រឿងនិទាន ស្តេចស្រាត-The Emperor's New Clothes - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងនិទាន  ស្តេចស្រាត-The Emperor's New Clothes

រឿងនិទាន ស្តេចស្រាត-The Emperor's New Clothes

Share This

នាសម័យបុរាណកាល នៅបស្ចិមប្រទេស មានព្រះរាជាមួយព្រះអង្គ មិនសូវចេះគិតគូរ បញ្ហាប្រទេសជាតិ ចូលចិត្តតែរឿងសប្បាយផ្ទាល់ព្រះអង្គ ។ ព្រះអង្គសព្វព្រះហរទ័យ ជាពិសេស គ្រងដោយព្រះព័ស្ត្រ(សម្លៀកបំពាក់) ថ្មីៗស្អាតៗ ដែលព្រះអង្គចំណាយថវិកា ជាតិ ដោយខ្ជះខ្ជាយ មិនគិត មិនសំចៃ ។
មានជនកំហូចពីរនាក់ ជាសំឡាញ់នឹងគ្នា មានគម្រោងទាញចំណេញ អំពីការចូលចិត្ត របស់ព្រះរាជា ។ មាណពទាំងពីរ បានសូមចូលគាល់ព្រះរាជា ហើយទូលព្រះអង្គថា ពួកគេទាំងពីរ ចេះត្បាញសំពត់សូត្រល្អប្រណីត មិនមានសំពត់ឯណាប្រដូចបានឡើយ ប៉ុន្តែសំពត់នេះ មានលក្ខណៈពិសេសម៉្យាង គឺថាមានតែបុគ្គល ដែលមាន គំនិតភ្លឺថ្លា ប្រាជ្ញាភ្លឺស្វាង ទើបមាននិស្ស័យ មើលសំពត់នេះឃើញ រីឯ ជនល្ងង់ខ្លៅ ប្រាជ្ញាអាប់ឱន មិនមានវាសនា មើលសំពត់ដ៏វិសេស នេះឃើញឡើយ ។ ព្រះរាជា ទ្រង់ព្រះសណ្តាប់ស្រេចហើយ ក៏មានបំណង ចង់បាន ក្រណាត់សំពត់អស្ចារ្យនេះក្រៃលែង ទោះចំណាយថវិការ អស់ប៉ុន្មានក៏មិនស្តាយ ។

មាណពកំហូចទាំងពីរ ទាមទារកម្រៃការងារដ៏ច្រើនលើសលប់ ព្រមទាំងអំបោះសូត្រមានតម្លៃជាច្រើនត្រល់ និង ខ្សែមាស ជាច្រើនតម្លឹង ។ បានដូចបំណងកាលណា មាណពទាំងពីរ ប្រមូលលុយកាក់ អំបោះសូត្រ និង ខ្សែមាស លាក់ទុក ហើយក៏រៀបចំតម្លើង កីតម្បាញ ។

រឿងក្រណាត់សំពត់ ដ៏វិសេសវិសាល នេះល្បីសុះសាយ ពេញទាំងព្រះរាជធានី ។ បួនដប់ថ្ងៃកន្លងមក ព្រះរាជា ទ្រង់ចង់បានដំណឹង អំពីដំណើរការណ៍ តម្បាញសំពត់ ។ ទ្រង់បានបញ្ជូនមន្ត្រីជំនិត ជានាមុឺនជើងចាស់ក្នុងវាំងមួយរូប ទៅសុើបដំណឹងអំពីតម្បាញពិសេស ។ លុះបានដឹងថា មានមន្ត្រី ពីវាំងមកធ្វើទស្សនកិច្ច មាណពកំហូចទាំងពីរ ធ្វើជាត្បាញ អង្គុយលើកដៃ លើកជើង ដូចជាត្បាញមែនទែន ប៉ុន្តែការពិត មិនមានអំបោះសូត្រអ្វីទាំងអស់ នៅលើកីតម្បាញ ។ នាមុឺនចំណាស់ ឃើញតែជាងតម្បាញ លើកដៃចុះឡើងធ្វើការ តែមិនឃើញអំបោះ មិនឃើញសំពត់អ្វីទាំងអស់ ... គាត់ចេះតែឆ្ងល់ តែមិនហ៊ានចេញវាចា អ្វីទាំងអស់ ត្បិតក្រែងគេដឹងថា ជាមនុស្សឆោតល្ងង់ មិនមាននិស្ស័យ មើលសំពត់វិសេស ឃើញ ។ ឃើញដូច្នេះ មាណពកំហូចម្នាក់ បាននាំ លោកនាមុឺន ចូលទៅជិតកីតម្បាញ លើកដៃ ចង្អុលពន្យល់ថា លោកឃើញទេ សំពត់នេះ មានពណ៌រលើបរលោង ល្អណាស់ មានទាំងរូបផ្កា ស្រស់បំព្រងផង ... លោកនាមុឺន ក៏សរសើរបន្ទរថា ពិតជាល្អមែន :) លុះមកដល់វាំងវិញ ក៏រៀបរាប់ ពណ៌នា អំពីសម្រស់សំពត់វិសេស ថ្វាយព្រះរាជា ដូចអ្វីដែលចៅមាណព រៀបរាប់ប្រាប់គាត់ ។ ព្រះរាជា ទ្រង់ព្រះសម្រួល ពេញព្រះហរទ័យ អំពីសំពត់វិសេស ។ 

បួនប្រាំថ្ងៃបន្ទាប់មកទៀត ព្រះអង្គទ្រង់ចាត់បញ្ជូន នាមុឺនមួយរូបទៀត ដើម្បីធ្វើទស្សនកិច្ច តម្បាញសំពត់វិសេស ។ ពួកមាណពកំហូច លេងល្បិចដូចលើកមុន ហើយថែមទាំង ទាមទារបន្ថែម នូវអំបោះសូត្រ និង ខ្សែមាសផង ។ មកដល់វាំងវិញ លោកនាមុឺន បានរៀបរាប់ អំពីសម្រស់សំពត់វិសេស ដល់ព្រះរាជាដូចលើកមុន ។

ដល់ថ្ងៃកំណត់ បញ្ចប់តម្បាញ មាណពទាំងពីរ បាននាំសំពត់វិសេស មកព្រះរាជវាំង ដើម្បីកាត់សម្លៀកបំពាក់ថ្វាយព្រះរាជា ។ ទាំងព្រះរាជា ទាំងនាមុឺនសព្វមុខមន្ត្រី មើលមិនឃើញអ្វីទាំងអស់ ប៉ុន្តែដោយហេតុថា ក្រែងពាក្យចោទថាខ្លួនជាជនឆោតល្ងង់ ក៏ចេះតែខំធ្វើឫក ជាមើលឃើញសំពត់វិសេស គ្រប់ៗគ្នា និងពោលពាក្យសរសើរ អំពីសំពត់វិសេស ដោយប្រការលើកជើង ផ្សេងៗ :) :) :) ថ្ងៃជាពេលាល្អ បានមកដល់ ... ព្រះរាជាត្រូវយាង ជាទស្សនកិច្ចក្នុងទីក្រុង បង្ហាញទ្រង់ និងព្រះពស្ត្រថ្មី (សម្លៀកបំពាក់) ដល់រាស្ត្រប្រជា និងទេសចរ បរទេសផ្សេងៗ ... ជាងកាត់ដេរទាំងពីរ បានដោះសម្លៀកបំពាក់ចាស់ អំពីព្រះរាជា ហើយធ្វើជាលើក សម្លៀកបំពាក់ថ្មី ដាក់ថ្វាយព្រះរាជា ។ ព្រះអង្គ ទ្រង់ពេញព្រះហរទ័យខ្លាំងណាស់ ត្បិតអី នាមុឺនសព្វមុខមន្ត្រីពោលសរសើរ ព្រះអង្គសក្តិសម នឹងសម្លៀកបំពាក់ថ្មីគ្រប់ៗគ្នា ... ព្រះអង្គទ្រង់ចាត់ ប្រទានដល់មាណពទាំងពីរ នូវរង្ចាន់ខាន់ខៅ ព្រមទាំងបំពាក់គ្រឿងឥស្សរយស ទៀតផង ។

ក្នុងទីក្រុង ព្រះរាជាទ្រង់យាងដោយដំណើរស្វាហាប់ សមជាស្តេចគ្រងផែនដី ... មនុស្សម្នា ក្នុងទីក្រុង ឃើញព្រះរាជា មិនមានគ្រងព្រះពស្ត្រ អ្វីទាំងអស់ តែម្នាក់ៗធ្វើតែធម្មតា មិនហ៊ានមាត់កអ្វី ម៉្យាងខ្លាចព្រះរាជា ម៉្យាងខ្លាចគេថាល្ងង់ :) :) :) ស្រាប់តែពេលនោះ មានក្មេងម្នាក់ស្រែកឆោឡោថា « មើលស្តេចស្រាត ... មើលស្តេចស្រាត ! » ឪពុកក្មេងនោះខំបន្ទាសកូន ទាំងភ័យខ្លាច ថាកុំឲ្យកូននិយាយផ្តេសផ្តាស ។ ព្រះរាជា ទ្រង់ព្រះសណ្តាប់ហើយ ក៏នៅស្ងៀម កាត់យល់បានថា ក្មេងនិយាយត្រូវ តែទ្រង់ធ្វើមិនដឹង ទ្រាំធ្វើឫកខែង រហូតបញ្ចប់ទស្សនកិច្ច ។

ចាប់ពីថ្ងៃនោះមក ព្រះអង្គឈប់ប្រថុយ ប្រើសម្លៀកបំពាក់ថ្មីនេះ ... និយាយអំពី ចៅមាណពកំហូចទាំងពីរ បានភៀសខ្លួនបាត់អំពីទីក្រុង តាំងពីបានទទួលរង្វាន់ខាន់ខៅ និងគ្រឿងឥស្សរយស មកម្ល៉េះ ។៚

និពន្ធដោយលោក Hans Christian Andersen
ដាក់ផ្សាយនៅឆ្នាំ 1837
(គាត់ជាជនជាតិ ដាណឺម៉ាក)

No comments:

Post a Comment