មេដឹកនាំអាស៊ានប្រឈមនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងជំនួបនៅម៉ានិល ដោយម៉ែន គឹមសេង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មេដឹកនាំអាស៊ានប្រឈមនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងជំនួបនៅម៉ានិល ដោយម៉ែន គឹមសេង

មេដឹកនាំអាស៊ានប្រឈមនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងជំនួបនៅម៉ានិល ដោយម៉ែន គឹមសេង

Share This

មេដឹកនាំអាស៊ានប្រឈមនឹងបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងជំនួបនៅម៉ានិល ដោយម៉ែន គឹមសេង

រដ្ឋធានីវ៉ាស៊ីនតោន៖ ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍសេដ្ឋកិច្ចគឺជាបញ្ហាដ៏ធំចំនួនពីរហើយមានលក្ខណៈប្រទាក់ក្រឡាគ្នាដែលកំពុងប្រឈមមុខមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅពេលដែលមេដឹកនាំទាំង១០ជួបប្រជុំគ្នាក្នុងរយៈពេលពីរសប្តាហ៍ទៀតនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននិងប្រារព្ធខួបលើកទី៥០ឆ្នាំនៃការបង្កើតសមាគមថ្នាក់តំបន់នេះ។

ប្រទេសជាសមាជិកអាស៊ានចំនួន៥ដែលមានប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម មានជម្លោះដែនទឹកជាមួយនឹងប្រទេសចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដោយសារតែប្រទេសចិនទាមទារយកដែនទឹកនិងកោះចំនួន៩០ភាគរយ។ ប្រទេសកម្ពុជាដែលជាសមាជិកមួយរបស់អាស៊ានគាំទ្រប្រទេសចិនហើយបានបដិសេធរាល់ការប៉ុនប៉ងណាមួយដែលពង្រីកជម្លោះនេះដោយប្រកាន់យកតាមគោលការណ៍ឯកភាពគ្នានៅលើជម្លោះនេះ។

ក្នុងពេលជាមួយគ្នានោះដែរសមាជិកទាំងអស់ដែលរួមមានប្រទេសភូមា ឡាវ ថៃនិងសិង្ហបុរី បានប្រើប្រាស់គោលការណ៍ឯកភាពគ្នានេះដើម្បីអភិវឌ្ឍតំបន់នេះឱ្យទទួលបានជោគជ័យដ៏ធំធេងនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចទំនើប។ នេះបើតាមការលើកឡើងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ អាស៊ានក៏មានសេដ្ឋកិច្ចធំលំដាប់ទីបីនៅក្នុងទ្វីបអាស៊ី ដោយមានផលទុនសរុបក្នុងស្រុកចំនួនជាង២,៦លានលានដុល្លារនិងការរីកលូតលាស់ប្រចាំឆ្នាំចន្លោះពី៤ទៅ៥ភាគរយ។

ជំនួបនៅក្នុងទីក្រុងម៉ានីលកើតមានឡើងមួយឆ្នាំក្រោយពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានដែល «មានទស្សនៈវិស័យឱ្យមានទីផ្សារតែមួយនិងផ្អែកលើផលិតកម្ម... ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចស្មើៗគ្នានិងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចពិភពលោកដោយមានច្បាប់វិនិយោគនិងពាណិជ្ជកម្មស៊ីសង្វាក់គ្នាហើយអាស៊ានដែលជាអង្គការមួយផ្អែកលើច្បាប់និងពង្រឹងខ្លួនឱ្យក្លាយទៅជាគោលដៅដែលមានលក្ខណៈទាក់ទាញសម្រាប់ការវិនិយោគ‍»។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការរបស់សមាគមអាស៊ាន។

លោកឈាង វណ្ណារិទ្ធអ្នកស្រាវជ្រាវនៃវិទ្យាស្ថានIseas-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានបញ្ជាក់ថា៖ «យើងឃើញថាការប្រកួតប្រជែងអំណាចធ្វើឱ្យបណ្តាប្រទេសអាស៊ានមួយចំនួនគឺបាត់បង់នូវលំនឹងភាពរបស់ខ្លួនហើយប្រសិនបើអាមេរិកនិងចិននៅតែបន្តការប្រកួតប្រជែងអំណាចនៅក្នុងតំបន់ទេវាអាចធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាពរបស់អាស៊ាន‍»។
សាមគ្គីភាពនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិអាស៊ាន។ នេះបើតាមការអះអាងរបស់លោកឈាង វណ្ណារិទ្ធ។

លោកបានបន្ថែមថា៖ «យើងមើលឃើញថាការធ្វើសមាហរណកម្មសេដ្ឋកិច្ចមានលក្ខណៈស៊ីជម្រៅជាពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោយពីការបញ្ចប់នូវសង្គ្រាមត្រជាក់។ នៅដើមទសវត្សរ៍ទី៩០រហូតមកដល់បច្ចុប្បន្ននេះយើងឃើញថាសមាហរណកម្មសេដ្ឋកិច្ចមានលក្ខណៈស៊ីជម្រៅនិងរស់រវើកហើយទៅថ្ងៃអនាគតការពឹងពាក់គ្នាខាងសេដ្ឋកិច្ចគឺជាកត្តាមួយដ៏សំខាន់ដើម្បី សម្រេចបាននូវសហគមន៍អាស៊ាន‍»។

ដែនសមុទ្រដែលមានជម្លោះ៖ ការតានតឹងក្នុងសមុទ្រចិនខាងត្បូងបានកើនឡើងចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលប្រទេសចិនបង្កើនវត្តមាននៅលើដែនសមុទ្រដែលមានទំហំ ៣,៥លានគីឡូម៉ែត្រក្រឡាដែលសំបូរទៅដោយធនធានមច្ឆានិងប្រេង។ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់សមាជិកអាស៊ានដែលមានដូចជាប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាមនិងហ្វីលីពីនត្រួតគ្នាលើតំបន់ដែលប្រទេសចិនទាមទារ។

ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងគឺលាតសន្ធឹងហួសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសនីមួយៗដែលតាមច្បាប់អន្តរជាតិកំណត់ថាមិនឱ្យលើសពីចម្ងាយ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រទេ។
រយៈពេលបួនឆ្នាំក្រោយពីប្រទេសចិនបានចូលកាន់កាប់ប្រជុំកោះតូចៗមួយ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេបានចេញសាលក្រមក្នុងឆ្នាំ២០១៦ សម្រេចគាំទ្រប្រទេសហ្វីលីពីន ដោយបញ្ជាក់ថាប្រទេសចិនមិនមានមូលដ្ឋានច្បាប់អ្វីគាំទ្រដល់ការទាមទារសិទ្ធិជាប្រវត្តិសាស្រ្តរបស់ខ្លួននៅលើផ្នែកជាច្រើននៃដែនទឹកមានជម្លោះគ្នានោះទេ។ ប្រធានាធិបតីចិនស៊ី ជិនពីងបានច្រានចោលសេចក្តីសម្រេចនោះ។

លោកស្រីបូន្នី ក្លាសេ អ្នកឯកទេសខាងផ្នែកកិច្ចការចិននិងអាស៊ីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថាបញ្ហានេះនឹងស្ថិតនៅក្នុងតំបន់នេះជាច្រើនឆ្នាំ ជាពិសេសក្នុងការចរចាឱ្យមានក្រមប្រតិបត្តិដែនសមុទ្រដ៏មានប្រសិទ្ធភាពមួយ។

ការចរចាអស់រយៈពេលជាច្រើនឆ្នាំសម្រេចបានតែក្របខណ្ឌនៃក្រមប្រតិបត្តិដែលមិនតម្រូវឱ្យត្រូវតែគោរពតាមដែលប្រទេសសមាជិកបានអនុម័តកាលពីខែសីហា។ សហរដ្ឋអាមេរិក អូស្ត្រាលីនិងជប៉ុនចង់ឱ្យវាមាន«អំណាចផ្លូវច្បាប់ មានអត្ថន័យត្រឹមត្រូវ មានប្រសិទ្ធភាព និងស្របគ្នាជាមួយច្បាប់អន្តរជាតិ‍»។

លោកស្រីបូន្នី ក្លាសេបានប្រាប់ដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាមួយកាលពីពាក់កណ្តាលខែតុលាថា៖
«ដូច្នេះនេះជាការបង្ហាញយ៉ាងច្បាស់ថាការចរចានេះនឹងមិនជឿនលឿនទៅមុខលឿនជាងអ្វីដែលចិនចង់បានទេហើយខ្ញុំគិតថាសមាជិកគ្រប់ប្រទេសហាក់ដូចជាយល់ស្របតាមហ្នឹង‍»។

លោកជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថាការចូលពាក់ព័ន្ធពីមហាអំណាចដែលមិនមែនជាសមាជិកអាស៊ាននឹងមិនឈានទៅដល់ការឈ្មោះប្រកែកគ្នានៅក្នុងចំណោមប្រទេសជាសមាជិកទេ។ «អាស៊ាននៅតែសាមគ្គីគ្នាអីចឹងពីព្រោះសិទ្ធិនៃការសម្រេចទៅលើបញ្ហាជម្លោះនានាដែលមានរវាងប្រទេសក្នុងសមាគមអាស៊ានជាមួយនឹងប្រទេសណាមួយមិនអាចមានអ្នកដទៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាបានទេ។ គេត្រូវតែដោះស្រាយតាមទ្វេភាគីនៃប្រទេសដែលមានជម្លោះ‍»។

ចំណែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបន្ថែមដែរថា
អាស៊ានឈរលើគោលការណ៍ «ជោគវាសនាដូចគ្នាតែមួយ‍» ដោយមិនយកអ្នកណាមួយជាសត្រូវទេគឺយើងឈរលើគោលការណ៍ “impartial” ដោយមិនកាន់ជើងខាងណា៖ «នេះជាការលើកទឹកចិត្តឱ្យនៅតែជជែកគ្នាដោយសារអាស៊ានយកគោលការណ៍សំខាន់ដែលមិនអាចមើលរំលងបានគឺសន្តិភាព រួមគ្នាដោះស្រាយរកមធ្យោបាយមិនកាន់ជើងខាងណាឱ្យបាន បង្កើតជាវេទិកាពិភាក្សាឱ្យបានច្រើនហើយមានដំណោះស្រាយជាបន្តបន្ទាប់។ នេះមានសារៈសំខាន់ណាស់‍»។

កិច្ចសហការសេដ្ឋកិច្ច៖ ក្រៅពីប្រទេសចិន នៅមានតួអង្គដែលមិនមែនជាសមាជិកអាស៊ានមួយទៀតគឺសហរដ្ឋអាមេរិក។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹងប្រារព្ធខួបលើកទី៤០នៃចំណងទាក់ទងជាមួយនឹងតំបន់អាស៊ាន។ លោកមែត ម៉ាធ្យូ ឧបការីរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកនិងជាឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការ​ APEC នៃការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានបញ្ជាក់ថាក្នុងរយៈពេលចុងក្រោយនេះសហរដ្ឋអាមេរិកបានផ្តោតខ្លាំងលើបញ្ហាចំនួនបួនធំៗគឺពាណិជ្ជកម្ម គោលនយោបាយ ឋាមពល និងការបង្កើតថ្មី។

លោកមែត ម៉ាធ្យូបានព្យាករណ៍ថាការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នឹងកាន់តែស៊ីជម្រៅទៀត៖ លោកម៉ាធ្យូបានប្រាប់ដល់វេទិកាមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងកិច្ចការអន្តរជាតិកាលពីពាក់កណ្តាលខែតុលាថា៖ «រួមគ្នាជាមួយនឹងដំណើរទៅចូលរួមប្រជុំរបស់លោកប្រធានាធិបតីនៅខែវិច្ឆិកា យើងនឹងអាចធានាដល់មេដឹកនាំទាំងនោះថាយើងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងនាមជាមហាអំណាចនៅអាស៊ីប៉ាស៊ីហ្វិកដោយមិនទៅណាទេ‍»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិកពីថ្ងៃទី១១ដល់១២ខែវិច្ឆិកានៅប្រទេសវៀតណាមនិងធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៥០ឆ្នាំនៃការបង្កើតសមាគមអាស៊ាននិងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនិងអាស៊ាននៅថ្ងៃទី១២និង១៣ខែវិច្ឆិកា។ សេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាននានានៅសប្តាហ៍នេះឱ្យដឹងថាលោកប្រធានាធិបតីត្រាំនឹងមិនស្នាក់នៅប្រទេសហ្វីលីពីនរហូតដល់ថ្ងៃទី១៤ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់បណ្តាប្រទេសអាស៊ីបូព៌ាទេ។

លោកអាស៊ុក មឺពូរីឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីប្រចាំសហរដ្ឋអាមេរិកបានថ្លែងទទួលស្គាល់ពីការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកលើតំបន់អាស៊ានក្នុងពេលដែលមហាអំណាចមួយនេះកំពុងមានចំណាប់អារម្មណ៍នឹងភាពតានតឹងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក។

លោកមឺពូរីបានបន្ថែមថា៖ «ខ្ញុំគិតថានៅពេលណាដែលរដ្ឋបាលនេះមើលឃើញសារៈសំខាន់នៃតំបន់នេះ ខ្ញុំគិតថារដ្ឋបាលនេះនឹងចាប់ផ្តើមយល់ថាហេតុអ្វីបានជាសរសរស្តម្ភនៃសន្តិសុខនិងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា។ សហរដ្ឋអាមេរិកមិនអាចផ្តោតតែលើសរសរស្តម្ភនៃសន្តិសុខដោយគ្មានការផ្តោតលើជ្រុងនៃសេដ្ឋកិច្ចទេ។ ខ្ញុំគិតថានេះគឺជាអ្វីដែលយើងសង្ឃឹមថាអាចនឹងមើលឃើញក្នុងពេលអនាគត‍»។

យោងតាមតួលេខរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងអាស៊ាន គឺទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងអាស៊ានមានចំនួន២៧៣ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៥អាស៊ានបាននាំទំនិញចូលក្នុងសហរដ្ឋអាមេរិកលើសចំនួន៧៧ពាន់លានដុល្លារក្នុងខណៈដែលសហរដ្ឋអាមេរិកផ្តល់ផ្នែកសេវាកម្មដល់អាស៊ានលើសបានចំនួន៨ពាន់លានដុល្លារ។
លោកម៉ាក មៀលី អនុប្រធានផ្នែកគោលនយោបាយនៃក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងអាស៊ានបានថ្លែងថា៖ «ឥឡូវនេះយើងចាប់ផ្តើមមើលឃើញការវិនិយោគពីបរទេសកាន់តែច្រើនចូលមកក្នុងសហរដ្ឋអាមេរិកគឺមកពីតំបន់អាស៊ាន។ យើងរំពឹងថាក្នុងរយៈពេល៤០ឆ្នាំខាងមុខនិន្នាការនេះនឹងនៅបន្ត....វានឹងក្លាយជាសញ្ញាសម្គាល់យ៉ាងពិតប្រាកដនៃផលប្រយោជន៍មកដល់សហរដ្ឋអាមេរិកសម្រាប់ខួបលើកទី៤០នៃទំនាក់ទំនងការទូតជាមួយនឹងអាស៊ាន‍»។

សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងដំណាក់កាលដំបូង៖ ប៉ុន្តែលោកមៀលីបានប្រាប់វីអូអេតាមទូរស័ព្ទថាសហគមន៍សេដ្ឋកិច្ចអាស៊ានគឺស្ថិតនៅក្នុងកម្រិតនៃ «គំនិតផ្តួចផ្តើមមូលដ្ឋាននៅឡើយទេ‍» ហើយមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រសើរឡើងខាងនីតិវិធីគយ ការដឹកជញ្ជូន ពាណិជ្ជកម្មលើផលិតផលកសិកម្ម ស្បៀងអាហារនិងទំនិញ។

លោកមៀលីបានស្នើឡើងថាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅមានឱកាសសិក្សារៀនសូត្រពីកំហុសឆ្គងដែលអង្គការតំបន់នានាបានប្រព្រឹត្តក្នុងពេលកន្លងមកក្នុងនោះមានដូចជាកំហុសឆ្គងរបស់សហគមន៍អឺរ៉ុបដែលផ្តល់ផលប្រយោជន៍ច្រើនតែទៅលើប្រទេសសមាជិកដែលមានការអភិវឌ្ឍច្រើន។ លោកបន្ថែមថា៖ «ផលប្រយោជន៍នៃការធ្វើសមាហរណកម្មតំបន់សេដ្ឋកិច្ចកាន់តែធំត្រូវតែហូរចូលដោយផ្ទាល់ទៅឱ្យប្រទេសអាស៊ានដែលមានការអភិវឌ្ឍតិចតួចគឺមិនមែនទៅតែប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍខ្ពស់ទេ‍»។

អាស៊ានគួរតែយកចិត្តទុកដាក់លើប្រទេសដែលមានការអភិវឌ្ឍតិចដូចជាកម្ពុជា ឡាវ និងភូមាដើម្បីឱ្យប្រទេសទាំងនេះចូលរួមពេញលេញនិងទទួលយកផលប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោកម៉ាក មៀលី












ប្រភព ៖ ម៉ែន គឹមសេង

No comments:

Post a Comment