ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងក្នុងពិធីបុណ្យទន្លេនាខេត្តក្រចេះ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥
លោក សុខ អាន ត្រូវបានគេចាត់ទុកថា គឺជាមន្ត្រីជិតស្និទ្ធ ឬជាមន្ត្រីដៃស្ដាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីអំឡុងទសវត្សរ៍ទី៨០ លោក សុខ អាន ដែលចេះភាសាអង់គ្លេស បារាំង និងភាសាវៀតណាម យ៉ាងស្ទាត់ជំនាញ ត្រូវបានលោក ហ៊ុន សែន កាលពីធ្វើជារដ្ឋមន្ត្រីការបរទេស ជ្រើសតាំងឱ្យធ្វើជាលេខាផ្ទាល់ខ្លួនរបស់លោក។ ក្រោយមក លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ និងជាមនុស្សទី១ ដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា។
លោក សុខ អាន ដែលជាបញ្ញវន្តឆ្លងកាត់ការបណ្ដុះបណ្ដាលដ៏ច្រើនផងនោះ និងធ្លាប់ជួយជ្រោមជ្រែងកិច្ចការឱ្យលោក ហ៊ុន សែន រាប់មិនអស់ ក៏មានតួនាទីខ្ពង់ខ្ពស់ជាច្រើននៅក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាមលំដាប់លំដោយ រហូតជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៅពេលបច្ចុប្បន្ន។ ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក សុខ អាន មិនបានលេចមុខជាសាធារណៈ ឬក៏អមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅណាមកណាដូចសព្វដងនោះទេ លុះមកដល់ដើមខែមីនា ទើបលេចដំណឹងថា លោកកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស រហូតដល់ថ្ងៃទី១៥ ខែមីនា ទើបគេប្រកាសឱ្យដឹងថា លោកទទួលមរណភាព។
លោក សុខ អាន កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៥០ និងជាអ្នកស្រុកខេត្តតាកែវ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។ លុះដល់ដល់វ័យជំទង់ លោក សុខ អាន គឺជាក្មេងប្រុសបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ១៩៦៧។
មកដល់អំឡុងឆ្នាំ១៩៧២ លោក សុខ អាន បានទទួលសញ្ញាប័ត្រជាបន្តបន្ទាប់ ដូចជាផ្នែកការទូតជាន់ខ្ពស់ផ្នែកភូមិវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ លោកបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកការទូតជាន់ខ្ពស់។ ពាក់ព័ន្ធនឹងបទពិសោធន៍ការងាររបស់លោក សុខ អាន ដែលដកស្រង់ពីគេហទំព័រទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ថា នៅឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧២ លោក សុខ អាន បានធ្វើជាសាស្ត្រាចារ្យនៃក្រសួងអប់រំជាតិ នៅខេត្តតាកែវ ជានាយកអនុវិទ្យាល័យព្រះបាទជាន់ជុំខេត្តតាកែវ និងជាសាស្ត្រាចារ្យទុតិយភូមិនៅខេត្តសៀមរាប។ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៨ លោកបានធ្វើជាប្រធានមន្ទីរនៃក្រសួងការបរទេស និងជាលេខាផ្ទាល់លោក ហ៊ុន សែន ជាអគ្គលេខាធិការនៃគណៈកម្មាធិការសន្តិភាពកម្ពុជា និងជាអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា។
ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩១ លោកធ្វើជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ យូណេស្កូ (UNESCO) កម្ពុជា។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៤ លោកបានធ្វើជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សរបស់កាន់អំណាច អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) ជាសហរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។ ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៧ ជាសមាជិករដ្ឋសភាមណ្ឌលតាកែវ ជាប្រធានអាជ្ញាធរជាតិអប្សរា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ហើយកាលពីឆ្នាំ២០១៣ លោក សុខ អាន បានធ្វើជាប្រធានមហាសន្និបាតសម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកជាដើម។
ក្រៅពីមុខតំណែងដ៏ច្រើនដែលលោកធ្លាប់កាន់ និងកំពុងកាន់ទាំងនេះ លោក សុខ អាន នៅមានតំណែងជាច្រើនផ្សេងទៀត ដូចជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ប្រធានអាជ្ញាធរជាតិអប្សរា ប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ប្រធានក្រុមការងារដើម្បីកាត់ទោសខ្មែរក្រហម ព្រមទាំងក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាលជាដើម។
ការក្ដោបក្ដាប់តួនាទីរបស់លោក សុខ អាន ទាំងនេះ ក៏រងការរិះគន់ថា ជាការប្រមូលផ្ដល់អំណាច និងមិនផ្ដល់ឱកាសឱ្យអ្នកដទៃ។
អ្វីដែលជាស្នាដៃរបស់លោក សុខ អាន គឺលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយអង្គការសហប្រជាជាតិ ដើម្បីកៀរគររកជំនួយពីបស្ចិមប្រទេស បង្កើតតុលាការខ្មែរក្រហម និងបានឱ្យតុលាការនេះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៩ មក។ ក្រៅពីនេះ លោក សុខ អាន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្នើឱ្យដាក់បញ្ជូនប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបានជួយខ្នះខ្នែងប្ដឹងតវ៉ារហូតទទួលបានជ័យជំនះលើសំណុំរឿងជម្លោះប្រាសាទព្រះវិហារ ពីប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ការបាត់បង់លោក សុខ អាន ត្រូវបានមន្ត្រីរដ្ឋាភិបាលចាត់ទុកថា គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រទេសជាតិ។ ចំណែកមន្ត្រីជំនាញពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសាលាក្ដីខ្មែរក្រហម លោក ដេវីដ សេហ្វើរ (David Scheffer) បានចាត់ទុកលោក សុខ អាន ថា ជាតួអង្គចរចាដ៏គួរឱ្យគោរព និងដ៏សំខាន់ ក្នុងការស្នើឱ្យមានការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់ដោយសាររបបខ្មែរក្រហម។ លោក ដេវីដ សេហ្វើរ បន្ថែមថា បើគ្មានវត្តមានរបស់លោក សុខ អាន ប្រហែលតុលាការកាត់ក្ដីខ្មែរក្រហម ក៏មិនអាចលេចរូបរាងដែរ។
បើនិយាយអំពីជីវិតអាពាហ៍ពិពាហ៍វិញ លោក សុខ អាន បានរៀបការជាមួយក្រមុំឈ្មោះ ថេង អាយអាន្នី ហើយបន្ទាប់មកអ្នកទាំងពីរ ប្រសូតិបុត្រដំបូងជាកូនស្រីឈ្មោះ សុខ សូម៉ា និងកូនប្រុសបន្ទាប់ចំនួន ៤នាក់ទៀត ឈ្មោះ សុខ ពុទ្ធិវុធ សុខ សូកាន សុខ សូកេន និង សុខ សង្វារ។ ក្នុងចំណោមកូនៗទាំងនេះ សុទ្ធតែទទួលបានតួនាទីខ្ពង់ខ្ពស់ និងជាតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សកាន់អំណាចដែរ។
កូនប្រុសច្បងរបស់លោក សុខ អាន គឺលោក សុខ ពុទ្ធិវុធ បានទទួលតួនាទីជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន។ កូនប្រុសទី២ សុខ សូកេន មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងជាកូនប្រសារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ។ កូនប្រុសទី៣ សុខ សូកាន តំណាងរាស្ត្រមណ្ឌលតាកែវ និងកូនប្រុសពៅ សុខ សង្វារ មានតួនាទីជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
សម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានរដ្ឋាភិបាលប្រកាសជាផ្លូវការថា បានទទួលមរណភាពនៅវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី១៥ ខែមីនា ក្នុងអាយុ ៦៦ឆ្នាំ ដោយរោគាពាធនៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។ ប៉ុន្តែប្រភពមួយចំនួនឲ្យដឹងថា លោកបានទទួលមរណភាពនៅម៉ោងជាង ៩ព្រឹក ថ្ងៃច័ន្ទ ទី១៣ ខែមីនា ក្រោយពេលដែលលោកត្រូវគេបញ្ជូនមកពីប្រទេសបារាំង ដល់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ មន្ត្រីរដ្ឋាភិបាលបដិសេធថាជាព័ត៌មានមិនពិត។
ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា "សម្ដេចវិបុលបញ្ញា សុខ អាន" កាលពីថ្ងៃទី១៣ ខែមីនា។ ការគោរមងារនេះ ដោយសារលោក សុខ អាន បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ឆ្នាំ១៩៩៣ កសាងនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ៕
loading...
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment