សន្និសីទអន្តរជាតិនៅថ្ងៃសៅរ៍ ទី២ ខែមិថុនា ក្នុងទីក្រុងប៉ារីសនេះ នឹងមានការចូលរួមពីសមាជិកព្រឹទ្ធសភាបារាំងលោក អង់ដ្រេ កាតូលីន តំណាងសិទ្ធិមនុស្សអន្តរជាតិ និងអ្នកស្រាវជ្រាវ។
វ៉ាស៊ីនតោន៖ កាលពីឆ្នាំ១៩៤៩ អាណានិគមបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យរដ្ឋាភិបាលវៀតណាមគ្រប់គ្រងហើយនៅឆ្នាំនេះគឺរយៈពេល៦៩ឆ្នាំក្រោយមកទើបសហគមន៍ខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសមានឱកាសជាលើកដំបូងរៀបចំខួបនៃការបាត់បង់នេះនៅវិមានព្រឹទ្ធសភារបស់ប្រទេសបារាំង។
សន្និសីទអន្តរជាតិដែលមានរយៈពេលមួយថ្ងៃនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២ ខែមិថុនា ក្នុងទីក្រុងប៉ារីសដើម្បីពិនិត្យមើលស្ថានភាពនយោបាយនិងសេដ្ឋកិច្ចនៃពលរដ្ឋខ្មែរកម្ពុជាក្រោមហើយមានការចូលរួមពីសមាជិកព្រឹទ្ធសភាបារាំងលោក អង់ដ្រេ កាតូលីន តំណាងសិទ្ធិមនុស្សអន្តរជាតិ និងអ្នកស្រាវជ្រាវ។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកយល់ថា នេះជាសារដ៏សំខាន់មួយទៀតក្នុងការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ លោកបញ្ជាក់ប្រាប់ VOA ថា៖
«ទីមួយធ្វើឱ្យទឹកចិត្តបងប្អូនខ្មែរក្រោមនៅទូទាំងពិភពលោកជាពិសេសនៅដែនដីសណ្តទន្លេមេគង្គមានការខំប្រឹងតស៊ូរស់នៅដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួនតទៅមុខទៀតកុំឱ្យអស់សង្ឃឹម។ ទីពីរធ្វើឱ្យមតិអន្តរជាតិដែលបានមកចូលរួមគេបានដឹងការពិតច្រើនទៀតហើយជួយផ្សព្វផ្សាយដល់អង្គការអន្តរជាតិនិងអ្នកតំណាងប្រទេសនីមួយៗគេយកចិត្តទុកដាក់នឹងយើង។ ទីបីចង់បង្ហាញថាសហព័ន្ធខ្មែរកម្ពុជាក្រោមយើងបានបោះជំហានយ៉ាងវែងមួយទៀតលើកនេះចូលដល់កម្រិតមួយទៀតគឺយើងបានធ្វើដំណើរចូលដល់ប្រទេសបារាំងហើយនិយាយការពិតឱ្យបារាំងបានដឹងរឿងយើង»។
ពលរដ្ឋខ្មែរកម្ពុជាក្រោមរងគ្រោះជាច្រើនក្នុងនោះពីប្រព័ន្ធតុលាការដែលមិនយុត្តិធម៌និងពុករលួយនៅពេលដែលមានទំនាស់ដីធ្លីហើយអាជ្ញាធរបានប្រើប្រាស់អំណាចរឹតត្បិតលើសលុបលើព្រះសង្ឃ សេរីភាពសាសនា ការបញ្ចេញមតិនិងសិទ្ធិស្វ័យសម្រេចមិនទទួលបានពេញលេញទេ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធខ្មែរកម្ពុជាក្រោម។
លោក ប្រាក់ សេរីវុឌ្ឍ បានបន្ថែមថា សូម្បីតែការធ្វើបុណ្យនិងអក្សរសាស្រ្តខ្មែរក៏រងការបំភាន់ខុសរូបភាពដើមដែរ។
«នៅក្នុងពិធីបុណ្យខ្មែរគេពាក់ដួនយួននៅក្នុងហ្នុងហើយអក្សរដែលគេសរសេរថាអនុញ្ញាតឱ្យធ្វើបុណ្យគឺសរសេរជាខ្មែរតែរបៀបជាយួន។ សរសេរមើលមកយើងមិនដឹងថាជាខ្មែរគឺគេក្រឡៃអក្សរសាស្រ្ត។ រីឯខ្មែរដែលរៀនសូត្រតិចតួចគឺគេមិនឱ្យរៀនប្រវត្តិសាស្រ្តអីទេគឺឱ្យដឹងតែពីហូជីមិញ»។
នៅក្នុងចំណោមវាគ្មិនសំខាន់ៗមានលោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោកស្រីរ៉ូស្ហាន សេតណាតា អ្នកដឹកនាំខ្សែភាពយន្តនិងបានថតពីសកម្មភាពពលរដ្ឋខ្មែរក្រោម និងលោកហ្វីលីព ថៃល័រ អ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធសៀវភៅ The Khmer Lands of Vietnam: Environment, Cosmology and Sovereignty (2014) (ដីខ្មែរនៃប្រទេសវៀតណាម៖ បរិស្ថាន លោកធាតុវិទ្យា និងអធិបតេយ្យភាព)។
លោក ហ្វីលីព ថៃល័រ (Philip Taylor) បានសរសេរនៅក្នុងសៀវភៅរបស់លោកថា ពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើការងារភាគច្រើនដែលមិនទទួលបានប្រាក់កម្រៃច្រើនទេនិងមិនសូវមានជំនាញដែលភាគច្រើននៅក្នុងវិស័យកសិកម្ម។ លោកបានបន្ថែមថា ពួកគេមិនមានតំណាងច្រើននៅក្នុងឆាកនយោបាយទេហើយតែងតែមានការព្រួយបារម្ភនឹងការបាត់បង់វប្បធម៌ជាតិ។
លោក ហ្វីលីព ថៃល័រ បានបន្ថែមថា៖
«ពលរដ្ឋខ្មែរ (កម្ពុជាក្រោម) ចាត់ទុកថា រដ្ឋាភិបាល(វៀតណាម)នាពេលបច្ចុប្បន្នមាននិន្នាការប្រឆាំងមិនឱ្យពលរដ្ឋខ្មែរមានចំណេះដឹង មានជំនឿក្នុងខ្លួន និងរីកចម្រើននៅក្រោមការគ្រប់គ្រងរបស់ខ្លួនទេ។ រីឯរដ្ឋាភិបាលកម្ពុជាវិញក៏ពួកគេមើលឃើញថាស្រដៀងនឹងរដ្ឋាភិបាលវៀតណាមដែរគឺមិនសូវគាំទ្រផលប្រយោជន៍របស់ខ្មែរកម្ពុជាក្រោមទេ»។
លោកស្រី រ៉ូស្ហាន សេតណាតា (Roshane Saidnattar) បានធ្វើដំណើរទៅតំបន់ខ្មែរកម្ពុជាក្រោមក្នុងឆ្នាំ១៩៩៤ដែលធ្វើឱ្យលោកស្រីបានឃើញដោយផ្ទាល់ភ្នែកនូវការលំបាករបស់ពលរដ្ឋនៅទីនោះ។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖
«ពួកស្រីៗនិយាយប្រាប់ខ្ញុំផ្ទាល់ថាពួកគាត់អត់ហ៊ាននិយាយភាសាខ្មែរទេព្រោះអាជ្ញាធរវៀតណាមហាមហើយថាកាលណានិយាយភាសាខ្មែរគឺខួរក្បាលខ្មែរហើយ។ ដូច្នេះត្រូវនិយាយវៀតណាមរាល់ថ្ងៃឱ្យខួរក្បាលទៅជាវៀតណាម។ គាត់ថានៅពេលណាដែលខ្ញុំចេញទៅវិញគឺខ្ញុំបានសុខហើយប៉ុន្តែពួកគាត់នឹងត្រូវគេចាប់ដាក់គុកហើយដូច្នេះកុំនិយាយភាសាខ្មែរដាក់គាត់អី។ ដូច្នេះខ្ញុំឃើញគឺអាណិតមែនទែនសូម្បីភាសាក៏គេហាមដែរ។ មួយទៀតពួកគាត់ខំប្រាប់ខ្ញុំថាពួកគាត់ខ្មែរ គាត់ខំបើកដួនឱ្យខ្ញុំមើល គឺក្នុងដួននោះមានរុំក្រម៉ាខ្មែរ។ គេថាសូម្បីក្រម៉ាក៏ហាមមិនឱ្យពាក់ដែរហើយស្រីៗមិនឱ្យស្លៀកសារ៉ុងទេគឺឱ្យស្លៀកខោដូចស្រីវៀតណាមអីចឹង»។
លោកស្រី រ៉ូស្ហាន បញ្ជាក់ថា ការជួបជាមួយនឹងក្រុមជនជាតិខ្មែរកម្ពុជាក្រោមធ្វើឱ្យលោកស្រីមាន មោទនភាពក្នុងការរក្សាអត្តសញ្ញាណជាជនជាតិខ្មែរកាន់តែខ្លាំង។ លោកស្រីក៏បញ្ជាក់ពីក្តីរំពឹងរបស់អ្នកទាំងនោះថាកត្តានយោបាយនៅប្រទេសកម្ពុជាពិតជាមានឥទ្ធិពលដោយប្រយោលដល់ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម។
«ពួកគាត់ថារំពឹងចង់បានឱ្យខ្មែរយើងរួបរួមគ្នាហើយដល់ឮសូរថាខ្មែរយើងនៅខ្មែរកណ្តាលមានការបាក់បែកគ្នាអត់ត្រូវរ៉ូវគ្នាគឺពួកគាត់អស់សង្ឃឹមរលីងព្រោះក្តីសង្ឃឹមរបស់ពួកគាត់គឺពេលណាខ្មែរបានសុខក្រែងលោជះចំហាយដល់ពួកគាត់ខ្លះ។ ហើយគាត់ថាពួកគាត់រង់ចាំណាស់បីដូចដីបែកក្រហែងរង់ចាំតំណក់ទឹកភ្លៀងអីចឹងហើយទឹកភ្លៀងនោះប្រហែលមិនបានស្រក់មកទេមើលទៅ»។
កាលពីខែសីហាឆ្នាំ២០១៤ ព្រះសង្ឃនិងសមាគមខ្មែរកម្ពុជាក្រោមក៏ធ្លាប់បានធ្វើបាតុកម្មចំនួនបីថ្ងៃនៅពីមុខស្ថានទូតវៀតណាមនៅប្រទេសកម្ពុជាដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាមចេញមុខមកសុំទោសនិងទទួលញត្តិរបស់ខ្លួនបន្ទាប់ពីមានមន្ត្រីស្ថានទូតម្នាក់បាននិយាយថាទឹកដីខ្មែរកម្ពុជាក្រោមជារបស់ប្រទេសវៀតណាមតាំងពីយូរមកហើយមិនមែនបានមកពីការកាត់ទឹកដីដោយបារាំងនោះទេ។
ដែនដីកម្ពុជាក្រោមមានខេត្តចំនួន២១គ្របដណ្តប់លើផ្ទៃដីទំហំ៦៧.៧០០គីឡូម៉ែត្រក្រឡាគឺស្មើនឹងជិតពាក់កណ្តាលនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្នហើយត្រូវលោក Vincent Auriol ប្រធានាធិបតីបារាំងកាត់ទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមនៅថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩។
តួលេខរបស់រដ្ឋាភិបាលវៀតណាមដែលបានចេញកាលពីឆ្នាំ២០០៩បញ្ជាក់ថា ពលរដ្ឋខ្មែរមានចំនួនជិត១,៣លាននាក់ប៉ុន្តែអ្នកស្រាវជ្រាវបស្ចិមប្រទេសប៉ាន់ស្មាននាពេលថ្មីៗនេះថាពលរដ្ឋខ្មែរដែលរស់នៅទីនោះគឺមានចំនួន៧លាននាក់៕ VOA Khmer
រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម។ |
No comments:
Post a Comment