សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធារបស់របបហ៊ុនសែន២នាក់ គឺ ចៅ ភិរុណ និង ទៀ វិញ ។ ការដាក់ទណ្ឌកម្មនេះ
រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក
និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ
និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេអាចធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបាន ។
____
VOA Khmer: សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធាកម្ពុជាពីររូបគឺលោក ចៅ ភិរុណ និងលោក ទៀ វិញ
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដោយឡែកពីគ្នានៅថ្ងៃពុធនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះឧត្តមសេនីយ៍កំពូលពីររូបទៀតគឺ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើឧត្តមសេនីយ៍យោធាទាំងពីររូបនេះ គឺយោងទៅលើការអភិវឌ្ឃតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។ ហើយសហរដ្ឋអាមេរិកកបានចោទប្រកាន់កម្ពុជាថា បានអនុញាតឲ្យមានមូលដ្ឋានយោធាចិន ខណៈកម្ពុជាប្រកែកដាច់អហង្ការថាមិនមានទៅវិញនោះ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយ៍យោធាទាំងពីរពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបំផ្លាញនីតិរដ្ឋ ទំនុកចិត្តសាធារណជនលើស្ថាប័នរដ្ឋាភិបាលខ្លួន ដោយការប្រើអំណាចនយោបាយ និងអំណាចជាមន្ត្រី ដើម្បីរៀបចំគម្រោងសម្ងាត់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ «វិធានការថ្ងៃនេះគឺបញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រពលរដ្ឋកម្ពុជា និងស្មារតីរបស់ពួកគេដើម្បីសុខសន្តិភាពភាពចម្រើនរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ សហរដ្ឋអាមេរិកឈរជាមួយពលរដ្ឋកម្ពុជាទាំងអស់ ដែលធ្វើកិច្ចការដើម្បីការឈានទៅរកការកែទម្រង់ឲ្យប្រសើរ ហើយក្រសួងការបរទេសនឹងបន្តប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះពួកជនពុករលួយក្នុងតំបន់និងពិភពលោក»។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមទៀតថា ក្នុងអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងមន្ត្រីមួយចំនួនទៀតបានរៀបចំផែនការសម្ងាត់ដើម្បីកេងយកផលចំណេញផ្ទាល់ខ្លួនពីសកម្មភាពសាងសង់ និងការធ្វើទំនើបកម្មចំពោះសំណង់អគារនៅមូលដ្ឋានយោធាជើងទឹករាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកវិញបានបន្ថែមថា នាយឧត្តមសេនីយ៍ទាំងពីរគឺស្ថិតក្នុងបញ្ជីឈ្មោះដែលត្រូវអនុវត្តតាមបទបញ្ជាប្រធានាធិបតីសហរដ្ឋអាមេរិកលេខ ១៣៨១៣ ដែលបន្ថែមទៅលើការអនុវត្តច្បាប់ Global Magnitsky ដែលផ្តន្ទាទោសលើជនរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពីពុករលួយធ្ងន់ធ្ងរក្នុងពិភពលោក។
លោក Andrea M. Gacki ប្រធានការិយាល័យគ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«សហរដ្ឋអាមេរិកនឹងមិនឈរស្ងៀម ពេលដែលក្រុមមន្ត្រីពុករលួយកេងយកប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យពលរដ្ឋកម្ពុជារងគ្រោះនោះទេ។ រដ្ឋបាលនេះនឹងបន្តអាទិភាពលើកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយហើយនិងធ្វើកិច្ចការយ៉ាងខ្លាំងក្លាដើម្បីលើកកម្ពស់តម្លាភាព»។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ពីទណ្ឌកម្មធ្ងន់ធ្ងរជាច្រើន ដោយក្នុងនោះរួមមានទាំងការមិនអនុញាតឲ្យឧត្តមសេនីយ៍កម្ពុជាទាំងពីរ ក្រុមគ្រួសារសាច់ញាតិទទួលបានទិដ្ឋការចូលមកកាន់សហរដ្ឋអាមរិក ហើយទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិកឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនេះនៅសហរដ្ឋអាមេរិក នឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមកការិយាល័យគ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។ បន្ថែមពីនេះ ជំនួញនានាដែលនាយឧត្តមសេនីយ៍ទាំងពីរមានកាន់កម្មសិទ្ធដោយផ្ទាល់ឬដោយប្រយោលចាប់ពី ៥០ភាគរយឡើងទៅនឹងត្រូវបង្កកផងដែរ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើកនេះគឺនៅជិតមួយខែមុនពេលដែលពិភពលោកប្រារព្ធខួបប្រចាំឆ្នាំទិវាប្រឆាំងអំពើពុករលួយពិភពលោកនៅដើមខែធ្នូខាងមុខ។
វីអូអេមិនទទួលបានការឆ្លើយតប ពេលព្យាយាមទាក់ទងមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺអំពីករណីនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកនាយឧត្តមនាវីទៀ វិញ តាមប្រព័ន្ធផ្ញើសារតេឡេក្រាមនៅថ្ងៃនេះ។
តែកន្លងមក ក្រុមមន្ត្រីដែលធ្លាប់រងការដាក់ទណ្ឌកម្មនិងមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលបានអះអាងថា ពួកគេមិនខ្វល់ជាមួយនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ។
លោកបណ្ឌិត អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State បានថ្លែងថា វិធានការរបស់សហរដ្ឋអាមេរិកនៅថ្ងៃនេះ គឺជាការបង្ហាញថា ក្រុងវ៉ាស៊ីនតោនមិនបំភ្លេចកម្ពុជាទេហើយលោកថាវាអាចមានមន្ត្រីជាច្រើនរយនាក់នៅថ្ងៃអនាគតតែការដាក់ន្ថែមពីរនាក់ទៀតគឺជានិមិត្តរូបមួយ។
លោកបណ្ឌិត អៀ សុផល ថ្លែងថា៖ «ប្រទេសកម្ពុជាមិនត្រូវគេបំភ្លេចទេរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រសួងរតនាគារអាមេរិកយកចិត្តទុកដាក់ចំពោះយុត្តិធម៌នៅកម្ពុជា»។
លោកបានបន្តថា បុគ្គលដែលបញ្ជាការបំផ្លាញអាគារសហរដ្ឋអាមរិកនៅរាមនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារជំនួយដែលស្នើសុំដោយរដ្ឋាភិបាលកម្ពុជាត្រូវបំផ្លាញដោយ រដ្ឋាភិបាលកម្ពុជា ៕
រូបឯកសារ៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ ខាងឆ្វេង និងនាយឧត្តមនាវី ទៀ វិញ ខាងស្តាំ។ (Facebook/General Department of Materials and Techniques/General Tea Vinh)
RFA Khmer: អាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាកម្ពុជាពីររូប រឿងពុករលួយពាក់ព័ន្ធគម្រោងកែលម្អកំពង់ផែកងទ័ពជើងទឹករាម
សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រកាសដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ជុំវិញការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទាំងពីររូបនោះ រួមមាន នាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។
ក្រសួងរតនាគារជាតិអាមេរិក ប្រកាសនៅថ្ងៃទី១០ វិច្ឆិកាថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ខ្លួន បានដាក់ទណ្ឌកម្មលើមន្ត្រីយោធាកម្ពុជាជាន់ខ្ពស់ទាំងពីររូបនេះ ដោយសារតែពួកគេបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជា។ ការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិដែលពួកគេអាចមាននៅសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេ និងសមាជិកក្រុមគ្រួសារសាច់ញាតិបង្កើតរបស់ពួកគេអាចធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកបាន។ ទណ្ឌកម្មនេះ ក៏ហាមប្រាមមិនឱ្យជនជាតិ ឬក្រុមហ៊ុនអាមេរិកាំងទាំងអស់ រកស៊ី ឬធ្វើប្រតិបត្តិការសាច់ប្រាក់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលកម្ពុជាទាំងពីររូបនេះឡើយ។ ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដោយផ្អែកតាមច្បាប់ ក្លូប៊ល ម៉ាកនីតស្គី (Global Magnitsky) របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងជនទាំងឡាយណា ដែលបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយនៅទូទាំងសាកលលោក។
បើតាមក្រសួងការបរទេសអាមេរិក ក្រៅពីលោក ចៅ ភិរុណ និងលោក ទៀ វិញ សមាជិកក្រុមគ្រួសាររបស់ពួកគេ រួមមាន កូនប្រុសបង្កើតរបស់លោក ចៅ ភិរុណ គឺលោក ចៅ ភិរិទ្ធ និងលោក ចៅ ពលៈ។ ប្រពន្ធរបស់លោក ទៀ វិញ គឺអ្នកស្រី កាន់ ចន្ទ្រា កូនស្រីរបស់លោក ទៀ វិញ គឺអ្នកស្រី ទៀ លក្ខិណា និងកូនប្រុសរបស់លោក ទៀ វិញ គឺលោក ទៀ សុខា។ ពួកគេទាំងនេះត្រូវបានរឹតត្បិតទិដ្ឋាការមិនឱ្យធ្វើដំណើរមកជាន់ដីសហរដ្ឋអាមេរិកឡើយ។
(ឆ្វេង) អ្នកស្រី ទៀ លក្ខិណា និងលោក ទៀ សុខា ជាកូនរបស់លោក ទៀ វិញ។ រូប៖ ហ្វេសប៊ុកលោក ទៀ សុខា
គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះ បាននៅឡើយទេ ដោយសារតែពួកលោកមិនលើកទូរស័ព្ទកាលពីយប់ថ្ងៃទី១០ ឈានចូលព្រឹកថ្ងៃទី១១ វិច្ឆិកា។
ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារជាតិអាមេរិក អ្នកស្រី អេនឌ្រៀ ហ្កាកគី (Andrea M. Gacki) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា «សហរដ្ឋអាមេរិក នឹងមិនឈរអោបដៃនៅសម្ងំស្ងៀមនោះទេ ស្របពេលដែលមន្ត្រីប្រព្រឹត្តអំពើពុករលួយកំពុងទទួលបានផលប្រយោជន៍ដោយផ្ទាល់ ក្នុងពេលដែលពលរដ្ឋកម្ពុជាជាអ្នកខាតបង់»។ អ្នកស្រីបន្តថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) នឹងបន្តផ្ដោតអាទិភាពលើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធ្វើការដោយមិនរួញរា ដើម្បីលើកកម្ពស់ឱ្យមានការទទួលខុសត្រូវ។
បើតាមក្រសួងរតនាគារជាតិអាមេរិក នៅឆ្នាំ២០២០ និងឆ្នាំ២០២១ លោក ចៅ ភិរុណ បានរួមគំនិតកេងចំណេញពីសកម្មភាពពាក់ព័ន្ធនឹងការសាងសង់ និងកែលម្អបរិវេណ និងអាគារនៅកំពង់ផែកងទ័ពជើងទឹករាម។ បន្ថែមលើនេះទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាដទៃទៀត ក៏ទំនងជាបានរួមគំនិតគ្នាបំប៉ោងថ្លៃដើមនៃការសាងសង់ និងកែលម្អបរិវេណ និងអាគារនៅកំពង់ផែកងទ័ពជើងទឹករាម ហើយពួកគេបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងទាំងនោះ។ ក្រសួងរតនាគារជាតិអាមេរិក ឱ្យដឹងថា លោក ទៀ វិញ និងលោក ចៅ ភិរុណ មានគម្រោងការចែកលុយគ្នាពីថវិកាដែលពួកគេបានកេងយកពីគម្រោងកែលម្អកំពង់ផែកងទ័ពជើងទឹករាម។
ក្រសួងរតនាគារជាតិអាមេរិក គូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺជាសារមួយបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា និងនៅទូទាំងសាកលលោក។ ដោយឡែក ក្រសួងការបរទេសអាមេរិកវិញ គូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដើម្បីឱ្យមាននូវអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព លទ្ធិប្រជាធិបតេយ្យ និងសមភាព។ សហរដ្ឋអាមេរិក ឈរនៅជាមួយពលរដ្ឋកម្ពុជាគ្រប់រូបដែលធ្វើការដើម្បីលើកកម្ពស់ឱ្យមានកំណែទម្រង់នានា។ ក្រសួងការបរទេសអាមេរិកសន្យាថា នឹងបន្តប្រើប្រាស់នូវរាល់សិទ្ធិអំណាចដែលខ្លួនមានទាំងអស់ ដើម្បីចូលរួមលើកកម្ពស់ឱ្យមាននូវទំនួលខុសត្រូវចំពោះបុគ្គលប្រព្រឹត្តអំពើពុករលួយនៅក្នុងតំបន់ និងសាកលលោក។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជាន់ខ្ពស់ និងមេឈ្មួញគ្រាក់ៗ នៃរបបលោក ហ៊ុន សែន សរុប ៥នាក់ហើយបានទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក។ ក្រៅពីលោក ចៅ ភិរុណ និងលោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន លោក គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ទ្រី ភាព ដែលជាឈ្មួញឈើល្បីឈ្មោះ ក៏កំពុងទទួលរងនូវទណ្ឌកម្មដូចគ្នានេះពីសហរដ្ឋអាមេរិកដែរ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅតំបន់តារាសាគរក្នុងខេត្តកោះកុង៕
(ឆ្វេង) នាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និង (ស្ដាំ) នាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។
រូប៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងហ្វេសប៊ុកលោក ទៀត សុខា
No comments:
Post a Comment