អនុប្រធាន CNRP ថា​សកម្មជន​អាច​ប្រើ​ពាក្យ​ស្លោក​ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អនុប្រធាន CNRP ថា​សកម្មជន​អាច​ប្រើ​ពាក្យ​ស្លោក​ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ

អនុប្រធាន CNRP ថា​សកម្មជន​អាច​ប្រើ​ពាក្យ​ស្លោក​ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ

Share This

អនុប្រធាន​​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​សង្កាត់​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ខ្លួន​មិន​បាន​ដក​ចេញ ឬ​ហាមឃាត់​មិន​ឲ្យ​សកម្មជន យក​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ទៅ​ប្រើប្រាស់​ឡើយ។ ផ្ទុយ​ទៅ​វិញ សកម្មជន​នៅ​តែ​អាច​ប្រើ​ពាក្យ​ស្លោក​នេះ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ។

ការ​ប្រកាស​ជា​ថ្មី​នេះ ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​ប្រកាស​ជំហរ​ជា​ថ្មី​ថា ខ្លួន​នឹង​ប្ដឹង​បក្ស​ប្រឆាំង។ រីឯ​អ្នក​វិភាគ​យល់​ថា ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​បង្ខំ​ឲ្យ​ឈប់​ប្រើប្រាស់​ពាក្យ​ស្លោក​នេះ គឺ​ជា​ការ​ខាតបង់​សម្រាប់​បក្ស​កាន់​អំណាច។

ថ្វីត្បិតតែ​អាច​ប្រឈម​មុខ​នឹង​តុលាការ​យ៉ាង​ណា​ក្ដី ក៏​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ថា គណបក្ស​ខ្លួន​មិន​លុប​ចោល​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» នោះ​ទេ ដោយ​អះអាង​ថា ពាក្យ​ស្លោក​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​បក្ស ម្យ៉ាង​ទៀត​ពាក្យ​នេះ​ត្រូវ​បាន​គេ​ចាប់​ផ្ដើម​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១២ មក​ម្ល៉េះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ មីនា ថា រាល់​ការ​ប្រើប្រាស់​ពាក្យ​ស្លោក​ទាំងអស់ រួម​ទាំង​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» និង​ពាក្យ​ស្លោក​ដទៃ​ទៀត​ដូចជា «ផ្លូវ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង» ឬ «ផ្លូវ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត» ជាដើម ដែល​ត្រូវ​បាន​ពលរដ្ឋ​ចងចាំ និង​យក​មក​និយាយ​តៗ​គ្នា​មក​ដល់​សព្វថ្ងៃ គឺ​ដោយសារ​ពាក្យ​ស្លោក​ទាំងនោះ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម និង​មិន​អាស្រ័យ​លើ​គណបក្ស​ប្រឆាំង​ឡើយ។ លោក​បន្ត​ថា ប្រសិន​បើ​ពាក្យ​ស្លោក​មិន​បង្ហាញ​អំពី​សង្គម​ជាក់ស្ដែង នោះ​នឹង​រលត់​ទៅ​វិញ​ឯងៗ ហើយ​មិន​ចាំបាច់​នរណា​ទៅ​បង្ខំ​ឲ្យ​លុប​ចេញ​នោះ​ទេ៖ «ប្ដឹងៗ​ទៅ ព្រោះ​វា​មិន​មែន​ជា​គោល​នយោបាយ​របស់​យើង​ផង​ហ្នឹង វា​អត់​មាន​ទាក់ទង​គ្នា​ណា ទៅ​ប្ដឹង​ពាក្យ​ស្លោក»។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ក៏​អះអាង​ថា ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» មិន​ជាប់​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​ខ្លួន​ទាំង ៥​ចំណុច ដែល​សមាជ​វិសាមញ្ញ​សម្រេច​ដាក់​ចេញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ដូចជា ពង្រឹង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ លើក​កម្ពស់​ជីវភាព និង​ការ​អភិវឌ្ឍ សេវា​សាធារណៈ សន្តិសុខ និង​សហវិមជ្ឈការ។ ជាង​នេះ​ទៅ​ទៀត គណបក្ស​ប្រឆាំង​ក៏​មិន​ប្រឆាំង​ជំទាស់​ទៅ​នឹង​សិទ្ធិ​របស់​សកម្មជន និង​អ្នក​គាំទ្រ ដែល​ចង់​យក​ពាក្យ​ស្លោក​នេះ​ទៅ​និយាយ​នៅ​ពេល​ចេញ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។

សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ មីនា ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» បន្ទាប់​មក​ពាក្យ​ស្លោក​នេះ​ត្រូវ​បក្ស​កាន់​អំណាច​ឆ្លើយតប​ទាំង​ខឹងសម្បា និង​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​មួយ​មក​លើ​មេ​ឃុំ​នៅ​ទូទាំង​ប្រទេស។ ជាង​នេះ​ទៅ​ទៀត គណបក្ស​កាន់​អំណាច​ក៏​ត្រៀម​ប្ដឹង​បក្ស​ប្រឆាំង​ទៅ​តុលាការ​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក អេង ឆៃអ៊ាង នៅ​ពេល​នេះ គឺ​មិន​បង្ហាញ​អំពី​ភាព​ប្រាកដ​និយម​ទាល់​តែ​សោះ ព្រោះ​កន្លង​មក សូម្បី​លោក កឹម សុខា និង​លោក សុន ឆ័យ ដែល​ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្រកាស​ឲ្យ​ឈប់​ប្រើប្រាស់​ពាក្យ​ស្លោក​ទៅ​ហើយ​នោះ៖ «អ៊ីចឹង​មិន​មាន​ការ​ជឿជាក់​លោក គាត់​និយាយ​ទេ។ គាត់​និយាយ​បាត​ដៃ​ខ្នង​ដៃ។ ឯកឧត្តម កឹម សុខា ដូចជា​និយាយ​ច្បាស់​ណាស់​ក្នុង​នាម​ប្រធាន​គណបក្ស​ទៅ​កំពត ថា​គាត់​ណែនាំ​ឲ្យ​សមាជិក​គាត់​ឈប់​ប្រើ​អា​ហ្នឹង​ហើយ»។

លោក សុខ ឥសាន អះអាង​ថា ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍​ដែល​គណបក្ស​របស់​លោក​មិន​ព្រម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជា​ផ្លូវការ​នោះ ដោយសារ​ទន្ទឹង​រង់ចាំ​ការ​ប្រកាស​ជំហរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​មុន​សិន។ លោក​ថ្លែង​ថា ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ដែល​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ប្រើប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ហើយ​ដែល​គណបក្ស​របស់​លោក​មិន​ប្ដឹង​តាំង​ពី​ពេល​នោះ​មក ដោយសារ​នៅ​ពេល​នោះ​មិន​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ទើប​នៅ​ពេល​នេះ​ទើប​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​ស្លោក​នេះ ព្រោះ​វា​រំលោភ​លើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ជា​ការ​រើសអើង​មក​មេ​ឃុំ-សង្កាត់​ទូទៅ។

ក្នុង​ក្រសែភ្នែក​របស់​មជ្ឈដ្ឋាន​ទូទៅ​មួយ​ចំនួន រួម​ទាំង​សហគមន៍​អន្តរជាតិ​ភាគច្រើន និង​អ្នក​វិភាគ​នយោបាយ តែង​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​តែងតែ​រក​គ្រប់​មធ្យោបាយ​គាប​សង្កត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ឲ្យ​បែក​បាក់​គ្នា ឬ​ឲ្យ​ចុះ​ខ្សោយ​មក​វិញ ក្នុង​នោះ​រួម​ទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ ប្រសិន​បើ​គណបក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​ប្ដឹងផ្ដល់​គ្នា​នេះ អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ជា​ការ​ខាតបង់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​ទៅ​វិញ ព្រោះ​ពលរដ្ឋ​បច្ចុប្បន្ន​មិន​គាំទ្រ​កម្មវិធី​នយោបាយ​លាប​ពណ៌ ចោទ​ប្រកាន់ និង​កម្ទេច​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ពលរដ្ឋ​ចង់​បាន គឺ​កម្មវិធី​នយោបាយ​មួយ​បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ និង​បម្រើ​ដល់​ផល​ប្រយោជន៍​ពួក​គាត់៖ «បក្ស​កាន់​អំណាច​ក៏​មាន​មេ​ឃុំ បក្ស​ប្រឆាំង​ក៏​មាន​មេ​ឃុំ។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​មិន​ធ្ងន់ធ្ងរ​អី​ដល់​ថ្នាក់​បែកបាក់​ជាតិ​នោះ​ទេ»។

លោក សូ ចន្ថា បញ្ជាក់​ថា បទពិសោធន៍​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​តាម​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​លើ​ពិភពលោក មិន​ដែល​ជួប​ប្រទះ​ករណី​គណបក្ស​នយោបាយ​ប្ដឹងផ្ដល់​គ្នា ជុំវិញ​ការ​ប្រើប្រាស់​ពាក្យ​ស្លោក​ឡើយ ហើយ​បើ​នៅ​ក្នុង​ច្បាប់​វិញ ក៏​គ្មាន​ការ​ចែង​អំពី​ការ​ហាម​មិន​ឲ្យ​ប្រើប្រាស់​ពាក្យ​ស្លោក​នោះ​ដែរ។

អ្នក​វិភាគ​នយោបាយ​ស្នើ​ឲ្យ​គណបក្ស​នយោបាយ គួរ​ដល់​ពេល​គិតគូរ​ស្វែងរក​ការ​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​កសិផល​គ្មាន​ទីផ្សារ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម និង​តុលាការ​គ្មាន​ឯករាជ្យ​ជាដើម ជា​ជាង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ល្ហែ​បែប​នេះ៕

loading...


No comments:

Post a Comment