ក្រុមហ៊ុនចិនHuaweiបានចេញមុខ បដិសេធសាជាថ្មី ថា ខ្លួនគ្មានទំនាក់ទំនង ធ្វើការជាមួយកងទ័ពជាតិចិននោះទេ។ ក្រុមហ៊ុនHuaweiចេញមុខ បដិសេធ នៅក្រោយ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានBloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចុះផ្សាយពីគម្រោង និងការសិក្សាជាច្រើន ដែលចងក្រង ធ្វើឡើង ដោយបុគ្គលិកក្រុមហ៊ុន ចិន Huawei រួមសហការជាមួយ អ្នកស្រាវជ្រាវរបស់កងទ័ពជាតិចិន។
ការវិភាគលើឯកសារ ដែលចុះផ្សាយនៅលើអ៊ីនធ័រនែត បានបង្ហាញថា បុគ្គលិកមួយចំនួន របស់ក្រុមហ៊ុន Huaweiបានចាប់ដៃសហការ ជាមួយកងទ័ពជាតិចិន សម្រាប់គម្រោង សិក្សាជាច្រើន ដែលមានតាំងពីកម្មវិធី បញ្ញាសិប្បនិម្មិត វិទ្យុទាក់ទង រហូតដល់ការវិភាគរូបភាពផ្កាយរណប។ នេះបើតាមទីភ្នាក់ងារ Bloomberg ដែលបានចុះផ្សាយព័ត៌មាននេះមុនគេ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៧ មិថុនា។
តាមBloomberg ការសិក្សាដែលគេបានបោះពុម្ពផ្សាយ ជាសាធារណៈ តាំងពីឆ្នាំ ២០០៩មក បានបង្ហាញថា បុគ្គលិករបស់Huaweiបានធ្វើការជាមួយ អ្នកស្រាវជ្រាវ ដែលបម្រើការឲ្យនាយកដ្ឋានផ្សេងៗគ្នារបស់កងទ័ពចិន។ Bloombert បានលើកយកករណីរបស់បុគ្គលិករបស់Huawei ម្នាក់ដែលធ្វើការឲ្យទីស្នាក់ការ នៅទីក្រុងសៀងហៃ ដែលធ្វើការឲ្យអង្គភាព (លេខ៧៨១៥៦) មួយរបស់កងទ័ពចិន សម្រាប់កម្មវិធី ស្តីពីសន្តិសុខព័ត៌មានវិទ្យា។ កម្មវិធីដែលមានការចូលរួមផងដែរ ពីមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់គណៈកម្មការកងទ័ពមជ្ឈឹមបក្ស ដែលមានលោកប្រធានាធិបតីស៊ី ជីនពីង ជាប្រធាន។
ជារួម មានគម្រោងប្រមាណ ១០ ដែលបុគ្គលិករបស់ក្រុមហ៊ុនHuaweiបានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាជាមួយអ្នកស្រាវជ្រាវរបស់កងទ័ពជាតិចិន។
នៅក្រោយការចុះផ្សាយរបស់ទីភ្នាក់ងារ Bloomberg ក្រុមហ៊ុនHuaweiបានចេញមុខ បដិសេធថា ខ្លួនគ្មានបានសហការ ឬធ្វើការជាដៃគូ ជាមួយអង្គភាពណាមួយរបស់កងទ័ពចិននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃនេះ Huawei បានអះអាង ថា ខ្លួនមិនបានដឹងថា មានអត្ថបទវិទ្យាសាស្រ្ត ដែលបុគ្គលិករបស់ខ្លួន ចុះផ្សាយ ក្នុងនាមបុគ្គលនោះទេ។ មួយវិញទៀត ក្រុមហ៊ុនចង់បញ្ជាក់ដែរថា ផលិតរបស់ក្រុមហ៊ុន ដែលកើតចេញមកពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺមិនមែនផលិតឡើង ដើម្បី សម្រប តាមតម្រូវការរបស់កងទ័ពចិននោះឡើយ។
ទំនាក់ទំនងរវាងក្រុមហ៊ុនចិន Huaweiជាមួយកងទ័ពចិន ជាពិសេស នៅពេលស្ថាបនិក ក្រុមហ៊ុនHuawei ធ្លាប់ជាវិស្វករ បម្រើការឲ្យកងទ័ពជាតិចិន ជាមូលហេតុមួយដែលធ្វើឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំ បើកសង្រ្គាមប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ ថ្មីៗនេះ អាមេរិកបានដាក់បញ្ចូលHuawei ក្នុងបញ្ជីខ្មៅ និងបានហាមឃាត់មិនឲ្យ ក្រុមហ៊ុន បច្ចេកវិទ្យាចិន ចែកចាយប្រព័ន្ធ5G នៅទឹកដីអាមេរិក និងនៅអឺរ៉ុប ក្នុងហេតុផលថា Huawei ជាចារកិច្ច យកការណ៍សម្ងាត់ឲ្យកងទ័ពជាតិចិន។ ក្រុមហ៊ុនHuawei កំពុងជួបការលំបាក ក្នុងផលិតកម្មរបស់ខ្លួន បន្ទាប់ ពីអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន តាមរយៈ ការហាមប្រាម ក្រុមហ៊ុនអាមេរិក និងបរទេស ផ្សេងទៀត ឲ្យឈប់លក់គ្រឿងផ្គត់ផ្គង់ និងសេវាទៅឲ្យHuawei តាំងពីខែឧសភា កន្លងមក៕ បារាំង
No comments:
Post a Comment