ក្រុមហ៊ុនជម្រះបញ្ជីប្រកាសថា ហួយវ័ន ផេ របស់លោក ហ៊ុន តូ គ្មានលុយសងជនរងគ្រោះទេ
ហ៊ុំ ចំរើន
ក្រុមហ៊ុនជម្រះបញ្ជីទូទាត់បំណុលឈ្មោះ រីចឆ៍ & ផាតនើរ (Reachs & Partners) ប្រកាសថា ខ្លួនគ្មានសមត្ថភាពដោះស្រាយរឿងលុយរបស់អតិថិជនដែលជាប់គាំងនៅក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងអេច-ផេ (H-Pay) របស់លោក ហ៊ុន តូ ឡើយ។ ក្រុមហ៊ុនជម្រះបញ្ជីក្រោមការចាត់ចែងដោយធនាគារជាតិនេះក៏ជំរុញឱ្យជនរងគ្រោះទាំងអស់ដាក់ពាក្យប្ដឹងទាមទារលុយរបស់ខ្លួនតាមប្រព័ន្ធតុលាការវិញ។ អ្នកឃ្លាំមើលលើកឡើងថា ការជំរុញឱ្យជនរងគ្រោះស្វែងរកយុត្តិធម៌តាមតុលាការនេះគឺជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យជនរងគ្រោះទាំងអស់ចាញ់ប្រៀប លោក ហ៊ុន តូ ដែលមិនអាចបានលុយត្រឡប់មកវិញ។
ក្រុមហ៊ុន រីចឆ៍ & ផាតនើរ (Reachs & Partners) ដែលជាអ្នកជម្រះបញ្ជីក្រៅផ្លូវតុលាការឱ្យក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងអេច-ផេ (H-Pay) បានចេញសេចក្ដីជូនដំណឹងអាសន្នមួយកាលពីយប់ថ្ងៃទី៧ ខែកក្កដាថា ក្រុមហ៊ុនហិរញ្ញវត្ថុមួយនេះបានធ្លាក់ចូលក្នុងស្ថានភាព «អសាធន» ឬគ្មានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលជូនអតិថិជន និងភាគីពាក់ព័ន្ធឡើយ។
ក្រុមហ៊ុនជម្រះបញ្ជីដដែលសង្ស័យថា ក្រុមហ៊ុន ហួយវ័ន ផេ របស់ក្មួយបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអាជីវកម្មខុសច្បាប់ ហួសដែនកំណត់នៃអាជ្ញាប័ណ្ណដែលធនាគារជាតិនៃកម្ពុជាបានផ្ដល់ឱ្យផងដែរ។ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ អះអាងថា ខ្លួនក៏បានបញ្ជូនសំណុំរឿងជនរងគ្រោះប្ដឹងទាមទារលុយពីក្រុមហ៊ុន ហួយ វ័ន ទៅតុលាការដើម្បីបន្តចាត់ការតាមនីតិវិធីរួចរាល់ហើយ និងអំពាវនាវឱ្យជនរងគ្រោះ និងភាគីពាក់ព័ន្ធបន្តតាមដានព័ត៌មានបច្ចុប្បន្នភាពបន្ថែមពីខាងតុលាការបន្តទៀត។
ក្រុមហ៊ុនជម្រះបញ្ជីនេះ ក៏បានព្រមានដល់បុគ្គលទាំងឡាយណា ដែលបន្តធ្វើប្រតិបត្តិការទូទាត់លុយតាមធនាគារដែលគ្មានអាជ្ញាប័ណ្ណ ឬគ្មានការអនុញ្ញាត នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មច្បាប់ និងការផាកពិន័យជាធរមាន។
ធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) កាលពីឆ្នាំ២០២៤ ដោយរកឃើញថា ក្រុមហ៊ុននេះខុសច្បាប់។ ទោះជាយ៉ាងណា ធនាគារជាតិហាក់ព្យាយាមបិទបាំងព័ត៌មានអំពីការដកអាជ្ញាប័ណ្ណនេះរហូតសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុន ហួយវ័ន ផេ កាលពីចុងឆ្នាំ២០២៥ ទើបធនាគារជាតិចេញសេចក្ដីប្រកាសជាសាធារណៈ។ ស្របគ្នានោះ ក្រុមហ៊ុន ហួយ វ័ន ផេ របស់លោក ហ៊ុន តូ ក៏បានបង្កកលុយអតិថិជនរហូតមកសព្វថ្ងៃ។
ក្រុមហ៊ុន ហួយវ័ន ផេ ជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Pay) មានកម្មវិធីទូទាត់លុយតាមអនឡាញ និងកម្មវិធីលើទូរស័ព្ទដៃដែល លោក ហ៊ុន តូ ត្រូវជាក្មួយបង្កើតលោក ហ៊ុន សែន ជាសហប្រធានមួយរូប។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មក្រុមហ៊ុននេះដោយរកឃើញថា បានលាងលុយកខ្វក់ឱ្យក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង និងក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញក្នុងទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក។
អតិថិជនភាគច្រើនគឺជាជនជាតិចិន វៀតណាម និងខ្មែរបានបើកគណនីសម្រាប់ទូទាត់លុយតាមកម្មវិធីហួយវ័ន ដោយអ្នកខ្លះមានលុយក្នុងគណនីខ្ទង់លានដុល្លារត្រូវបានក្រុមហ៊ុនបង្កក។ ជនរងគ្រោះរាប់រយនាក់កំពុងបន្តប្រមូលផ្តុំគ្នាតវ៉ាទាមទារលុយរបស់ខ្លួនមកវិញ និងបានដាក់ញត្តិទៅធនាគារជាតិនៃកម្ពុជា ក្រសួងយុត្តិធម៌ និងស្ថានទូតចិន។ ប៉ុន្តែជនរងគ្រោះបញ្ជាក់ថា ស្ថាប័នរដ្ឋទាំងនោះគ្មានទំនួលខុសត្រូវ និងមិនបានអើពើជួយដោះស្រាយជូនពួកគាត់ឡើយ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល និងស្ថាប័នជំនាញដល់ពេលនេះមិនអើពើជួយដោះស្រាយដល់ជនរងគ្រោះនោះ ឆ្លុះបញ្ចាំងពីទង្វើកាងការពារកេរ្តិ៍ឈ្មោះបុគ្គល និងក្រុមហ៊ុនទុច្ចរិតរបស់អ្នកមានអំណាច។ លោកសង្កត់ធ្ងន់ថា ការជំរុញរបស់ធនាគារជាតិ និងក្រុមហ៊ុនជម្រះបញ្ជីក្រោមការចាត់ចែងរបស់ខ្លួនដែលជំរុញឱ្យជនរងគ្រោះដាក់ប្ដឹងតាមប្រព័ន្ធតុលាការលើក្រុមហ៊ុនដែលមានទាំងលុយ និងអំណាចនេះ គឺជាយុទ្ធសាស្ត្រធ្វើឱ្យជនរងគ្រោះចាញ់ប្រៀប និងកាន់តែអស់សង្ឃឹមក្នុងការទទួលបានលុយត្រឡប់មកវិញ។
លោក សេង វណ្ណលី៖ «ជារួមប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធយុត្តិធម៌កម្ពុជាបច្ចុប្បន្ន កំពុងបង្ហាញឱ្យឃើញនូវភាគទន់ជ្រាយ និងលម្អៀង ដោយចាត់ទុកជនល្មើសពិតប្រាកដចោល ហើយអ្នកទទួលខុសត្រូវខ្ពស់បំផុតឱ្យរួចផុតពីសំណាញ់ច្បាប់ដោយនិទ្ទណ្ឌភាព ដោយសារតែពួកគេជាសាច់ញាតិ ឬក៏អ្នកមានអំណាចខ្ពង់ខ្ពស់ ខណៈដែលប្រជាពលរដ្ឋស្លូតត្រង់ដែលបាត់បង់ទាំងទ្រព្យសម្បត្តិ បែរជាត្រូវប្រឈមមុខទៅនឹងការបាត់បង់សេរីភាព និងរងការគំរាមកំហែងទៅវិញ។ វាបែបនេះនឹងកាន់តែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុជាតិ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅលើឆាកអន្តរជាតិទាំងមូល»។
កាលពីថ្ងៃទី៦ ខែកក្កដាថ្មីៗនេះ ក្រុមជនរងគ្រោះភាគច្រើនជនជាតិចិនជាច្រើននាក់បាននាំគ្នាផ្ដិតមេដៃ និងធ្វើលិខិតចំហមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីឱ្យចេញមុខជួយអន្តរាគមន៍។ ក្នុងលិខិតចំហដែលទូរទស្សន៍អាស៊ីសេរីទទួលបានបង្ហាញថា ក្រុមជនរងគ្រោះបានទាមទារឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ការពារសិទ្ធិ ទ្រព្យសម្បត្តិពួកគេ និងពន្លឿននីតិវិធីជម្រះបញ្ជីទូទាត់លុយសងដល់ជនរងគ្រោះ។ បន្ថែមពីនេះ ក្រុមអតិថិជនរងគ្រោះបញ្ជាក់ថា ពួកគាត់មិនមែនជាអ្នកពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញឡើយ ដោយគ្រាន់តែបើកគណនី និងដាក់លុយធម្មតាក្នុងកម្មវិធីហួយវ័ន ផេ សម្រាប់ទូទាត់ថ្លៃចំណាយប្រចាំថ្ងៃ និងសម្រាប់អាជីវកម្មដែលស្របច្បាប់តែប៉ុណ្ណោះ ៕
No comments:
Post a Comment