ភវិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនប្រុសទាំង៥។ |
ជាងមួយឆ្នាំនៃការរស់នៅ លើទឹកដីអូស្ត្រាលី គ្រួសារលោក កែម ឡី ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សហគមន៍ខ្មែរនៅអូស្ត្រាលីយ៉ាងកក់ក្ដៅ។ ពេលនេះ គ្រួសារលោក កែម ឡី មានកន្លែងរស់នៅបានសមរម្យ កូនប្រុសបួននាក់របស់លោក កែម ឡី បានចូលរៀនសូត្រនៅប្រទេសនេះ ប៉ុន្តែកូនប្រុសពៅលោក កែម ឡី កើតជំងឺម្យ៉ាង ដែលមានអាការៈខុសពីក្មេងដទៃទៀត។
ជីវិតថ្មីនៅលើទឹកដីអូស្ត្រាលី កូនប្រុសបួននាក់របស់លោក បណ្ឌិត កែម ឡី បានចូលរៀនហើយពួកគេអាចជិះឡានក្រុងទៅរៀនដោយខ្លួនឯង ចំណែកកូនប្រុសច្បងលោក កែម ឡី កំពុងរៀនបើកឡានដើម្បីងាយស្រួលធ្វើដំណើរ ប៉ុន្តែគេមិនទាន់គ្រប់អាយុអាចប្រឡងយកប័ណ្ណបើកបរបាននៅឡើយទេ។ រីឯ ភរិយាលោក បណ្ឌិត កែម ឡី នៅផ្ទះមើលថែកូនប្រុស ដែលជាកូនទីប្រាំឈ្មោះ កែម ឡី វីរៈបុត្រ។ សព្វថ្ងៃ វីរៈបុត្រ មានអាយុជាង២ឆ្នាំហើយ។ អ្នកស្រី ប៊ូ រចនា ក៏ឆ្លៀតរៀនបើកបរដែរ នឹងគ្រោងប្រឡងយកប័ណ្ណបើកបរនៅពេលខាងមុខឆាប់នេះ។
អ្នកស្រី ប៊ូ រចនា ឱ្យអាស៊ីសេរីដឹងថា មកដល់ប្រទេសអូស្ត្រាលីអ្វីៗសុទ្ធសឹងតែថ្មីៗចំពោះកូនប្រុសទាំងបួននាក់អ្នកស្រី ដូច្នេះពួកគេប្រឹងប្រែងរៀនសូត្រ ហើយក៏មានគ្រួជួយមកបង្រៀនដល់ផ្ទះផងដែរ។ អ្នកស្រីបន្តថា មានចំណុចខ្លះកូនអ្នកស្រីអាចរៀនសូត្រប្រដំប្រសងគ្នានឹងមិត្ររួមថ្នាក់របស់ពួកគេ ហើយមានចំណុចខ្លះកូនលោកស្រីមានការយល់ដឹងច្រើនជាងក្មេងផ្សេងទៀត។ «»
ប៉ុន្តែទន្ទឹមនឹងក្តីរីករាយព្រោះកូនប្រុសបួនប្រឹងប្រឹងរៀនសូត្រដូចនេះ អ្នកស្រី ប៊ូ រចនា ប្រែទឹកមុខស្រពោននៅពេលនិយាយពីកូនប្រុសពៅវិញម្ដង។ កូនប្រុសពៅរបស់ លោក បណ្ឌិត កែម ឡី ឈ្មោះថា កែម ឡី វីរបុត្រ សព្វថ្ងៃមានអាយុជាង២ឆ្នាំ កំពុងមានជំងឺម្យ៉ាង ដែលហៅថា ជំងឺអូទីសឹម ឬហៅថា មនោវិក័ត ជាជំងឺរវើរវាយនិងភាន់វិញ្ញាណ ធ្វើឱ្យគេមានអាកប្បកិរិយាប្លែកៗ មិនដូចកុមារទូទៅ។
អ្នកស្រី ប៊ូ រចនា រៀបរាប់ទាំងក្ដុកក្ដួលថា គ្រួពេទ្យនៅក្នុងប្រទេសអូស្ត្រាលីបានបញ្ជាក់ថា កូនប្រុសពៅមានជំងឺនៅពេលអ្នកស្រីនាំកូនទៅរកពេទ្យ ក្រោយពេលអ្នកស្រីសង្កេតឃើញថា គេមិនអាចនិយាយ និងមានមានសញ្ញាឆ្លើយតបមិនត្រឹមត្រូវក្នុងពេលទំនាក់ទំនងជាមួយមនុស្សទូទៅ។ «»
ជំងឺអូទីសឹម (Autism) ជាប្រភេទពិការភាពម្យ៉ាងកើតមាននៅលើកុមារ។ ជំងឺនេះអាចកើតនៅលើកុមារចាប់តាំងពីក្នុងអំឡុងពេលចាប់កំណើតក្នុងផ្ទៃម្ដាយ ឬហៅថាអំឡុងពេលមានផ្ទៃពោះ អំឡុងពេលផ្ដល់កំណើត ហើយក៏អាចកើតចំពោះកុមារនៅចន្លោះអាយុពី ០ខែ ដល់៥ឆ្នាំដែរ។
ជំងឺនេះ អាចបណ្ដាលពីតំណពូជ ឬបញ្ហាផ្សេងៗក្នុងពេលចាប់កំណើត ក្នុងចំណោមនោះ ក៏មានបញ្ហាដោយសារម្ដាយកើតទុក្ខធ្ងន់ធ្ងរពេកដែរ។ កាលពីលោក បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលនោះអ្នកស្រី ប៊ូ រចនា កំពុងពពោះ កុមារ កែម ឡី វីរបុត្រ ក្នុងផ្ទៃ។ កាលនោះអ្នកស្រី ប៊ូ រចនា ដែលមានផ្ទៃពោះប៉ុនកញ្ជើអង្គុយយំអោបសព្វស្វាមីស្ទើររាល់ថ្ងៃ ដែលបញ្ហានេះ ទំនងជាអាចជះឥទ្ធិពលមិនល្អដល់ វីរបុត្រ នៅក្នុងផ្ទៃម្ដាយ ដែលអាចទទួលដឹងឮទុក្ខសោក ការឈឺចាប់ទាំងឡាយដែលម្ដាយជួបប្រទះ។ ក្រៅពីនេះ នៅពេលសពលោក បណ្ឌិត កែម ឡី តម្កល់នៅវត្តចាស់ អ្នកស្រី ក៏មិនសូវហូបចុក និងសម្រាកគ្រប់គ្រាន់នោះដែរ ហើយថែមទាំងរងទុក្ខបុកម្នេញពីអាជ្ញាធរក្រុងភ្នំពេញមួយចំនួនដែលតែងតែមករំខាន និងទាមទារឱ្យអ្នកស្រីឆាប់បញ្ចប់ពិធីបុណ្យ ឬត្រូវប្រញាប់ដឹកសពលោកបណ្ឌិត កែម ឡី ទៅធ្វើបុណ្យនៅខេត្តវិញ។
កែម ឡី វីរបុត្រ កើតនៅថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៦ គឺប្រមាណជិត៣ខែក្រោយឃាតកបាញ់សម្លាប់ឪពុក។ បើទោះជាយ៉ាងណាអ្នកស្រី ប៊ូ រចនា ថា វីរបុត្រ មានសញ្ញាគ្រាន់បើខ្លះក្រោយការព្យាបាល និងការណែនាំរបស់គ្រូពេទ្យ។
សហគមន៍ខ្មែរនៅអូស្ត្រាលីនៅតែយកចិត្តទុកលើកការរស់នៅរបស់គ្រួសារលោកបណ្ឌិត កែម ឡី អ្វីដែលពួកគេធ្វើមិនមែនជាការចាត់តាំង ប៉ុន្តែជាការស្ម័គ្រចិត្តដើម្បីតបស្នងទៅនឹងការលះបង់ដ៏ធំធេងរបស់លោកបណ្ឌិត កែម ឡី។ ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ពលរដ្ឋខ្មែរនៅអូស្ត្រាលីម្នាក់ លោកស្រី ម៉ាលី ណា ឱ្យដឹងថា លោកស្រីតែងឆ្លៀតពេលជូនភរិយាលោក កែម ឡី ទៅផ្សារទិញម្ហូប ឬជូនទៅធ្វើដំណើរនៅកន្លែងណាមួយ។ លោកស្រីបន្តថា ពេលខ្លះលោកស្រីក៏ជជែកផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក។ លោកស្រី ម៉ាលី ណា ស្នើទៅពលរដ្ឋខ្មែរទាំងជួយបន្តគាំទ្រ និងតាមជួយលើកទឹកចិត្តដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។ «»
មេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល (Springvale) រដ្ឋវ៉ិកតូរីយ៉ា និងជាប្រធានសមាគមខ្មែរមួយ នៅអូស្ត្រាលី លោក ជា យូហន ឱ្យអាស៊ីសេរី ដឹងថា ពលរដ្ឋខ្មែរអូស្ត្រាលីនៅតែមានទឹកចិត្ត ចំណាយពេលវេលា ឧបករណ៍សម្ភារៈ តាមជួយថែរក្សាគ្រួសារលោក កែម ឡី។ ចំណែក កូនលោក កែម ឡី លោក ជា យូហន ឱ្យដឹងដែរ ពួកគេជាក្មេងល្អនិងឧស្សាហ៍ព្យាយាមចូលរួមក្នុងកិច្ចការសង្គមដែរ ដូចជាធ្វើអនាម័យនៅទីធ្លាសាធារណៈជាដើម។
ទាក់ទងការចំណាយលើការរស់នៅប្រចាំថ្ងៃ លោក ជា យូហន ឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានជួយថវិកាផ្នែកសង្គមកិច្ចចាប់តាំងពីគ្រួសារលោក កែម ឡី មកដល់អូស្ត្រាលីម្ល៉េះ ហើយអ្នកស្រី ប៊ូ រចនា ក៏សល់ថវិកាខ្លះពីបុណ្យលោក កែម ឡី ផងដែរ។ «»
រីឯ ពិធីបុណ្យខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី សហគមន៍ខ្មែរនៅអូស្ត្រាលីគ្រោងធ្វើនៅថ្ងៃទី២១ ខែកក្កដា និងអំពាវនាវដល់ពលរដ្ឋនៅអូស្ត្រាលី និងពលរដ្ឋគ្រប់ទិសទីប្រារព្ធពិធី និងចូលរួមឱ្យបានច្រើនកុះករ។ តាមគម្រោងកម្មវិធីបុណ្យរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នេះគណៈកម្មការបុណ្យ ចង់ឱ្យមានការរម្លឹកឡើងវិញនូវអ្វីដែលសាធារណជនបានចងចាំពីព្រឹត្តិការណ៍ នៅថ្ងៃដែលលោកបណ្ឌិត ត្រូវឃាតកបាញ់សម្លាប់។ ពលរដ្ឋដែលគោរពស្រឡាញ់ លោក បណ្ឌិត កែម ឡី អាចចូលរួមយុទ្ធនាការរម្លឹកឡើងវិញពីការចងចាំព្រឹត្តិការណ៍នេះ ដោយការចែករំលែកនូវរូបភាព វីដេអូ ឬព័ត៌មាននានា ដែលទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦។
ទោះអ្នកស្រី ប៊ូ រចនា បានមកដល់ទឹកដីអូស្ត្រាលីហើយក្តី ប៉ុន្តែអ្នកស្រីមិនបានបំភ្លេចពលរដ្ឋខ្មែរ ឬអ្នកធ្វើការសង្គមនោះទេ។ ថវិកាដែលបានពីពិធីបុណ្យខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា គ្រោងយកថវិកានោះ ផ្តល់ជូនដល់អ្នកធ្វើការងារសង្គម អ្នកការពារសិទ្ធិមនុស្ស អ្នកបរិស្ថាន ដែលមានទិសដៅការងារដូចការងាររបស់លោក បណ្ឌិត កែម ឡី៕ អាស៊ីសេរី
No comments:
Post a Comment