មក ដែល​ថា​ខុស​ពី​លក្ខន្ដិកៈនោះ ។

លោក​ហង្ស ពុទ្ធា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ មីនា ដោយ​បាន​បញ្ជាក់​ថា «​ប្រសិនបើ​ក្នុង​ករណី​ដែល​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​ដែល​ចុះ​នៅ​ក្រសួងមហាផ្ទៃ​នោះ គ​.​ជ​.​ប ក៏​សម្រេច​លុបឈ្មោះ គណបក្ស​និង​បេក្ខជន​ដែល​ឈរឈ្មោះ​ចេញ​ដែរ​» ។ ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប នេះ​ខណៈ​ដែល​តំណាង​ក្រសួងមហាផ្ទៃ និង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ពិភាក្សា​នៅ​ថ្ងៃ​ទី​២៩ ខែមីនា​ខាង​មុខ​នេះ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ជជែក​គ្នា​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ក្នុង​ការ​ជ្រើសរើស​ក្បាលម៉ាស៊ីន​កាលពី​ថ្ងៃ​ទី​២ មីនា​កន្លង​ទៅ ។

លោក​ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ក្នុង​ករណី​ដែល​គ​.​ជ​.​ប សម្រេច​លុប​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា​បេក្ខជន​ឈរឈ្មោះ​នោះ​ថា កម្ពុជា​ជា​ប្រទេស​ដែល​អ្នក​ទាំងអស់​គ្នា​និយម​ហៅ​ថា នីតិរដ្ឋ អ​ញ្ចឹ​ង​បើ​មាន​ចែង​ក្នុង​លក្ខន្ដិកៈ​ក្នុង​ច្បាប់​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ល្អ ។

មុន​នឹង​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អ្នកនាំពាក្យ​ថ្លែង​ថា រង់ចាំ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ភាគី​ក្រសួងមហាផ្ទៃ​នៅ​ពេល​ខាង​មុខ​នេះ​សិន ។

សូម​ជម្រាប​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹ​ក្ស​ឃុំ សង្កាត់​ខាង​មុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បេក្ខភាព​ឈរឈ្មោះ​ទូ​ទាំង​ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស​សរុប​ចំ​១៦៤៦​ឃុំ​សង្កាត់​ទៅ​កាន់ គ​.​ជ​.​ប រួច​ហើយ ។

ជាង​នេះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​លោក កឹ​ម សុខា ជា​ប្រធាន និង​អនុប្រធាន​ចំនួន​៣​រូប​មាន លោក ប៉ុ​ល ហំ​ម លោ​កអេង ឆៃ​អ៊ា​ង និង​លោកស្រី មូរ សុខ​ហួរ 

ចំពោះ​ការ​ជ្រើសរើស​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​ថ្មី​របស់​គណបក្សប្រឆាំង​នេះ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អះអាង​ថា ខុស​លក្ខន្តិកៈ​របស់​គណបក្ស ប៉ុន្តែ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិន​ខុស​នោះ​ទេ ។

កាលពី​ថ្ងៃ​ទី​២២ ខែមីនា សម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក យឹ​ម សុវណ្ណ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្តី​ពី​ការ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧​ថា​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២​នៃ​លក្ខន្តិកៈ​គណបក្ស  ។

សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​លិខិត​នោះ​ដែរ ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ដក​ចេញ​នូវ​ចំណងជើង «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​អាទិភាព​៥ ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ ដោយសារ​ចំណងជើង​នេះ មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ  ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​នៅ​តែ​ប្រកាន់​ជំហរ​តាម​លិខិត​ដែល​ដាក់​ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ។
យ៉ាងណា​ក្តី​ចំពោះ​លទ្ធផល និង​ជោគវាសនា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជា​យ៉ាងណា​នោះ លទ្ធផល​នឹង​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ដោយ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ នឹង​ជជែក​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ជ្រើសរើស​ក្បាលម៉ាស៊ីន​កន្លង​មកនេះ ។

សម្រាប់​អ្នកវិភាគ​មើលឃើញ​ថា ការ​ប្រកាស​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​កើតឡើង​មែន ប្រហែលជា​ការ​បោះ​ឆ្នោត​ទាំងមូល​មិន​អាច​ដំណើរការ​បាន​នោះ​ទេ ពីព្រោះ​ថា បើ​ឈាន​ដល់​ដំណាក់​កាលនោះ​សមាជិក​គ​.​ជ​.​ប ដែល​តែងតាំង​ដោយ​បក្ស​សង្គ្រោះ​ជាតិ ក៏​អស់​សុពលភាព​ដែរ ដូច្នេះ​សូ​ម្បី​តែ គ​.​ជ​.​ប ក៏​ដំណើរការ​មិន​បាន​ផង ហើយ​ជាមួយ​គ្នា​នោះ បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទូ​ទាំង​ប្រទេស​ក៏​ច្របូកច្របល់​ដែរ ។ អ្នកវិភាគ​និយាយ​ថា រាជរដ្ឋាភិបាល​ដែល​ប្រកាស​យក​ការ​បោះ​ឆ្នោត​ដើម្បី​រក្សា​បាន​នូវ​នយោបាយ​ប្រជាធិបតេយ្យ​នោះ ពិតជា​មិន​ចង់​ឃើញ​វិបត្ដិ ដោយសារ​តែ​ការ​រំលាយ​បក្ស​សង្គ្រោះ​នោះ​ទេ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ជំហរ​ថា​មិន​បាន​ធ្វើការ​យាយី​គណបក្សប្រឆាំង​នោះ​ទេ និង​ថា​គឺ​គណបក្សប្រឆាំង​ជា​អ្នក​យី​យា​ខ្លូ​ន​ឯង​តែ​ប៉ុណ្ណោះ ។

លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​មិន​ឲ្យ​ចំ​ឈ្មោះ​ទៅ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ណាមួយ បាន​អះអាង​នៅ​ថ្ងៃ​ទី​២៥ មីនា​ថា មាន​អ្នកនយោបាយ​មួយ​ចំនួន​តែងតែ​ប្រើប្រាស់​អំណាច​របស់​ខ្លួន បង្កើត​ពាក្យ​ចចាមអារ៉ាម បំភ្លៃ​ការ​ពិត ប្រឌិត​ព័ត៌មាន បំភ័ន្ត​ព័ត៌មាន​... ។

លោក អេ​ង ឆៃ​អ៊ា​ង បញ្ជាក់​៖ «​កាលពី​ដប់​ឆ្នាំ​មុន ពេល​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​រាជធានី ឬ​ទៅ​ក្រៅប្រទេស ចាំបាច់​ត្រូវ​ប្រគល់​ភារកិច្ច​ឲ្យ​ជំនួយការ​ម្នាក់ ទិញ​កាសែត ឬ​ស្គែ​ន​អត្ថបទ​សំខាន់​ៗ​នៃ​សារព័ត៌មាន​នានា​ផ្ញើ​មក​ឲ្យ​។ តែ​បច្ចុប្បន្ន ទោះ​ស្ថិត​នៅ​ទីណា​ក៏​ដោយ ឲ្យ​តែ​មាន​ស្មា​ត​ហ្វូ​ន​មួយ​គឺ​ទទួល​បាន​ព័ត៌មាន​ទាំងអស់​គ្រប់ពេលវេលា ។ កត្តា​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អ្នកនយោបាយ​ទុច្ចរិត​ដែល​តែងតែ​ប្រើប្រាស់​អំណាច​របស់​ខ្លួន បង្កើត​ពាក្យ​ចចាមអារ៉ាម បំភ្លៃ​ការ​ពិត ប្រឌិត​ព័ត៌មាន បំភ័ន្ត​ព័ត៌មាន ដើម្បី​យក​ប្រៀប​ឈ្នះ​លើ​គូប្រកួត​របស់​ខ្លួន តែ​ទ​ង្វើ​ទាំងនោះ​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​បាត់បង់​ជំនឿ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​» ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​៖ «​សូមកុំ​យល់​ច្រឡំ គ្មាន​អ្នក​ណា​យាយី​យើង​ទេ គឺ​យើង​យាយី​ខ្លួនឯង​ទេតើ ។ លក្ខន្តិកៈ​គណបក្ស​សា​ង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៣ និង​លក្ខន្ដិកៈ​ចុះ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ត្រង់​ប្រការ​៤៧​ចែង​ថា អាណត្តិ​នៅ​តិច​ជាង​១៨​ខែ អនុប្រធាន​គណបក្ស​មួយ​រូប ដែល​មាន​អាយុ​ច្រើន​ជាងគេ​ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស​ស្តីទី​ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក​ត្រូវ​ជ្រើស​រេ​ី​ស​អនុប្រធាន​ថ្មី​យ៉ាងតិច​មួយ​រូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាង​យូរ​ពី​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​៥០​ភាគរយ​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​សម្រួល​ការងារ​ប្រធាន​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ » ។

លោក​បន្ថែម​ថា អាណត្តិ​នៅ​លើស​១៨​ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​កំណត់ពេល​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី​ក្នុង​រយៈពេល​យ៉ាង​យូរ​៣០​ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ ។ បើ​គិត​ពី​ថ្ងៃ ដែល​ប្រធាន​ចាស់​លាលែង​ពី​តួនាទី​ប្រធាន ឃើញ​ថា នៅ​សល់​ពេលវេលា​ត្រឹម​១៤​ខែ នឹង​ចប់​អាណត្តិ​។ ដូច្នេះ​គណបក្ស​សា​ង្គ្រោះ​ជាតិ មិន​អាច​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​បាន​ទេ តែ​ត្រូវ​ជ្រើសរើស អនុប្រធាន​ដែល​មាន​ស្រាប់​ធ្វើ​ជា​ប្រធាន​ស្តីទី និង​អនុប្រធាន​ចូល​កាន់​ការងារ​រហូត​ដល់​ចប់​អាណត្តិ ។ ដូច្នេះ​ការ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២ ខែមីនា​ឆ្នាំ​២០១៧ របស់​គណបក្ស​សា​ង្គ្រោះ​ជាតិ គឺ​ខុស​ខ្លឹមសារ​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​បក្ស​ទាំងស្រុង មិន​អាច​ប្រកែក​បាន​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ក៏​បាន​លើក​ឡើង​ថា ការ​ដែល​ក្រសួងមហាផ្ទៃ​មិន​ផ្តល់​សុពលភាព​ឲ្យ​មេដឹកនាំ​គណបក្ស​ស​ង្ក្រោះ​ជាតិ គឺជា​ការ​ត្រឹមត្រូវ​តាម​គោលការណ៍​មិន​មាន​អ្នក​ណា​គាបសង្កត់ ឬ​យាយី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​គាបសង្កត់​ខ្លួនឯង​នោះ ៕

ប្រភព : kohsantepheapdaily

No comments:

Post a Comment